ខេត្តឧត្តរមានជ័យ ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងនាយឧត្តមសេនីយ៍ ប៉ាណា ក្លេវផ្លតធូក មេបញ្ជាការកងទ័ពជើងគោកថៃ ត្រៀមជួបចរចាគ្នានៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ នៅច្រកទ្វារអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ៖ ខ្ញុំមិនចង់ឃើញមានការប្រយុទ្ធគ្នារវាងកងទ័ពនិងកងទ័ពដែលមិនផ្ដល់ផលចំណេញអ្វីសម្រាប់ប្រទេស និងប្រជាជនយើងទាំងពីរនោះទេ ជាពិសេសកងទ័ពដែលត្រូវប្រយុទ្ធគ្នាផ្ទាល់នៅសមរភូមិមុខ។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកថា ៖ ក្នុងន័យនេះ ខ្ញុំសង្ឃឹមថាជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកថៃនៅល្ងាចនេះ នឹងទទួលបានលទ្ធផលវិជ្ជមាន ក្នុងការរក្សាស្ថានភាពស្ងប់ស្ងាត់ និងការប្រាស្រ័យទាក់ទងគ្នាល្អរវាងកងទ័ពជួរមុខរបស់យើងទាំងពីរដូចដែលបានធ្វើកន្លងមក។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ចំពោះការចល័តកម្លាំង និងអាវុធទៅព្រំដែន គឺជាការអនុវត្តផែនការបម្រុងរបស់កងទ័ពក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា ដែលត្រូវត្រៀមជាស្រេចក្នុងករណីចាំបាច់ជាយថាហេតុណាមួយដែលអាចកើតឡើង។
សូមជម្រាបជូនថា ៖ នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅថ្ងៃទី២៨ ខែឧសភា បានលើកឡើងថា កម្ពុជា និងថៃ យល់ពីស្ថានការណ៍ហើយ និងធ្វើការជាមួយគ្នា ដើម្បីដោះស្រាយជម្លោះឱ្យបានឆាប់រហ័ស។ បើតាមលោកស្រី ផែថងថាន ភាគីថៃ មិនចង់ឃើញជម្លោះរីកធំឡើយ។
ក្រោយមានការផ្ទុះអាវុធរយៈពេលខ្លីនៅតំបន់ព្រំដែនរវាងថៃ និងកម្ពុជា មេដឹកនាំប្រទេសជិតខាងទាំង២ នៅថ្ងៃទី២៨ ខែឧសភា បានសន្ទនាតាមទូរសព្ទ ដើម្បីទប់ស្កាត់ជម្លោះកុំឱ្យរីកធំ។ បើតាមលោកស្រី ផែថងថាន ប្រទេសទាំងពីរ បានយល់ពីស្ថានការណ៍ និងកំពុងធ្វើការរួមគ្នា ដើម្បីដោះស្រាយស្ថានការណ៍ឱ្យបានឆាប់បំផុត។
តាមការចុះផ្សាយរបស់សារព័ត៌មាន The Nation លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្តីថៃ បានអះអាងថា៖ «យើងមិនចង់ឱ្យជម្លោះរីកធំឡើយ»។
នៅពេលសួរថា តើលោក ថាក់ស៊ីន អាចជួយអន្តរាគមន៍បានទេ? លោកស្រីនាយករដ្ឋមន្ត្រីថៃ ផែថងថាន បានឆ្លើយថា «ទំនាក់ទំនងរវាងលោកស្រី និងនាយករដ្ឋមន្ត្រីកម្ពុជា [សម្តេច ហ៊ុន ម៉ាណែត] ល្អស្រាប់រួចទៅហើយ» ៕
ដោយ ៖ សិលា