អ្នកនាំពាក្យ​ក្រសួង​សាធារណការ​៖​ ដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោដំណើរការដល់ណាហើយ..?

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ មកទល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ ដំណើរការចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីព្រែកជីកហ្វូណនតេជោ បានដំណើរការដោយរលូនតាមការគ្រោងទុក ទោះក្រុមការងារអន្តរក្រសួងប្រឈមបញ្ហាខ្លះក្តី។

បញ្ហាប្រឈមនោះរួមមាន៖ ផ្លូវឆ្ងាយពិបាកធ្វើដំណើរចូល ដោយត្រូវឆ្លងកាត់វាលស្រែ ចុះបឹង កាត់ប្រឡាយ កាត់ព្រៃក្រាស់ កាត់បន្លារ ភ្លៀងផ្គរ និងស្ថានភាពរអិលខ្លាំងជាដើម។ល។

បេសកកម្មចុះកំណត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី២ ក្នុងភូមិសាស្រ្តខេត្តតាកែវនៅថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសអន្តរក្រសួងសម្រេចបាន៤៧ចំណុច ក្នុងភូមិសាស្រ្តខេត្តតាកែវ។
គួរបញ្ជាក់ថា គិតត្រឹមបំណាច់ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេកទេសបានចុះពិនិត្យទីតាំង ប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោបញ្ចប់ការងារសម្រាប់កំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាលទាំងស្រុងហើយ។

កិច្ចការខាងលើនេះ បានចាប់ផ្តើមនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដោយបន្តពីកំណាត់ទី១ ពីភូមិសាស្ត្រព្រែកពោធិ៍ ស្របតាមបណ្តោយទន្លេបាសាក់ ឆ្ពោះទៅព្រែកតាហ៊ីង។
ចំនួនបង្គោលដែលបានពិនិត្យ និងបោះរួចរាល់ក្នុងខេត្តកណ្តាលទាំងស្រុងសម្រាប់កំណាត់ទី២ចំនួន២៣២បង្គោល។

គួរបញ្ជាក់ថា សម្រាប់កំណាត់ទី១ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលមានប្រវែង២១គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ ដល់ព្រែកពោធិ៍ ក្រុមការងារដោះស្រាយផលប៉ះពាល់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ចប់ការងារវាស់វែង ក្បាលដី ដែលរងផលប៉ះពាល់រួចរាល់ហើយ។

...

ក្រុមការងារដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងបន្តអនុវត្តនីតិវិធីពាក់ព័ន្ធដើម្បីបញ្ចប់ការងារ។​ បើគ្មានការប្រែប្រួលទេ គម្រោងព្រែកជីកហ្វូណនតេជោ គ្រោងចាប់ផ្ដើមសាងសង់ជាផ្លូវការនៅខែវិច្ឆិកាឆ្នាំ២០២៥ខាងមុខ។ ដោយឡែក សម្រាប់ចំនួនគ្រឿងចក្រដែលត្រូវធ្វើការប្រើប្រាស់ក្នុងការសាងសង់ អាស្រ័យលើពេលវេលា ស្ថានភាព និងទីតាំងដែលជ្រើសរើសសម្រាប់បើកការសាងសង់ជាផ្លូវការ។ ជារួមក្រុមហ៊ុនសាងសង់ បានត្រៀមគ្រឿងចក្ររួចរាល់ រង់ចាំតែការអនុវត្តនីតិវិធីចាំបាច់ (ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ -ល-)ទើបការសាងសង់ចាប់ផ្តើមបាន៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print