ភ្នំពេញ៖ បិរស្ថានស្អាត រមណីយដ្ឋានស្អាត សេវាល្អ គឺជាពាក្យស្លោកមួយដែលក្រសួងទេសចរណ៍បានដាក់ចេញ ដើម្បីជាគោលនយោបាយថែរក្សាបរិស្ថាននៅជុំខ្លួនឲ្យបានស្អាត។ ក្រៅពីនេះ ទៀតហូបស្អាត ផឹកស្អាត រស់នៅស្អាត ក៏ជាគោលនយោបាយមួយផ្សេងទៀត ដែលមានន័យស្រដៀងគ្នានោះដែរ ដែលតម្រូវឲ្យប្រជាពលរដ្ឋគ្រប់រូប គួរចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីឲ្យបរិស្ថានជុំវិញខ្លួនម្នាក់ៗមានភាពល្អ មានផាសុកភាពក្នុងការរស់នៅ។
ផ្ទុយទៅវិញ គេបែរជាមើលឃើញថាម្ចាស់ផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិដំណាក់ធំពីរ ក្រុម១១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវពលរដ្ឋរស់នៅក្បែរខាងរិះគន់ ដោយសារតែម្ចាស់ផ្ទះនោះបានយកសំរាមទៅចោលនៅនឹងផ្លូវ។ ហើយមិនតែប៉ុណ្ណោះទៀតសោត ម្ចាស់ផ្ទះជួលនេះបណ្តោយឲ្យអ្នកជួលផ្ទះរបស់ខ្លួនដែលនៅជាន់លើ បោះសំរាមពាសវាលពាសកាលថែមទៀត ដែលមើលទៅទីនោះហាក់ដូចជាកន្លែងចាក់សំរាមទៅហើយ។
ក្រុមប្រជាពលរដ្ឋដែលមានផ្ទះក្បែរខាងនោះនិយាយថា សំរាមត្រូវបានគេចោលពាសវាលពាសកាលតាមផ្លូវសាធារណៈ។ ជួនកាលអ្នកជួលផ្ទះនោះ បានចោលសំរាមចោលពីរជាន់ទី1 ទី2រំលងក្បាលប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវទៀត។ ករណីនេះ ត្រូវប្រជាពលរដ្ឋក្បែរខាងធ្លាប់ប្រាប់ទៅប្រធានភូមិដែរ តែមិនដែលឃើញខាងភូមិ ឬអាជ្ញាធរចុះមកណែនាំដល់ម្ចាស់ផ្ទះនោះទេ។
ចំណែកម្ចាស់ផ្ទះវិញ ក៏ដូចជាមិនដែលខ្វាយខ្វល់នឹងប៉ះពាល់ដល់អ្នកជិតខាងនោះឡើយ ហើយក៏មិនដែលណែនាំអ្នកមកជួលផ្ទះខ្លួនដែរ ដោយបណ្តោយឲ្យមានការចោលសំរាមពាសវាលពាសកាលមិនគួរគប្បីបន្ដិចសោះឡើយ។
ទាក់ទិននឹងបញ្ហានេះ នគរវត្តមិនទាន់អាចទាក់ទងសុំការបំភ្លឺបានទេ ពីម្ចាស់ផ្ទះជួលខាងលើ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ព្រោះពុំមានលេខទូរស័ព្ទ ៕
ដោយ៖ វិបុល