អភិបាលខេត្តបាត់ដំបង លោក សុខ លូ ទទួល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ប្រតិភូស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ខេត្តប៉ៃលិន​ និងខេត្តច័ន្ទបុរី

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បាន​ទទួល​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ប្រតិភូស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងប្រតិភូស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន​ និងប្រតិភូស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ។

ក្នុងជំនួបដែលធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ លោក សុខ លូ មានប្រសាសន៍ឱ្យដឹងថា ប្រទេសកម្ពុជា និងថៃ គឺជាប្រទេសភូមិផងរបងជាមួយគ្នា ជាក់ស្ដែងខេត្តបាត់ដំបងមានព្រំប្រទល់ជាប់នឹងប្រទេសថៃប្រវែងជាង១៤០គីឡូម៉ែត្រ ដូច្នេះការរក្សាមិត្តភាពជាបងប្អូនពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីបង្កលក្ខណៈឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរបានសប្បាយរីករាយ។

លោក សុខ លូ មានប្រសាសន៍បន្ថែមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តបាត់ដំបង និងខេត្តប៉ៃលិនជាមួយខេត្តច័ន្ទបុរីគឺមានភាពល្អប្រសើរ។ទំនាក់ទំនងល្អនេះកើតចេញពីការជួបជជែកពិភាក្សាគ្នា ដូច្នេះការជួបជជែកគ្នាកាន់តែច្រើននឹងធ្វើឱ្យមានភាពស្និទស្នាលកាន់តែខ្លាំង។

ចំណែក លោកឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី​ ថ្លែងឱ្យដឹងថា ស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង គឺមានទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរ។

លោកឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ គូសបញ្ជាក់ថា ភាគីថៃនឹងទទួលបន្ទុករៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលមួយស្ដីពីការបង្រ្កាបអំពើឆបោកតាមអនឡាញដោយមានការចូលរួមនិងចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកម្លាំងនគរបាលខេត្តច័ន្ទបុរី និងកម្លាំងនគរបាលខេត្តបាត់ដំបង។

...

លោកឧត្តមសេនីយ៍ត្រី សង្កត់ធ្ងន់ថា កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរីបានត្រៀមខ្លួនជានិច្ចដើម្បីបម្រើកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋខេត្តបាត់ដំបងដែលទៅទស្សនាកម្សាន្ត ឬទៅពិនិត្យព្យាបាលជំងឺនៅខេត្តច័ន្ទបុរី៕ ដោយ៖ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print