ថ្ងៃនេះ មេទ័ពកម្ពុជា-ថៃ នឹងជួបចរចាគ្នាផ្ទាល់ ជុំវិញករណីទាហានថៃបាញ់លើលេណដ្ឋានបណ្ដាលឱ្យទ័ពខ្មែរស្លាប់ម្នាក់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃនេះ តាមការគ្រោងទុកមេទ័ពជើងគោកកម្ពុជាលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបចរចាគ្នាដោយផ្ទាល់ជាមួយមេទ័ពជើងគោកថៃ ជុំវិញករណីទាហានថៃបាញ់លើលេណដ្ឋានកងទ័ពកម្ពុជា ជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា តាំងពីយូរលង់ណាស់មកដែលបណ្ដាលឱ្យទ័ពខ្មែរម្នាក់ស្លាប់ភ្លាមៗ។

សម្ដេចមហាបវរធិបតី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃព្រហស្បតិ៍ នេះ ដាក់ក្ដីសង្ឃឹមថាជំនួបចរចានេះ នឹងមានលទ្ធផលល្អ ស្ថានការណ៍កងទ័ពនឹងថមថយកម្ដៅ មានទំនាក់ទំនងល្អដូចមុន។

តាមរយៈគណនីហ្វេសប៊ុកផ្លូវការ សម្ដេច ហ៊ុន ម៉ាណែត ដាក់ក្ដីសង្ឃឹមនៅមុនការចរចាដូច្នេះ៖«ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។»

ម្សិលមិញក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថានៅព្រឹកថ្ងៃទី២៨ ខែឧសភា មានហេតុការណ៍ផ្ទុះអាវុធរវាងកងទ័ពថៃ និងកម្ពុជាកើតឡើងនៅនៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ តាមក្រសួងការពារជាតិ គឺ កងទ័ពថៃ ជាអ្នកបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ណាស់មកហើយ បណ្ដាលឲ្យយោធិន សួន រោន បាត់បង់ជីវិត។
បើសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះ បានមានប្រសាសន៍ថា ៖ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។
ម្សិលមុិញ សម្តេចតេជោលើឡើងថា ៖ ដំបូងខ្ញុំសូមសំដែងនូវការសោកស្តាយ និងចូលរួមមរណទុក្ខជាមួយគ្រួសារសពលោកព្រិន្ទបាលឯក សួន រោន ដោយសារការវាយឆ្មក់ពីកងទ័ពឈ្លានពាន។ ព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍមិនគួរមានរឿងបែបនេះកើតឡើងនោះឡើយ ដែលខ្ញុំសូមថ្កោលទោសយ៉ាងហ្មឺងម៉ាត់ចំពោះបុគ្គល ឬអង្គភាពឬថ្នាក់ណាក៏ដោយ ដែលបានសម្រេចចិត្តឲ្យធ្វើសកម្មភាពឈ្លានពានបែបនេះ ដែលវាប្រហាក់ប្រហែលជាមួយការឈ្លានពានកាលពីឆ្នាំ២០០៨ ដល់២០១១ នៅប្រាសាទព្រះវិហារ។

សម្តេចបន្តថា ៖ ខ្ញុំមិនចង់ឃើញការប្រយុទ្ធណាមួយកើតឡើងនោះទេ តែខ្ញុំគាំទ្រដល់ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបញ្ជូនកងទ័ពនិងអាវុធធុនធ្ងន់ ទៅកាន់ព្រំដែនដើម្បីត្រៀមវាយបកការពារ ខ្លួនក្នុងករណីមានការឈ្លានពានបន្តទៀត។ ខ្ញុំសង្ឃឹមថាកាចរចាដែលនឹងត្រូវធ្វើ នៅថ្ងែស្អែករវាងមេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងទទួលបានផលល្អ។ ខ្ញុំសង្ឃឹមថានិងមិនមានភាពតានតឹងទូទាំងបណ្តោយព្រំដែន រវាងប្រទេសទាំងពីរ រហូតដល់រាំងស្ទះដល់កិច្ចសហការលើវិស័យផ្សេងទៀត ដែលជាផលប្រយោជន៍នៃប្រទេសទាំងពីរនោះឡើយ។

ខ្ញុំសូមអំពាវនាវបងប្អូនជនរួមជាតិ សូមមេត្តាកុំពង្រីកនូវជម្លោះនេះឲ្យទៅជាការស្អប់ខ្ពើមជាតិសាសន៍ និងសូមជឿជាក់លើការដោះស្រាយរបស់រាជរដ្ឋាភិបាលនិងកងទ័ពនៃប្រទេសទាំងពីរ។ យើងស្អប់សង្រ្គាមតែយើងបង្ខំចិត្តត្រូវធ្វើសង្រ្គាមដើម្បីប្រឆាំងការឈ្លានពានរបស់បរទេស ដូចដែលបានធ្វើកាលពីឆ្នាំ២០០៨ដល់២០១១ ដែលប្រើមុខព្រួញ៣គឺ យោធា ការទូត និងផ្លូវច្បាប់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print