៨ថ្ងៃមកនេះ មន្ត្រីចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពជាង៣ពាន់លើក! ម្ដេចបានជាមន្ត្រីខំផ្សព្វផ្សាយម្លេះ?

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ មន្រ្តី និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះផ្សព្វផ្សាយជូនប្រជាពលរដ្ឋ នូវសារៈសំខាន់នៃការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាពបានចំនួន ៣ពាន់លើក នៅទូទាំងប្រទេស។ តាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ សកម្មភាពនេះបានប្រព្រឹត្តទៅនៅតាមវេទិកាសាធារណៈ តាមខ្នងផ្ទះ សាលារៀន វត្តអារាម និងសហគមន៍ ដោយមានការចូលរួមពីប្រជាពលរដ្ឋជាង១សែននាក់។

ខ្លឹមសារស្នូល នៃគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព គឺជំរុញពលរដ្ឋចូលរួមទប់ស្កាត់ និងរាយការណ៍បទល្មើសក្នុងសង្គម ជំរុញការផ្ដល់សេវាសាធារណៈ ការងារអនាម័យនិងបរិស្ថាន ការទប់ស្កាត់គ្រោះថ្នាក់សង្គម អំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ។

ឆ្លើយនឹងសំណួរថាហេតុអ្វីបានជាមន្ត្រីតាមមូលដ្ឋានខិតខំចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរៀងរាល់ថ្ងៃយ៉ាងដូច្នេះ? លោក ទូច សុឃៈ បានពន្យល់យ៉ាងសង្ខេបថា គោលនយោបាយនេះ ជាយន្តការគន្លឹះដើម្បីធានាភាពកក់ក្ដៅ និងភាពសុខដុមក្នុងសហគមន៍ និងជាមរតកយន្តការមួយដែលរាជរដ្ឋាភិបាលនីតិកាលកន្លងទៅ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុវត្តទទួលបានលទ្ធផលគាប់ប្រសើរជាបន្តបន្ទាប់។

អ្នកនាំពាក្យរងរូបនេះបានអះអាងថាឈរលើមូលដ្ឋាននៃការអនុវត្តរបស់រាជរដ្ឋាភិបាលនីតិកាលកន្លងទៅ នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយមាន លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាសេនាធិការ បានបន្តយកចិត្តទុកដាក់ជំរុញឱ្យមន្ត្រីគ្រប់មូលដ្ឋានដឹកនាំនិងអនុវត្តគោលនយោបាយនេះឱ្យសកម្មនិងមានគុណភាព ដើរទន្ទឹមគ្នានឹងការបំផុសប្រជាពលរដ្ឋចូលរួមគាំទ្រ តាមរយៈការមិនប្រព្រឹត្តអំពើល្មើស ការរាយការណ៍អំពីបទល្មើស និងការតាមដានផ្ដល់យោបល់លើការអនុវត្តគោលនយោបាយនេះរបស់អាជ្ញាធរ៕

...

ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print