ថ្ងៃមួយអំឡុងខែកក្កដាឆ្នាំ ២០០៥ ម៉ាក់ ម៉ាក់យាយ និងអ៊ំអ្នកជិតខាងពីរបីនាក់ បាននាំគ្នាអង្គុយនៅមុខទូរទស្សន៍រាងបួនជ្រុងមួយដោយការតាំងចិត្តស្ដាប់យ៉ាងយកចិត្តទុកដាក់ចំពោះកម្មវិធីទូរទស្សន៍ដែលកំពុងតែចាក់ផ្សាយ។ ពេលនោះខ្ញុំមានអាយុត្រឹមតែ ១២ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែខ្ញុំអាចដឹងបានថា កម្មវិធីទូរទស្សន៍កំពុងចាក់ផ្សាយពីការបើកសវនាការកាត់ក្តីលោកតាំង ហ្គិកអ៊ាវ ហៅ ឌុច ដែលជាអតីតប្រធានមន្ទីរស.២១
ឬគុកទួលស្លែងនៅក្នុងរបបខ្មែរក្រហម។
ពេលនោះ ខ្ញុំពិតជាមិនបានចាប់អារម្មណ៍នូវអ្វីដែលចាស់ៗកំពុងនិយាយគ្នាសោះឡើយ ព្រោះខ្ញុំមិនទាំងដឹងផងថា ឌុច គឺជានរណានោះទេ។ វាចំណាយពេលយូរខ្លាំងណាស់ ទំរាំតែការកាត់ក្តីបានចេញជាលទ្ធផល។ ម៉ាក់យាយរបស់ខ្ញុំដែលធ្លាប់តែស្ងប់ស្ងាត់ក៏ស្រាប់តែនិយាយឡើងដោយសំឡេងញ័រទទ្រើតថា÷ មនុស្សអាក្រក់បែបនេះ ទោះជាប់គុកមួយជីវិតក៏មិនសមដែរ បើសិនជាវាមកឈរនៅត្រង់នេះ អញមុខតែវាយវាឲ្យស្លាប់ហើយ។
ឮដូច្នោះម៉ាក់របស់ខ្ញុំតបថា កុំរន្ធត់ចិត្តពេកម៉ែ យ៉ាងណាជាប់គុកមួយជីវិតនេះក៏បានដែរ គាត់នឹងបានចំណាយពេលនៅក្នុងគុកហើយភ្ញាក់រលឹកពីកំហុសរបស់គាត់។
ម៉ាក់យាយរបស់ខ្ញុំកាន់សាសនាព្រះពុទ្ធ។ គាត់ចូលចិត្តធ្វើបុណ្យហើយមានចិត្តល្អខ្លាំងណាស់។ប៉ុន្តែថ្ងៃនេះគាត់បែរជាបង្ហាញពីភាពស្អប់។កំហឹង។និងការគុំគួនទើបខ្ញុំទ្រាំមិនបានក៏សួរគាត់ថា
ម៉ាក់យាយខឹងគាត់ខ្លាំងម្ល៉េះម៉េចបានចង់ឱ្យគាត់ស្លាប់?
ម្ដាយរបស់ខ្ញុំដកដង្ហើមធំមើលមុខខ្ញុំ ហាក់បីដូចជាចង់ពិចារណាថា តើគួរនិយាយប្រាប់ខ្ញុំឬអត់ ? គាត់នៅស្ងៀមមួយសន្ទុះ ទើបនិយាយប្រាប់ខ្ញុំដោយទឹកមុខស្ងួតថា ម៉ាក់ ប៉ា ម៉ាក់យាយ អ៊ំ ពូ មីងរបស់កូនសុទ្ធតែជនរងគ្រោះដែលនៅរស់ពីសម័យប៉ុលពត។
ម៉ាក់របស់ខ្ញុំនិយាយប្រាប់ខ្ញុំយឺតៗ ព្រមទាំងអង្អែលស្មាញ័រទទ្រើតរបស់ម៉ាក់យាយជាការលួងលោម។ ម៉ាក់យាយដោះវ៉ែនតាចេញ ហើយក៏យំតិចៗ ព្រោះគាត់ទប់អារម្មណ៍មិនបាននៅពេលដែលម្តាយរបស់ខ្ញុំនិយាយរំលឹករឿងរ៉ាវទាំងអស់នោះឡើងវិញ។ ខ្ញុំបានសួរទៅម៉ាក់របស់ខ្ញុំ បន្តដោយចង់ដឹងអំពីរឿងរ៉ាវទាំងអស់នោះថា
នៅពេលនោះតើមានរឿងអ្វីកើតឡើងខ្លះម៉ាក់ ?
