ខេត្ត ក្រចេះ÷លោក សុធា ពិសិដ្ឋព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះបានដឹកនាំកម្លាំងរបស់អយ្យការប្រមាណជា៤,៥នាក់ និងកម្លាំងប្រជាការពារ ចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ មួយកន្លែងឃាត់ខ្លួនមនុស្សជាង១០នាក់និងរឹបអូសបានវត្ថុតាងមួយចំនួនប្រគល់ឲ្យមន្ត្រីនគរបាលស្រុកចិត្របុរី។
បើតាមក្រុមអ្នកលេងល្បែង និយាយតៗគ្នាថា បើសិនជាលោកព្រះរាជអាជ្ញាមិនប្រើកម្លាំងស៊ីវិលចុះបង្រ្កាបទេ ម្ល៉េះសមសូម្បីតែឃាត់ខ្លួនមនុស្សម្នាក់មិនបានផង ព្រោះសមត្ថកិច្ច នៅខេត្តក្រចេះ ទាំងនគរបាល ទាំងប៉េអឹម ត្រូវមេសង្វៀនជល់មាន់ អាប៉ោង យូគី រត់ការតាំងពីថ្នាក់ លើរួចហើយ។
ការបង្ក្រាបសង្វៀនជល់មាន់របស់ស្ថាប័នអយ្យការនេះធ្វើ ឡើងកាលពីរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភ្នំផ្កាយព្រឹក ភូមិដំណាក់សសរ ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា ការចុះបង្ក្រាបទីតាំងសង្វៀន មាន់ខាងលើ គឺដឹកនាំដោយលោកសុធា ពិសិដ្ឋ និងកម្លាំងស៊ីវិលដែលគេដឹងថា ជាកូនចៅជំនិតរបស់លោកស្លៀកពាក់ស៊ីវិល គឺមានអាវុធនិងខ្នោះ ជាច្រើន ទៅចាប់ក្រុមអ្នកជល់មាន់វាយខ្នោះប្រមាណជាង១០ នាក់និងរូបអូសបានម៉ូតូ២៨គ្រឿង,រ៉ឺម៉ក១គ្រឿង,រថយន្តមួយគ្រឿងនិងមាន់ជល់ចំនួន៤ក្បាល។
ក្រោយការចាប់បង្ក្រាបទីតាំងសង្វៀនមាន់ខាងលើកម្លាំងរបស់ស្ថាប័នអយ្យការក៏បានប្រគល់មនុស្សដែលបានឃាត់ខ្លួននិងវត្ថុតាងទៅឲ្យអធិការដ្ឋាននគរបាលស្រុកចិត្តបុរីដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធី។
លោកក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង បានប្រាប់តាមទូរសព្ទ ថា ទីតាំងល្បែងស៊ីសងនេះ ជាទីតាំងដ៏ធំ មានអ្នកលេងល្បែងរហូតដល់ជាង១០០នាក់ ប៉ុន្តែដោយ សារកម្លាំងសមត្ថកិច្ច មានគ្នាតិចទើបឃាត់ខ្លួន អ្នក លេងបានតែជាង១០នាក់។ លោកព្រះរាជអាជ្ញារងបានបន្ថែមទៀតថា នគរបាលស្រុកចិត្របុរី កំពុងកសាងនីតិវិធី ដើម្បីវែកមុខម្ចាស់ទីតាំងនិងអ្នកពាក់ព័ន្ធ ៕