៤ខែដើមឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌថយចុះជាង២០០លើក ធៀបនឹងឆ្នាំ២០២៤!

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌចំនួន ៨៨៦លើក។ ចំនួននេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ បានថយចុះចំនួន២៦៦លើក។ ឆ្នាំ២០២៤ សមត្ថកិច្ច បង្ក្រាបបទល្មើសបានចំនួន១.១៥២លើក។

 

ក្នុងចំណោមបទល្មើសដែលបានថយចុះនៅក្នុងរយៈពេល៤ខែដើមឆ្នាំមកនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា បទល្មើសឧក្រិដ្ឋ បានថយចុះ ចំនួន២៩លើក និងបទល្មើសមជ្ឈិមបានថយចុះចំនួន២៣៧លើក។

 

អ្នកនាំពាក្យ បានឱ្យដឹងទៀតថា បទល្មើសថយចុះទាំងនោះ មានជាអាទិ៍ ករណីលួចមានស្ថានទម្ងន់ រំលោភសេពសន្ថវៈ បង្ខាំមនុស្សជំរិតទារប្រាក់ លួច ឆក់ មនុស្សឃាតដោយអចេតនា អំពើហិង្សាក្នុងគ្រួសារ ឆបោក រំលោភលើទំនុកចិត្ត និងប្រើអាវុធខុសច្បាប់ជាដើម។

 

ការបង្ក្រាបបទល្មើសព្រហ្មទណ្ឌប្រកបដោយប្រសិទ្ធភាព ជាទិសដៅ១ ក្នុងចំណោមទិសដៅអាទិភាពចំនួន៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដៅបង្កើនការយកចិត្តទុកដាក់អនុវត្តន៍ចាប់ពីដើមនីតិកាលទី៧មក។

 

ក្រសួងមហាផ្ទៃ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានជំរុញ និងតាមដានជាប់ជាប្រចាំនូវចលនាអនុវត្តន៍គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ដើម្បីធានាផ្ដល់ភាពកក់ក្ដៅជូនប្រជាពលរដ្ឋ៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print