ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណជា ១៥គ្រួសារ រស់ក្នុងភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ បានលើកគ្នាតវ៉ា ចំពោះរោងសិប្បកម្មរបស់ជនជាតិវៀតណាមមួយកន្លែង យីហោ ថេង យៀង ថាបានរំលោភយកផ្លូវសាធារណៈធ្វើអាជីវកម្មផ្ទាល់ខ្លួន។
ក្រុមប្រជាពលរដ្ឋម្នាក់ក្នុងចំណោមនោះ បានលើកឡើងថា រោងសិប្បកម្មនេះ បានរំលោភយកផ្លូវដែលជាសម្បត្ដិសាធារណៈ ដោយបានសាងសង់ទីតាំងរបស់គេចូលមកចញ្ចើមផ្លូវដែលធ្វើឲ្យពួកគាត់មានការលំបាកក្នុងការធ្វើដំណើរ ព្រោះតែស្ថានភាពផ្លូវតូចចង្អៀត។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ រោងសិប្បកម្មមួយនេះ បានសង់ដំបូល និងរបងរំលោភមកលើផ្លូវសាធារណៈ ដើម្បីយកជាកន្លែងសំរាប់ផ្ទុកសម្ភារៈរបស់របររបស់គេ។
ប្រជាពលរដ្ឋដដែលនោះបានបន្ថែមថា ទីតាំងសិប្បកម្មខាងលើនេះ មិនត្រឹមតែរំលោភបំពាន យកផ្លូវសាធារណៈនោះទេ ថែមទាំងបង្ករភាពរញ៉េរញ៉ៃដល់អ្នកជិតខាងទៀតផង ដោយកម្ទេចកម្ទីឈើសល់ពីការធ្វើ តុ ទ្វា បង្អួច រៀនទេវតា ដែលទីតាំងនោះធ្វើបានហុយជះទៅលើផ្ទះប្រជាពលរដ្ឋដែលនៅជុំវិញនោះ បណ្ដាលឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់។
ចំពោះបញ្ហាទាំងនេះ ក្រុមប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់បានដាក់ពាក្យបណ្ដឹងទៅសង្កាត់ដង្កោជាច្រើនដងហើយ តែហាក់ដូចជាគ្មានចំណាត់ការណាមួយសោះ ដែលធ្វើឲ្យពួកគាត់ដាក់ការសង្ស័យថា អាចមានការឃុបឃិតទទួលបានលាភសក្ការៈពីម្ចាស់ទីតាំងខាងលើ យកអំណាចទឹកប្រាក់បាំងភ្នែកអាជ្ញាធរមើលលែងឃើញ៕
ដោយ៖ វិបុល