គូស្នេហ៍ដែលភរិយាជាកូនជនជាតិដើមភាគតិច ហើយស្វាមីជាជនជាតិខ្មែរកណ្តាល ប្រកាន់ខ្ជាប់រៀបអាពាហ៍ពិពាហ៍ប្រពៃណីដូនតា និងសម័យថ្មី ជាការគោរពដល់ទំនៀមទម្លាប់ទាំងសងខាង

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ទោះបីរស់នៅទីប្រជុំជនកណ្តាលក្រុង ហើយមានជីវភាពធូរធារ តែគូស្នេហ៍ដែលភរិយាជាកូនជនជាតិដើមភាគតិច ហើយស្វាមីជាជនជាតិខ្មែរកណ្តាល នៅប្រកាន់ខ្ជាប់រៀបអាពាហ៍ពិពាហ៍ប្រពៃណីដូនតា និងសម័យថ្មី ជាការគោរពដល់ទំនៀមទម្លាប់ទាំងសងខាង។

ពិធីមង្គលការដែលត្រូវធ្វើឡើងរយៈពេលពីរថ្ងៃ តាមប្រពៃណីជនជាតិដើមភាគតិចព្នង និងប្រពៃណីខ្មែរកណ្តាល កាលពីចុងខែឧសភា ឆ្នាំ២០២៥ ដែលមាន កូនស្រីឈ្មោះ សាមឿន សីហវលក្ខណ៍ កូនប្រុសឈ្មោះ ជា ឡាលីន នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដោយនៅថ្ងៃទីមួយចាស់ ទុំបានរៀបចំពិធីសែនព្រេនថ្វាយភ្លេងគង និងរបាំជន ជាតិ ស្រាពាង ជ្រូក មាន់ និងដង្វាយផ្សេងៗជាច្រើនទៀត។

បងប្រុសជីដូនមួយកូនក្រមុំខាងលើ លោក ណយ ច័ន្ទតារា បានឲ្យដឹងថា ការរៀបចំពិធីមង្គលការរបស់ប្អូនស្រីគាត់ ត្រូវបានរៀបចំជាពីរកម្មវិធី ដើម្បីជាការ គោរពដល់បុព្វបុរសជនជាតិដើមភាគតិចព្នង ដែលបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយ និងការប្រារព្ឋតាមបែបសម័យ ដ្បិតកូនកម្លោះជាអ្នកមកពីខេត្តឧត្តរមានជ័យ។ លោក ច័ន្ទតារា បានបន្តថា ក្នុងនាមជាកូនអ្នកខេត្តមណ្ឌលគិរី និងមានពូជអម្បូរជាជនជាតិដើមភាគតិចព្នង លោក ពិតជាមានសេចក្តីសោមនស្សជាខ្លាំង ដោយបានរៀបចំពិធីបែបប្រពៃណី ក្នុងរង្វង់សមាជិកគ្រួសារ ដែលនេះគឺជាការផ្តល់តម្លៃដល់ប្រពៃណីវប្បធម៌របស់ដូនតា ហើយក៏ជាការបង្ហាញដល់កូនចៅជំនាន់ក្រោយ កុំឲ្យបំភ្លេចចោលអ្វីដែលជាទំនៀមទម្លាប់របស់ខ្លួន។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តមណ្ឌលគិរី លោក សុខ ទីឃាវុឌ្ឍ មានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពជាខ្លាំង ដែលបងប្អូនជនជាតិដើមភាគ តិចទាំងអស់ រស់នៅខេត្តមណ្ឌលគិរី អាចថែរក្សាបាននូវទំនៀមទម្លាប់ពួកគាត់។ ក្នុងនោះដែរចំពោះទំនៀម ទម្លាប់អាពាហ៍ពិពាហ៍ក៏ដូចគ្នា បើទោះជាបងប្អូនជន ជាតិដើមភាគតិចខ្លះ គាត់បានចូលសាសនាផ្សេងពីសាសនាដើមរបស់ខ្លួន និងមានលំហូរវប្បធម៌ដទៃទៀត ចូលមកក៏ដោយ ក៏ពួកគាត់នៅតែថែរក្សា ប្រពៃណីទំនៀមទម្លាប់របស់ពួកគាត់បានច្រើន។

...

លោក សុខ ទីឃាវុឌ្ឍ បន្តថា កន្លងទៅកាលឆ្នាំ២០២៤ មន្ទីរវប្បធម៌បានចងក្រងបោះពុម្ពអំពីទំនៀមទម្លាប់ប្រពៃណីអាពាហ៍ពិពាហ៍របស់បងប្អូនជនជាតិដើមភាគតិចព្នង ដែលពេលនោះ មន្ទីរបានយកករណីសិក្សានៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ដោយបានរៀបចំកម្មវិធីបន្តវេនទៅដល់អ្នកជំនាន់ក្រោយចំនួនប្រាំនាក់ផងដែរ ក្នុងការរៀបចំពិធីអាពាហ៍ពិពាហ៍តាមទម្រង់ដើមរបស់ពួកគាត់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print