ម៉ាក់របស់ខ្ញុំតបថា
និយាយទៅ ម៉ាក់មិនដឹងថាកូនអាចយល់ដែរឬទេ បើសិនជាពួកយើងនិយាយពីភាពឈឺចាប់ទាំងនោះ។នតែម៉ាក់ចង់ឲ្យកូនដឹង ហើយធ្វើយ៉ាងណាកុំឲ្យរឿងអកុសលទាំងនោះកើតឡើងសាជាថ្មីម្ដងទៀត។
ម៉ាក់ខ្ញុំដកដង្ហើមធំម្ដងទៀតហាក់ដូចជាកំពុងខំប្រឹងទប់ការឈឺចាប់ដែលគាត់នៅចងចាំនិងភ័យខ្លាច។ គាត់និយាយរៀបរាប់ព្រមទាំងងាកទៅមើលម៉ាក់យាយជារឿយៗ ។ ម៉ាក់បន្តថា
លោកតារបស់កូនគឺជាអ្នកមានចំណេះដឹងម្នាក់ទទួលបានការគោរពពីមនុស្សជាច្រើន។ គាត់ជាគ្រូបង្រៀនដល់ព្រះសង្ឃ។ មនុស្សគ្រប់គ្នា ហៅលោកតាថាតេជគុណ។ ក្រុមគ្រួសាររបស់យើងពីមុនជាគ្រួសារមានមុខមាត់ខ្លាំងណាស់។ ឯម៉ាក់យាយ គឺជាកូនចៅចិនដែលកាលពីដំបូងៗ គាត់មិនទាំងចេះនិយាយភាសាខ្មែរផង។ ពេលខ្មែរក្រហមចូលមកដំបូងខ្មែរក្រហមបានសន្យាថានឹងធ្វើឲ្យប្រទេសកម្ពុជាគ្មានអ្នកមានគ្មានអ្នកក្រមានតែភាពស្មើគ្នា។ ពួកយើងក៏ចង់បានសង្គមបែបនោះដែរ ព្រោះយើងមិនចង់ឲ្យមានការរើសអើងវណ្ណៈ និងអំពើពុករលួយឡើយ។
បន្ទាប់ពីបានសម្រួលអារម្មណ៍ខ្លះ ម៉ាក់យាយស្រាប់តែនិយាយឡើងកាត់សម្តីរបស់ម៉ាក់ខ្ញុំហាក់ចង់ឲ្យខ្ញុំបានដឹងថា ទោះជាកន្លងមកយូរយ៉ាងណាក៏ដោយ ក៏គាត់មិនអាចបំភ្លេចពេលវេលាទាំងនោះបានដែរ។
ម្ដាយចៅឯងត្រូវបានដាក់បញ្ចូលទៅក្នុងកងកុមារ។ ឯយាយនៅធ្វើការជាមួយអ្នកផ្សេងទៀត។ មួយថ្ងៃមួយៗ យាយនៅតែនឹងស្រែធ្វើការដូចជាសត្វដើម្បីឲ្យសម្រេចបានតាមការកំណត់របស់អង្គការ។ ប៉ុន្តែយើងធ្វើយ៉ាងម៉េចក៏មិនគ្រប់ដែរ ការងារពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែច្រើនទៅៗ រកតែពេលដកដង្ហើមមិនបាន។ គ្មានពេលបានមើលកូន មើលចៅ គ្មានអាហារហូបគ្រប់គ្រាន់ ព្រោះសូម្បីតែដំឡូងដែលយើងដាំបានដោយខ្លួនឯងក៏យើងគ្មានសិទ្ធិហូបផង។
ខ្ញុំសួរទៅកាន់ម៉ាក់យាយថា ហេតុអី្វទៅយាយ របស់ដាំខ្លួនឯងសោះម៉េចក៏ហូបមិនបាន ចង់ទុកចោលឱ្យខូចឬយ៉ាងម៉េច ?
ម៉ាក់យាយ÷ មិនបានទេកូនទោះជាអ្វីក៏ដោយក៏ជារបស់អង្គការដែរ។ បើយើងហ៊ានហូប ឬចោលយើងអាចត្រូវចោទថាក្បត់អង្គការនឹងត្រូវយកទៅរៀនសូត្រ។
ខ្ញុំបានបន្តសួរទៅម៉ាក់របស់ខ្ញុំថា ម៉ាក់ធ្លាប់បានឃើញអង្គការឬទេ? អង្គការមិនមែនមនុស្សទេ វាជាទីកន្លែងទេតើ?
ម៉ាក់÷គ្មាននរណាធ្លាប់បានឃើញថាអង្គការជាអ្វីទេ ប៉ុន្តែរាល់ពេលដែលយើងធ្វើទង្វើដែលមិនត្រូវតាមការចង់បានរបស់អង្គការ កងឈ្លបនឹងនិយាយដាក់យើងថា យើងកំពុងតែក្បត់អង្គការហើយលទ្ធផលដែលយើងបានមកវិញពីការមិនធ្វើតាមអង្គការគឺការធ្វើទារុណកម្ម និងសម្លាប់។
ខ្ញុំ÷ ដល់ថ្នាក់ស្លាប់ផង? ខ្ញុំភ្ញាក់ផ្អើលណាស់ពេលឮដូច្នោះ វាពិតជាមិនសមហេតុផលទាល់តែសោះហើយ ដែលជីវិតមនុស្សត្រូវចាត់ទុកដូចជាជីវិតសត្វបែបនេះ។ បើគ្រាន់តែខុសទាស់តិចតួច ក៏គួរតែអភ័យឲ្យគ្នា តើសង្គមនោះគួរឲ្យខ្លាចយ៉ាងណាទៅ ? (នៅមានត)