ភ្នំពេញ ៖ មនុស្សប្រុសស្រីជាច្រើននាក់បានរងរបួសធ្ងន់និងស្រាលត្រូវបានបញ្ជូនទៅព្យាបាលរបួសភ្លាមៗ និងរទេះលក់ដូរ ជាច្រើនគ្រឿង រួមនឹងម៉ូតូ៣គ្រឿងបានរងការខូចខាត ខណៈដែលអ្នកខ្លះកំពុងតែជិះម៉ូតូនិងអ្នកខ្លះទៀតកំពុងតែរៀបចំលក់ដូរតាមចិញ្ចើមផ្លូវ។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៥និង៤០នាទីព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៥ នៅត្រង់ចំណុចមុខរោងចក្រមួយកន្លែងតាមផ្លូវបេតុងព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញអ្នកលក់ដូរតាមរទេះ មានអ្នកលក់ភេសជ្ជៈ គុយទាវមីឆាបាយឆា នំបុ័ងសាច់ និងនំបញ្ចុកជាច្រើននាក់បាននាំគ្នាមករៀបចំលក់ដូរនៅមុខរោងចក្រដែលជាកន្លែងកើតហេតុដូចសព្វដង ស្របពេលនោះក៏មានបុរសម្នាក់បានបើករថយន្តម៉ាក mercedes ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា R.PANHAA បើកបរតាមបណ្ដោយផ្លូវបេតុងព្រៃសក្នុងទិសដៅពី កើតទៅលិចក្នុងល្បឿនលឿន ស្រាប់តែងោកមយយភាំង(សម្តីអ្នកបើកបរ) ពេលនោះដឹងខ្លួនមកវិញ ច្រឡំជាន់ហ្គែរ ក៏ជ្រុលទៅបុកម៉ូតូ៣គ្រឿង រួចរថយន្តបន្តទៅបុករទេះលក់ដូររងការខូចខាតអស់ចំនួន៦គ្រឿងទៀត នឹងមានមនុស្សប្រុសស្រីជាច្រើននាក់បានរងរបួសធ្ងន់ស្រាលត្រូវបានរថយន្តសាមុយរបស់មន្ទីរពេទ្យបង្អែកដង្កោដឹកយកទៅព្យាបាលរបួសភ្លាមៗផងដែរ។ បន្ទាប់មកអ្នកបើកបររថយន្តត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច យកទៅធ្វើការសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោបានចុះទៅធ្វើការវាស់វែងយកម៉ូតូនិងរទេះលក់ដូររួមទាំងរថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