ខេត្តសៀមរាប៖ បុគ្គលិកផ្ទះសំណាក់យីហោ Arboretum TUM Guest House ប្រមាណជាជិត២០នាក់ នាំគ្នាតវ៉ាមិនចូលធ្វើការ ដើម្បីទាមទារ បើកប្រាក់ខែ ដែលពួកគេអះអាងថា ម្ចាស់ផ្ទះសំណាក់ជាជនជាតិអូស្ត្រាលីមិនបើកប្រាក់ខែឲ្យបុគ្គលិករយះពេល២ខែមកហើយ ។ ការតវ៉ានេះ ធ្វើឡើងនៅវេលាម៉ោង១៦ ថ្ងៃទី៣ ខែសីហា នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាមក្រុងសៀមរាប ។
បុគ្គលិកផ្ទះសំណាក់បានលើកឡើងថា បើថៅកែមិនបើកប្រាក់ប្រចាំខែជូនពួកគាត់នោះទេ ពួកគាត់នឹងមិនចូលធ្វើការឡើយ។បុគ្គលិកម្នាក់នៅផ្ទះសំណាក់ខាងលើបាននិយាយថាផ្ទះសំណាក់នេះមានបន្ទប់ចំនួនសំរាប់ជួលចំនួន១៩បន្ទប់ ដែលមានបុគ្គលិកសរុបចំនួន១៧នាក់សម្រាប់បំរើការងារនៅទីនេះ ដែលមានប្រាកខែចាប់ពី១រយដុល្លារទៅ៣រយដុល្លារ ។
បុគ្គលិកដដែលបន្តថា គាត់មកធ្វើការនៅទីនេះជាច្រើនឆ្នាំមកហើយតែងតែជួបបញ្ហាជារឿយៗលើកនេះថៅកែមិនបើកលុយឲ្យពួកត់ជិត២ខែមកហើយទើបពួកគាត់ទ្រាំលែងបានក៏នាំគ្នាតវ៉ាតែម្តងទៅ ។
បុគ្គលិកដដែលបន្ថែមថា ផ្ទះសំណាក់នេះមានឈ្មោះAndrewភេទ ប្រុស អាយុ៥៤ឆ្នាំ ជាជនជាតិ អូស្ត្រាលី ។លោកអនុសេនីយ៍ឯក ញឹក សុផល នាយប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាមបានឲ្យដឹងថាបន្ទាប់ពីសមត្ថកិច្ចហៅភាគីទាំងងខាងមកជួបពិភាក្សាគ្នារួចមកក៏សម្រេចថាព្រមព្រៀងបើកលុយឲ្យបុគ្គលិកនៅថ្ងៃទី០៥ខែសីហានេះ។លោកបន្តថា នៅពេលដែលអាជ្ញាធរបានសម្របសម្រួលគ្នារួចក្រុមអ្នកតវ៉ាក៏នាំគ្នាសុខចិត្តទទួលនូវសំណើនេះហើយក៏បំបែកគ្នាទៅធ្វើការរៀងៗខ្លួនទៅ ។
រឿងរ៉ាវដែលថៅកែជាជនជាតិអូស្ត្រាលីមិនបើកប្រាក់ខែឲ្យបុគ្គលិកទាំងនោះគឺបណ្តាលមកពីផ្ទះសំណាក់នេះមិនសូវមានភ្ញៀវចូលទៅសំរាក់នោះទេព្រោះទីនោះនៅឆ្ងាយពីទីប្រជុំជននៃក្រុងសៀមរាបពេក ៕
ដោយ៖ ជានិរន្ដរ៍