ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ៖ សព្វថ្ងៃនេះរាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់និងគាំទ្រការអភិវឌ្ឍសហគមន៍កសិកម្មទំនើប តាមរយៈការរៀបចំកញ្ចប់ថវិកាមួយចំនួនដើម្បីត្រៀមជូនដល់បណ្ដាសហគមន៍កសិកម្មទំនើប។
ក្នុងឱកាសឡើងថ្លែងក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា លើកទី១ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន ១២ បន្ថែមទៀត និងបានចុះបញ្ជីទទួលស្គាល់ជាផ្លូវការ នៅក្នុងខេត្តចំនួន៧ រួមមាន ៖ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំង ខេត្តត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ ពីលើសហគមន៍កសិកម្មដែលមានស្រាប់សរុបចំនួន ២ ៦០១ សហគមន៍។ ក្នុងនោះផងដែរ សហគមន៍កសិកម្មទាំងនេះមានមុខដំណាំយុទ្ធសាស្រ្ដចំនួន ៤ ដូចជា ស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ដែលគ្របដណ្ដប់លើផ្ទៃដី ១១៤ ០២១ ហិកតា ហើយមានផលិតភាពប្រចាំឆ្នាំចំនួន ១៩,៧៧ លានដុល្លា។
បន្ថែមពីនេះសហគមន៍កសិកម្មទំនើបចំនួន៦ កំពុងតែមានការគាំទ្រពីរាជរដ្ឋាភិបាលជាប្រាក់កម្ចី ការប្រាក់ទាបក្នុងរង្វង់ ៧%/ឆ្នាំ សម្រាប់ការធ្វើជាទុនបង្វិល ក្នុងទឹកប្រាក់ប្រមាណ ១,៩លានដុល្លារ។ លើសពីនោះ រាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ដោយត្រៀមកញ្ចប់ថវិកាពិសេសចំនួន ៣៥ លានដុល្លា បន្ថែមទៀតដើម្បីគាំទ្រដល់ការផ្ដល់កម្ចីទាបជូនសហគមន៍កសិកម្មទំនើបក្នុងរយៈពេល៣ឆ្នាំ គឺឆ្នាំ ២០២៥-២០២៧។
នាឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា រាជរដ្ឋាភិបាលបាននិងកំពុងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅតាមបណ្ដាខេត្តមួយចំនួន និងផ្ដោតលើមុខដំណាំដែលមានសក្ដានុពលខ្ពស់ ដូចជា ស្វាយចន្ទី កៅស៊ូ និង ទុរេន ជាដើម ។
ដោយឡែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តល់អនុសាសន៍រដ្ឋមន្ត្រីកសិកម្មរៀបចំឱ្យមានចលនាប្រឡងប្រណាំងរវាងមន្ត្រីកសិកម្ម ។
សូមបញ្ជាក់ថា ៖ ទាក់ទងនឹងការលើកឡើងរបស់ លោក ច័ន្ទ សុផល អ្នកតំណាងរាស្ត្រខេត្តបាត់ដំបង សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ទៅរដ្ឋមន្ត្រីក្រសួងកសិកម្ម គិតគូឱ្យមានចលនានៃការប្រឡងប្រណាំង រវាងមន្ត្រីកសិកម្ម ដែលទើបតែត្រូវបានជ្រើសរើស។
ក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា លើកទី១ រសៀលថ្ងៃទី៣ ខែមិថុនា នេះ សម្តេចប្រធានសមាជ ចង់ឃើញមន្ត្រីធ្វើការផ្ទាល់ជាមួយកសិករតាមរយៈការប្រឡងប្រណាំង ជាពិសេសមន្ត្រីនៅតាមបណ្តាខេត្ត។
ទោះបីជាយ៉ាងណាក៏ដោយ សម្តេចអះអាងថា សម្តេចមិនអាចបញ្ជារដ្ឋមន្ត្រីកសិកម្មដូចមុនឡើយ ដោយគ្រាន់តែផ្តល់អនុសាសន៍ឱ្យមានការពិចារណាតែប៉ុណ្ណោះ។
សម្ដេចតេជោ បានផ្ដល់អនុសាសន៍ដល់អង្គសមាជចំពោះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទត្រូវមានគោលនយោបាយការប្រឡងប្រណាំងក្រុមមន្ត្រីកសិកម្មពង្រាយតាមខេត្ត។ការប្រឡងប្រណាំងសម្រាប់ថ្នាក់ខេត្តថ្នាក់ជាតិគួរជ្រើសរើសយកជ័យលាភីម្នាក់ៗសម្រាប់ខេត្តនិងថ្នាក់ជាតិ ។
សម្ដេចតេជោ ហ៊ុន សែន រម្លឹកការចុះធ្វើការងារលើវិស័យកសិកម្ម ក្រោយដែលមានពាក្យគេនិយាយថា «សម្ដេចទៅជិតទឹកពេញប្រឡាយ សម្ដេចទៅឆ្ងាយប្រឡាយអត់ទឹក» ៕
ដោយ ៖ សិលា