ប្រធានក្រុម Manchester United លោក Bruno Fernandes បានបដិសេធឱកាសក្នុងការចូលរួមជាមួយក្រុម Al-Hilal របស់ Saudi Pro League ដើម្បីបន្តលេងនៅអង់គ្លេសទៀតគឺដោយសារតែគាត់ចង់លេងបាល់នៅក្នុងក្របខ័ណ្ឌ “កម្រិតខ្ពស់បំផុត”ដែលមានការប្រកួតប្រជែងខ្លាំង។
ខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់បានសារភាពថាគាត់បានពិចារណាលើការសំណើរផ្លាស់ប្តូរនេះដែលរបាយការណ៍ផ្សព្វផ្សាយបាននិយាយថាមានតម្លៃ 4 ដងនៃប្រាក់ខែបច្ចុប្បន្នរបស់គាត់នៅMan United បន្ទាប់ពីត្រូវបានទាក់ទងដោយប្រធានក្លឹប Al-Hilal ។
Fernandes ទីបំផុតបានសម្រេចចិត្តបន្តនៅ United ហើយបាននិយាយថាគាត់ត្រូវបានលើកទឹកចិត្តដោយបំណងប្រាថ្នារបស់គាត់ក្នុងការបន្តលេងនៅលីគកម្រិតកំពូល និងការលើកទឹកចិត្តដោយគ្រួសាររបស់គាត់ ក៏ដូចជាគ្រូបង្វឹក Ruben Amorim របស់ក្លឹប។
Fernandes វ័យ 30 ឆ្នាំស៊ុតបញ្ចូលទីបាន 19 គ្រាប់ និងបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (assists) 19 ដងក្នុងការបង្ហាញខ្លួន 57 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់សម្រាប់ United កាលពីរដូវកាលមុន ដោយបានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ក្លឹបជាលើកទី 4 ។
ទោះបីជាយ៉ាងណាក៏ដោយ វាជារដូវកាលដែលត្រូវបំភ្លេចចោលសម្រាប់ក្រុម ខណៈដែលពួកគេបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី 15 ក្នុងក្របខ័ណ្ឌ Premier League ដែលជាការបញ្ចប់ក្នុងលីគទាបបំផុតរបស់ពួកគេក្នុងរយៈពេលកន្លះសតវត្ស ហើយបានចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League ក្រោមស្នាដៃក្រុម Tottenham Hotspur ។