ភ្នំពេញ ៖ បុរសម្នាក់ដេីរឆ្លងផ្លូវ ត្រូវរថយន្តមួយគ្រឿងបើកបុកពេញទំហឹង ខ្ទាតទៅបុកដើមឈើនៅកណ្តាលសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៦ ទល់មុខបុរី ឌី មេគង្គរ៉ូយ៉ាល់ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកទំនិញខាងលើមានស្លាកលេខ ភ្នំពេញ 2BN-5836 ដែលមានបិតស្លាកឡូហ្គោរបស់ សហគ្រាស លាង ឡេង បើកបរដោយបុរសម្នាក់ រួមដំណើរដោយព្រូឡានម្នាក់ទៀត ស្ថិតក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ។ លុះមកដល់ចំណុចកើតហេតុ បុរសរងគ្រោះបានដើរឆ្លងផ្លូវ មកពីជួយលក់កាហ្វេអោយគេ ត្រឡប់មកផ្ទះវិញ ស្រាប់តែត្រូវរថយន្តខាងលើ បើកមកបុកបណ្តាលឲ្យខ្ទាតទៅបុកដើមផ្កាក្រដាស លើសួនច្បារពុះចែកទ្រូងផ្លូវ ស្លាប់ភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងបានឃាត់ខ្លួនព្រូឡានម្នាក់ រីឯតៃកុងរថយន្តបានរត់គេចខ្លួនបាត់ ។ សពជនរងគ្រោះមានវ័យជាង៤០ ឆ្នាំ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក និងព្រូឡាន ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ ដោយ៖ សុខាសែនជ័យ