កម្ពុជា មិនចង់ឱ្យបញ្ហាព្រំដែនជាមួយប្រទេសជិតខាងបន្តនៅស្រពេចស្រពិល និងបង្កើតជាបញ្ហាបន្តទៀតនោះឡើយ

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជា មិនចង់ឲ្យបញ្ហាព្រំដែនជាមួយប្រទេសជិតខាងដែលបន្សល់រាប់រយឆ្នាំមកនោះ ឲ្យបន្តនៅស្រពេចស្រពិល និងបង្កើតជាបញ្ហាបន្តទៀតនោះឡើយ។ អាស្រ័យហេតុនេះ ទើបរាជរដ្ឋាភិបាល ប្រកាន់យកជំហរប្តឹងទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ។ នេះជាការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន អគារពិសោធន៍ និងសមិទ្ធផលនានាក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅខេត្តរតនគិរី នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ ម្សិលមុិញ។

សម្ដេចធិបតី បានយកឱកាសប្រកាសជាថ្មីថា ការយកជម្លោះព្រំដែនកម្ពុជា-ថៃ ប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ (ICJ) មិនមែនជាការបញ្ឆេះសង្គ្រាមជាមួយប្រទេសថៃនោះទេ ពោលគឺជាការរំលត់បញ្ហាដែលបន្ដអូសបន្លាយ ។ សម្ដេច អះអាងថា បណ្ដឹងរវាងកម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ បើទោះបីតុលាការយុត្តិធម៌អន្ដរជាតិសម្រេចបែបណានោះ កម្ពុជានឹងទទួលយកតាមការសម្រេច ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បញ្ជាក់ថា តុលាការកាត់យ៉ាងម៉េច កម្ពុជាទទួលយក ទទួលស្គាល់ ហើយបញ្ចប់ ។ មិនមែនយកទៅតុលាការ ICJ ដើម្បីបញ្ឆេះសង្គ្រាមនោះទេ គឺជាការបញ្ចប់ភ្លើងជៀសឲ្យផុតពីការប្រយុទ្ធគ្នាដោយមិនចាំបាច់ ព្រោះតែប្រយុទ្ធគ្នាមានហើយស្លាប់រស់ទាំងសងខាងគ្មានអ្នកណានៅទេ ។

សម្ដេចនាយករដ្ឋមន្ដ្រី ក៏បានលើកឡើងពីគោលជំហររបស់រាជរដ្ឋាភិបាលថា ការសម្រេចចិត្តយកបញ្ហាប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច, ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្ដរជាតិ ICJ គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន នៅតំបន់ទាំងនោះដោយសន្ដិវិធីបានឆាប់រហ័សចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហានេះអូសបន្លាយយូរទៅទៀត ដែលអាចបង្កជម្លោះតាមព្រំដែន ។ បើទោះបី បាញ់ឆ្ពោះត្រង់ទៅការដោះស្រាយគ្នាតាមប្រព័ន្ធតុលាការយ៉ាងណាក្ដី តែកម្ពុជាមិនបោះបង់យន្តការទ្វេភាគីនោះឡើយ ក្នុងជម្លោះព្រំដែនរវាងកម្ពុជា នឹងថៃ ។

...

ជាមួយនេះ សម្ដេចធិបតី បានចាត់ទុកថា កម្ពុជាប្តឹងទៅកាន់តុលាការ ICJ ក៏ដូចជាការបញ្ចប់កិច្ចសហប្រតិបត្តិការ CLV មិនមែនធ្វើតាមការលើកឡើងរបស់ក្រុមប្រឆាំងនោះឡើយ។ សម្ដេចបញ្ជាក់ថា តុលាការយុត្តិធម៌អន្តរជាតិ ICJ មាន
បណ្តឹងច្រើនណាស់សម្រាប់ដោះស្រាយ មិនមែនអង្គុយចាំតែដោះស្រាយរឿងរបស់កម្ពុជានោះទេ។ ការទទួលយកបណ្តឹង គឺគេពិនិត្យលើបញ្ហានោះល្អិតល្អន់ណាស់ ៕
ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print