រឿង ជីវិតទាសករនាភូមិភាគពាយព្យ (តចប់)

ចែករំលែក៖

ក្រោយមក មេកងបានផ្លាស់ការងារខ្ញុំឲ្យទៅខាងផ្នែកនេសាទត្រីជាមួយតាព្រិនវិញ។ យើងនៅនេសាទនៅភូមិស្យាក្រោមដែលមានចម្ងាយរហូតដល់ទៅ ៧ គីឡូម៉ែត្រ។ ខ្ញុំត្រូវរកត្រី និងបន្លែមកដាក់ឲ្យខាងកងសិប្បកម្មដែរ។ខ្ញុំត្រូវដើរចេញទៅនេសាទនៅពេលព្រឹក និងត្រឡប់មកកងសិប្បកម្មវិញនៅពេលល្ងាចជារៀងរាល់ថ្ងៃ។ ថ្ងៃមួយ ញ៉ាងតែជាអ្នកនេសាទជាមួយខ្ញុំឈឺ ដូច្នោះខ្ញុំពុំបានចេញទៅនេសាទត្រីទេ។ ថ្ងៃនោះខ្ញុំឃើញពួកមេកង និង កងឈ្លបបានដេញតាមសម្លាប់សមមិត្ត អាម ហៃ ។ កងឈ្លបមានគ្នាប្រាំពីរនាក់ដែលកងឈ្លបម្នាក់ឈ្មោះ ម៉ី មួយ ជាមេកងឈ្លប និងជាមេគុកធំ ០៨ នៅភូមិក្បាលឈើពុកបានតាមសម្លាប់សមមិត្ត អាមហៃ តែម្នាក់ឯង។ អាម ហៃ មិនព្រមឈប់រត់គេចទេ ទើបពួកកងឈ្លបបាញ់សម្លាប់ រួចមេគុក ម៉ីមួយ បានដកពូថៅចេញពីស្នៀតចង្កេះពុះក្បាល អាម ហៃ បន្ថែមទៀតពោរពេញដោយកំហឹង។ បន្ទាប់ពីសម្លាប់រួច កងឈ្លបបានហៅពូៗដែលនៅធ្វើការងារនៅក្នុងកងសិប្បកម្មឲ្យយកសាកសពសមមិត្ត អាម ហៃ ទៅកប់។
ថ្ងៃមួយទៀតក្នុងឆ្នាំដដែលនេះនៅពេលដែលខ្ញុំកំពុងសម្រាកក្រោមដើមក្រសាំង បន្ទាប់ពីរែកត្រីពីភូមិក្រចាប់មកកាន់សហករណ៍វិញ ខ្ញុំបានឃើញឈ្មោះ ចាន់ ដែលជាកងឈ្លបបណ្ដើរស្ត្រីម្នាក់ជាមួយនឹងកូនតូចៗរបស់គាត់ចំនួនពីរនាក់ទៀត នៅត្រង់ចំណុចដើមភូមិធ្លក ត្រង់ស្ពានឆ្លងទៅភូមិក្បាលឈើពុក។ ស្ត្រីនោះបាននិយាយទៅកាន់កងឈ្លបថាមិត្តអូនខ្ញុំសុំសម្រាកមួយភ្លែតមក។
និយាយហើយគាត់បានដាក់កូនចុះពីលើស្មា និងដាក់បង្វេចចុះពីលើក្បាលរួចដាក់គូថអង្គុយបំបៅកូន ស្រាប់តែរំពេចនោះ កងឈ្លបបានយកកាំបិតផ្ទះគោះក្បាលស្ត្រីនោះរហូតហូរឈាមសស្រាក់។ ខ្ញុំឃើញដូច្នោះខឹងខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនដឹងជួយគាត់ដោយវិធីណាទេ។ ខ្ញុំបានត្រឹមតែដកដង្ហើមធំប្រឹងសម្រួលអារម្មណ៍លើកសង្រែកត្រីបន្តរែកត្រឡប់ទៅកងវិញ។
លុះថ្ងៃក្រោយមកទៀត ខ្ញុំបានរែកត្រី និងបន្លែយកមកដាក់ដល់កង រួចទៅបើករបបអាហារប្រចាំថ្ងៃដើម្បីត្រឡប់ទៅភូមិក្រចាប់វិញដូចសព្វដង។ ពេលនោះស្រាប់តែពួកកងឈ្លបចំនួន ៦ នាក់ប្រចាំសហករណ៍មកព័ទ្ធរោងសិប្បកម្ម និងបិទទ្វារជាប់ធ្វើឲ្យខ្ញុំភិតភ័យយ៉ាងខ្លាំងនព្រោះមិនដឹងថាចាប់អ្នកណាទេ។ ខ្ញុំបានឃើញពូម្នាក់ឈ្មោះ វិន បានស្ទុះម្នីម្នាឡើងទាញកាំបិតផ្គាក់កាន់ជាប់នឹងដៃ។ រីឯកងឈ្លបវិញបានបើកទ្វារសម្រុកចូលក្នុងបំណងចាប់គាត់ទាំងរស់។ ពូ វិន មិនញញើតក្នុងការតតាំងជាមួយកងឈ្លបទាំងអស់នោះឡើយ។គាត់បានប្រើកាំបិតផ្គាក់គ្រវីក្រវាត់ដើម្បីការពារខ្លួនរបស់គាត់មិនឲ្យកងឈ្លបចាប់បានឡើយ។ ឃើញដូច្នោះ ពួកកងឈ្លបនិយាយទៅកាន់គាត់ថា ” អាក្បត់ ឯងព្រហើនហ៊ានតដៃជាមួយអង្គការផងឬ? ពូវិន ក៏ស្រែកតបវិញថាអញមិនក្បត់ទេ ពួកអាឯងទេដែលក្បត់ជាតិឯងសម្លាប់ជាតិ និងប្រជាជនដែលស្លូតត្រង់នោះ។ ពូវិន និងកងឈ្លបជេរប្រទេចគ្នាទៅវិញទៅមកយ៉ាងតឹងសរសៃក ស្រាប់តែរំពេចនោះស្នូរកាំភ្លើងបានផ្ទុះឡើង ផូងៗៗ ចំនួន ៣ គ្រាប់។ ឈ្លបម្នាក់ឈ្មោះឆោមគឺជាអ្នកបាញ់ ពូវិន បណ្ដាលឲ្យគាត់ដួលនៅក្នុងរោងហើយឈ្លបឈ្មោះ ញ៉ាណ បានកាប់ពីលើខ្លួនគាត់បន្ថែមទៀត រួចអូសយកទៅចោលប្រហែលជា ២០ ម៉ែត្រពីរោងសិប្បកម្ម។ ខ្ញុំបានមើលឃើញអំពើឃោរឃៅរបស់កងឈ្លបដោយផ្ទាល់នឹងភ្នែក។ ពួកឈ្លបបានហៅប្រជាជននៅក្នុងកងសិប្បកម្មឲ្យចូលប្រជុំ។ ឈ្លបម្នាក់ឈ្មោះ ឆោម បាននិយាយមកកាន់ពួកខ្ញុំថា មើលគំរូឲ្យហើយទៅ នេះហើយអ្នកក្បត់អង្គការវាត្រូវតែទទួលលទ្ធផលអ៊ីចឹង។
ខ្ញុំបានបន្តការងារនេសាទត្រីរហូតដល់ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩។ កងសិប្បកម្មព្រមទាំងកងផ្សេងៗទៀត ត្រូវបានកងទ័ពរំដោះមានខ្មែរ និងវៀតណាមមកគៀងយកទៅទីរួមខេត្តពោធិ៍សាត់ទាំងអស់។ ចំណែកក្រុមនេសាទត្រីដែលរស់នៅក្នុងកងផ្សេងៗពីគ្នាបានរត់មកនៅជុំគ្នា។យើងមានគ្នាសរុបចំនួន ១៨ នាក់។ យើងភិតភ័យខ្លាំងណាស់ខ្លាចកងឈ្លបមកចាប់សម្លាប់ចោលដោយចោទយើងថាយើងចុះចូលជាមួយកងទ័ពរំដោះជាតិ។ យើងបានសម្រេចចិត្តនាំគ្នាគេចចេញពីជំរំទៅដេកនៅក្នុងព្រៃអស់រយៈពេលបីយប់បីថ្ងៃទើបស្វែងរកឃើញផ្លូវចូលទៅកាន់ខេត្តពោធិ៍សាត់វិញ។ ពេលនោះឪពុករបស់ខ្ញុំក៏បានមកជុំជាមួយខ្ញុំដែរ។ ពួកយើងចាប់ផ្ដើមធ្វើដំណើរផ្សងព្រេងនៅពេលយប់ពីភូមិក្រចាប់ មកកាន់ទីរួមខេត្តពោធិ៍សាត់ កាត់តាមភូមិត្រពាំងថ្មមកដល់ភូមិកញ្ជរ រួចឆ្លងស្ទឹងមកតាមភូមិផ្ទះគរ និងព្រៃស្លឹករហូតមកដល់ខាងក្រោយវត្តពោធិ៍។ មិនទាន់ដល់វត្តពោធិ៍ផងស្រាប់តែមានកងទ័ពខ្មែរក្រហមដេញបាញ់យើងពីខាងក្រោយលាន់ឮសូរប្រាវៗ។ សំណាងល្អពេលនោះមានកងទ័ពរំដោះជាតិនៅខាងមុខពួកយើង បានចេញមកជួយ។ ពួកយើងនៅកណ្ដាលនាំគ្នាក្រាបចុះព្រោះខ្លាចត្រូវគ្រាប់កាំភ្លើងដែលកងទ័ពទាំងពីរក្រុមកំពុងតែប្រយុទ្ធគ្នា។ រំពេចនោះកងទ័ពរំដោះបានស្រែកមកកាន់ពួកយើងថា បើប្រជាជនខ្មែរឲ្យលើកដៃឡើង។ ពួកយើងក៏នាំគ្នាលើកដៃឡើងហើយស្រែកតបទៅវិញថា ពួកយើងជាប្រជាជនទេ។ ពេលឮពួកយើងស្រែកហើយកងទ័ពរំដោះជាតិបានរត់សំដៅមករកយើង។ ក្រោយមកខ្ញុំបានជួបជាមួយនឹងឪពុកម្ដាយ បងស្រីព្រមទាំងក្មួយៗ៕ (ចប់ដោយបរិបូរណ៍)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print