ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្រសួងព័ត៌មាន ក៏បានពិនិត្យនិងវិភាគស៊ីជម្រៅដល់ចំនួនមន្ត្រីរាជការដែលនឹងចូលនិវត្តន៍ រយៈពេល ១០ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៣ ដើម្បីរៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍធនធានមនុស្សរួមទាំងផែនការពង្រាយមន្ត្រីឱ្យចំគោលដៅ ក៏ដូចជាបំពេញបន្ថែមនូវមន្ត្រីបច្ចេកទេសតាមតម្រូវការជាក់ស្តែងនៅតាមអង្គភាពនីមួយៗ។
ការលើកឡើងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្នុងឱកាសដែលលោក បានអញ្ជើញចូលរួមបើកសិក្ខាសាលា «ពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន» ក្រោមអធិបតីភាពលោក ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
លោក នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនោះក្រសួងសង្កេតឃើញថានៅក្នុងអំឡុងពេល១០ឆ្នាំទៅមុខ ក្រសួងព័ត៌មាន នឹងមានមន្ត្រីរាជការចូលនិវត្តន៍សរុបចំនួនរហូតដល់ ៥០៧នាក់ (ថ្នាក់ជាតិចំនួន ៣៥០នាក់ និងថ្នាក់ក្រោមជាតិចំនួន ១៥៧នាក់) ដែលជាកត្តាប្រឈមផ្នែកធនធានមនុស្សក្នុងការបំពេញការងារជូនដល់ស្ថាប័ន ជាពិសេសធនធានមនុស្សដែលកំពុងអនុវត្តការងារបច្ចេកទេស។ ដូចនេះ ដើម្បីធានានិរន្តរភាពការងារ ក្រសួងព័ត៌មាន បានធ្វើការត្រួតពិនិត្យឡើងវិញនូវស្ថានភាព និងតម្រូវការក្នុងការអភិវឌ្ឍន៍សមត្ថភាពជំនាញ និងតម្រូវការក្នុងការបណ្តុះ បណ្តាលជំនាញវិជ្ជាជីវៈសម្រាប់មន្ត្រីរាជការស៊ីវិលពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨ ព្រមទាំងបានកំណត់នូវមុខជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ពាក់ព័ន្ធនឹងវិស័យមុខងារសាធារណៈ និងវិស័យព័ត៌មានចំនួន២៤ មុខវិជ្ជា និងគ្រោងផ្តល់ការបណ្តុះបណ្តាលជូនដល់មន្ត្រីរាជការចំនួន ១,៩៤២រូប។
បន្ថែមពីនេះ លោក រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្នុងក្របខណ្ឌនេះ ក្រសួងព័ត៌មានបានរៀបចំនិងដាក់ឱ្យអនុវត្តផែនការកសាង និងអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៥-២០២៨ ដែលមានវិសាលភាពសម្រាប់អនុវត្តចំពោះមន្ត្រីរាជការក្រសួងព័ត៌មាន ដោយផ្តោតលើ ការបណ្តុះបណ្តាលកម្រិតជំនាញវិជ្ជាជីវៈ និងអភិវឌ្ឍន៍សមត្ថភាពមន្ត្រីជាប្រចាំ។
លោក នេត្រ ភក្ត្រា បានបន្តថា ក្រសួងព័ត៌មានបានដើរតួនាទីយ៉ាងសកម្មក្នុងការអនុវត្តនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលដោយបានតម្រង់ទិសការងាររបស់ខ្លួនលើការគ្រប់គ្រង និងអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពកិច្ចការព័ត៌មាន និងសោតទស្សន៍ ការផ្សព្វផ្សាយតាមគ្រប់រូបភាព កិច្ចការរដ្ឋបាលទូទៅ និងការផ្តល់សេវាគាំទ្រលើកកម្ពស់វិស័យព័ត៌មានថ្នាក់ក្រោមជាតិ។
ជាមួយទិសដៅនេះ ក្រសួងព័ត៌មាន រៀបចំនិងដាក់ឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៥ និងបានកំណត់សូចនាករសំខាន់ចំនួន ៧រួមមាន៖
