រាជធានីភ្នំពេញ៖ ក្រុមហ៊ុន អេស ស៊ី ជី ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយក្នុងតំបន់អាស៊ាន បានបញ្ចេញលទ្ធផលប្រតិបត្តិការរបស់ខ្លួន សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៥ នេះ តាមរយៈសេចក្តីប្រកាសព័ត៌មាន កាលពីដើមសប្តាហ៍នេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រុមហ៊ុន អេស ស៊ី ជី បានបង្ហាញថា ក្រុមហ៊ុនទទួលបានប្រាក់ចំណេញច្រើនជាងមុន ជាពិសេសពីអាជីវកម្មសារធាតុគីមី តាមរយៈការចេញលើទីផ្សារពិភពលោកបានក្នុងតម្លៃខ្ពស់ ហើយក្រុមហ៊ុនកំពុងបន្តជំរុញការវិនិយោគក្នុងតំបន់អាស៊ាន ដូចបានគ្រោងទុក ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែល លោក កាន ត្រាគូនហ៊ូន (Kan Trakulhoon) ប្រធាននិងអគ្គនាយកក្រុមហ៊ុន អេស ស៊ី ជី បាននិយាយថា លទ្ធផលប្រតិបត្តិការ (មុនសវនកម្ម) សម្រាប់ត្រីមាសទី២ ឆ្នាំ២០១៥ បានបង្ហាញថា ចំណូលពីការលក់នៅទូទាំងពិភពលោក គឺមានចំនួន ១៣.៧១៣ ពាន់លានរៀល (ឬ ៣.៤២១ លានដុល្លារអាមេរិក) ដែលមានការកើនឡើង ៤% ធៀបទៅនឹងត្រីមាសមុន ។ ចំណែកប្រាក់ចំណេញក្នុងការីបរិច្ឆេទនេះ គឺស្មើនឹង ១.៦៧២ ពាន់លានរៀល (ឬ ៤១៧ លានដុល្លារអាមេរិក) ដោយមានការកើនឡើង ៦៣% ធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន ។ ទោះបីជាយ៉ាងនេះក្តី អាជីវកម្មលក់ស៊ីម៉ង់ត៍ និងសម្ភារៈសំណង់ និងអាជីវកម្មវេចខ្ចប់ក្នុងប្រទេសខ្លះធ្លាក់ចុះក្នុងត្រីមាសទី២នេះ តែមានសញ្ញាណបង្ហាញថា អាចនឹងមានភាពល្អប្រសើរវិញ នៅក្នុងឆមាសទី២ ។
ផ្អែកលើរបាយការណ៍ គិតត្រឹមថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៥ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន អេស ស៊ី ជី នៅទូទាំងពិភពលោក គឺស្មើនឹងទឹកប្រាក់ ៦០.៣២៤ ពាន់លានរៀល (ឬ ១៤.៨៣០ លានដុល្លារអាមេរិក) ខណៈដែលទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន អេស ស៊ី ជី នៅក្នុងតំបន់អាស៊ាន (លើកលែងប្រទេសថៃ) មានចំនួន ១១.៥៦១ ពាន់លានរៀល (ឬ ២.៨៤១ លានដុល្លារអាមេរិក) ស្មើនឹង ១៩% នៃទ្រព្យសកម្មប្រមូលផ្តុំសរុប ។
ដោយឡែកនៅក្នុងប្រទេសកម្ពុជាវិញ ក្នុងត្រីមាសទី២ ឆ្នាំ២០១៥ នេះ ក្រុមហ៊ុន អេស ស៊ី ជី មានទ្រព្យសកម្មសរុប ស្មើនឹង ១.១៧៣ ពាន់លានរៀល (ឬ ២៨៨ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ៣២% ធៀបនឹងឆ្នាំមុន ។ ហើយចំណូលពីការលក់នៅកម្ពុជា គឺស្មើនឹងចំនួនទឹកប្រាក់ ១៣៥ ពាន់លានរៀល (ឬ ៣៤ លានដុល្លារអាមេរិក) ដែលជាការកើនឡើង ១២% ធៀបនឹងឆ្នាំមុន ដោយសារការរីកចំរើននៃអាជីវកម្មស៊ីម៉ងត៍ បេតុងលាយស្រេច និងសេវាភ័ស្តុភារ ។
ការវិវដ្តចុងក្រោយនៃការសាងសង់ខ្សែសង្វាក់ផលិតកម្មទីពីរ សម្រាប់រោងចក្រស៊ីម៉ង់ត៍កំពតវិញ ការសាងសង់រៀបនឹងបញ្ចប់រួចរាល់ ហើយប្រតិបត្តិការអាជីវកម្មត្រូវបានគេគ្រោងថានឹងចាប់ផ្តើម ក្នុងត្រីមាសទី៣ ឆ្នាំ២០១៥ នេះ ។
លោក ត្រាគូនហ៊ូន បានបន្ថែមទៀតថា “សម្រាប់ទីផ្សារក្នុងតំបន់អាស៊ាន អេស ស៊ី ជី បានរកឃើញថា នៅក្នុងត្រីមាសទីពីរនេះ តម្រូវការស៊ីម៉ង់ត៍បានបន្តកើនឡើង ជាពិសេសនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងកម្ពុជា ដែលមានតម្រូវការកើនឡើង ១៩% និង ១២% រៀងគ្នា បើធៀបនឹងឆ្នាំមុន ព្រោះស៊ីម៉ង់ត៍របស់ក្រុមហ៊ុនអេស
ស៊ី ជី គឺជាជម្រើសដ៏ពេញនិយម និងត្រូវបានទទួលស្គាល់គុណភាពពីសំណាក់អតិថិជនជាច្រើន។ ហើយការវិនិយោគរបស់ក្រុមហ៊ុន អេស ស៊ី ជី នៅក្នុងតំបន់អាស៊ាន នឹងបន្តជំរុញទៅមុខតាមការគ្រោងទុក ខណៈដែលប្រតិបត្ដិការនៃរោងចក្រក្នុងប្រទេសឥណ្ឌូនេស៊ី ក៏នឹងចាប់ផ្ដើមនៅចុងឆ្នាំនេះដែរ ៕