ករណីហិង្សាផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍​ វាយអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ​ ត្រូវ​បានបញ្ចប់​ ប៉ុន្តែអ្នកដឹកជញ្ជូនទំនិញមានដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តរតនគីរី ពាក់ព័ន្ធ​ករណី​ធាក់ប្លន់យកម៉ូតូ

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅរសៀល​ថ្ងៃ​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​បន្ទាប់ពីមានករណីហិង្សាមួយកើតឡើងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចហើយប៉ះពាក្យសម្តីគ្នា រវាងបុរសម្នាក់ បានវាយអ្នកដឹកជញ្ជូនទំនិញតាមអនឡាញម្នាក់ ឈ្មោះ វ៉ាន់ ដាមសុធាវ័ន កាលពីវេលាម៉ោង១០:១០នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់វាលស្រូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកោះហៅភាភីទាំងពីរមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរាលស្បូវ។

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចបានអញ្ជើញភាគីទាំងពីរមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលរាលស្បូវ ដើម្បីសួរនាំជុំវិញករណីហិង្សានេះ។ ភាគីបុរសដែលប្រើហិង្សាគឺមិនបានចូលរួមដោយផ្ទាល់នោះទេដោយឱ្យតំណាងជំនួសបងប្រុសចូលមកដោះស្រាយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ។ ក្រោយពីសួរនាំរួច ភាគីទាំងពីរបានសំណូមពរសមត្ថកិច្ចសុំសម្របសម្រួលបញ្ចប់រឿង មិនមានការប្តឹងផ្តល់គ្នានោះទេ ដោយភាគីបុរសដែលប្រើអំពើហិង្សា យល់ព្រមសងសំណងជំងឺចិត្តចំនួន២លានរៀល ជូនដល់ភាគីអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ ហើយសមត្ថកិច្ចធ្វើការណែនាំអប់ និងធ្វើកិច្ចសន្យាមិនឱ្យមានករណីហិង្សានោះទៀត។ បញ្ជាក់៖​ បុរសដែលប្រើអំពើហិង្សាលើអ្នកដឹកជញ្ជូនទំនិញតាមអនឡាញ គាត់ជាជនស៊ីវិល។

បន្ទាប់ពីដោះស្រាយករណីហិង្សារួចរាល់ នៅថ្ងៃដដែល សមត្ថកិច្ចបានទទួលដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់លោក សាយ គួហាវ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តរតនគីរី ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បញ្ជាឱ្យឃាត់ខ្លួនជនត្រូវចោទឈ្មោះ វ៉ាន់ ដាម សុធាវ័ន (ហៅ កណ្តុរ) ពីបទលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់ប្លន់យកម៉ូតូ) ប្រព្រឹត្តនៅចំណុចភូមិល្អឺន ឃុំតឺន ស្រុកកួនមុំ ខេត្តរតនគីរី កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣។

ជនត្រូវចោទឈ្មោះ វ៉ាន ដាមសុធាវ័ន (ហៅ កណ្តុរ) ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ បានរត់គេចពីខេត្តរតនគីរី មកលាក់ខ្លួននៅរាជធានីភ្នំពេញ ប្រកបមុខរបរ អ្នកដឹកជញ្ជូន ស្នាក់នៅភូមិគោកឃ្លៀង សង្កាត់គោគឃ្លៀង ខណ្ឌសែនសុខ។

...

បច្ចប្បន្នជនត្រូវចោទខាងលើ ត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រគល់ខ្លួនទៅកម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគីរី យកទៅចាត់ការតាមនីតិវិធី៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print