ទី១៖ ការផ្លាស់ប្តូរប្រព័ន្ធផ្សាយពីអាណាឡូកទៅឌីជីថល ដោយស្រប តាមការប្តេជ្ញាចិត្តរួមរបស់អាស៊ាន។ ការជំរុញប្រព័ន្ធ ផ្សាយតាមឌីជីថល និងលើកកម្ពស់នូវសិទ្ធិទទួលព័ត៌មានរបស់ប្រជាពលរដ្ឋផងដែរ។
ទី២៖ ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្សព្វផ្សាយ និងពង្រីកវិសាលភាពនៃប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងលឿន រហ័សទាន់សភាពការណ៍។
ទី៣៖ ការលើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនប្រសិទ្ធភាព និងគុណភាពនៃការផ្សព្វផ្សាយដោយផ្តោតលើការគាំទ្រផ្នែក ច្បាប់ និងការកសាង និងអភិវឌ្ឍសមត្ថភាព។
ទី៤៖ ការរៀបចំបទដ្ឋានគតិយុត្តនិងការពង្រឹងការអនុវត្តច្បាប់ និងការពង្រឹងបទដ្ឋានបច្ចេកទេសសម្រាប់លើកកម្ពស់ការផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល។
ទី៥៖ ការកសាង និងអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់មន្ត្រី និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោទស្សន៍ ដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន។
ទី៦៖ ការផលិតមាតិកា និងខ្លឹមសារ ដើម្បីកសាងទំនុកចិត្ត និងទាក់ទាញការគាំទ្រពីសាធារណជន។
ទី៧៖ ការធានាបាននូវសន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មាន សម្រាប់ប្រជា ពលរដ្ឋប្រើប្រាស់ដោយបង្ការ ទប់ស្កាត់ និងលុបបំបាត់ដំណឹងក្លែងក្លាយ ព័ត៌មានបំភាន់និងព័ត៌មានបំភ្លៃបំផ្លើស ព័ត៌មានមិនពិត ដោយផ្តល់ព័ត៌មានពិត ត្រឹមត្រូវ និងលឿនរហ័សជូនដល់ ពលរដ្ឋតាមគ្រប់មធ្យោបាយផ្សព្វផ្សាយ។ ទន្ទឹមនឹងនេះដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងបរិបទនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម និងដើម្បីលើកកម្ពស់ ប្រសិទ្ធផលស្ថាប័ន ក្រសួងព័ត៌មានបានកំណត់នូវទិសដៅជាអាទិភាពជាយុទ្ធសាស្ត្រសម្រាប់បន្តជំរុញការដ្ឋាន កំណែទម្រង់ ដោយឈរលើគោលការណ៍មូលដ្ឋានគ្រឹះទាំង៥ នៃភាពជាអ្នកដឹកនាំ ប្រសិទ្ធភាពស្ថាប័ននិង គុណភាពការងារ មូលធនមនុស្ស ពង្រឹងការអនុវត្តច្បាប់ និងកិច្ចសហប្រតិបត្តិការការទូតព័ត៌មាន រួមជាមួយនឹងគុណតម្លៃនៃការប្រតិបត្តិ ដើម្បីធានានូវស្តង់ដារប្រតិបត្តិប្រកបដោយភាពស្មោះត្រង់ ជឿជាក់ ការផ្តល់តម្លៃ និងសីលធម៌ក្នុងការងារ (សុចរិតភាព) ការប្រើប្រាស់ចំណេះដឹង និងគំនិតច្នៃប្រឌិតឱ្យអស់លទ្ធភាពនៅក្នុងការវិភាគ ការចូលរួម និងការធ្វើសេចក្តីសម្រេចចិត្ត (ឧត្តមភាព) ការលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ដើម្បីធ្វើការសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព និងការចែករំលែកបទពិសោធនិងចំណេះដឹង (ការចូលរួម) ការលើកកម្ពស់ការទទួល ខុសត្រូវនៅចំពោះសកម្មភាពនិងការសម្រេចចិត្ត (គណនេយ្យភាព) និងការបើកចំហព័ត៌មានជាសាធារណៈ (តម្លាភាព)៕
ដោយ ៖ សិលា