រាជធានីភ្នំពេញ ៖ សពបុរសម្នាក់មានលក្ខណៈហើមស្អុយទៅហើយត្រូវបានគេប្រទះឃើញអណ្តែត ទឹកទន្លេសាបខាងជើងស្ពានជ្រោយចង្វារជិត១០០ ម៉ែត្រ ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨ នឹង១០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ហើយប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីរាយការណ៍បន្តទៅសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យ។
សពបុរសរូបនោះ មិនស្គាល់អត្តសញ្ញាណនៅឡើយ អាយុប្រហែល៣០ឆ្នាំជាង ពាក់អាវដៃវែងពណ៌ខ្មៅនិងខោជើងវែងពណ៌ខ្មៅ សក់ក្បាលខ្លីពណ៌ទង់ដែង មានស្នាមចាក់សាក់អក្សរBRKL និងរូបមុខញញឹមនៅខ្នងប្រអប់ដៃខាងស្ដាំ, មានស្នាមចាក់សាក់រូបក្បាលព្រួញនៅកំភួនដៃខាងស្ដាំ និងសាក់អក្សរMY LOVE FAMILY picl, ភ្លៅខាងស្ដាំមានស្នាមចាក់សាក់រាងពងក្រពើ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋរស់នៅតាមមាត់ទន្លេសាបត្រើយខាងកើតបានប្រទះឃើញមានសាកសពមនុស្សប្រុសម្នាក់ខាងលើ អណ្ដែតទឹកផ្កាប់មុខមកអែបក្បែរមាត់ច្រាំង ក៏បង្កការភ្ញាក់ផ្អើល រួចរាយការណ៍មកសមត្ថកិច្ចដើម្បីទាក់ទងសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យតែម្ដង តាមការត្រួតពិនិត្យសមត្ថកិច្ចជំនាញរកពុំឃើញមានស្លាកស្នាមអ្វើឡើយ ។
បន្ទាប់ពីធ្វើការត្រួតពិនិត្យយ៉ាងល្អិតល្អន់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានថា បុរសរូបនោះស្លាប់ដោយលង់ទឹក។ ចំណែកសពត្រូវបានសមត្ថកិច្ចមូលដ្ឋានបញ្ជូនទៅកាន់ឈាបនដ្ឋានវត្តកប់ស្រូវក្នុងសង្កាត់គោករកាខណ្ឌព្រែកព្នៅដើម្បីបូជាតាមប្រពៃណី៕ដោយ ៖ ភារ៉ា ដង្កោ