ខេត្តក្រចេះ ៖ ស្ត្រីវ័យចំណាស់ម្នាក់ និងចៅស្រីអាយុ៣ឆ្នាំម្នាក់ទៀតបានស្លាប់បន្ទាប់ពីក្រុមគ្រួសារបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែកស្រុកស្នួល ក្រោយពីកូនម្នាក់ប្រើប្រាស់ដុំឥដ្ឋវាយចំក្បាលបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ ហេតុ ការណ៍ហិង្សានេះ បានកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិឃ្សឹមក្រៅ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពព័ត៌មានឲ្យដឹងថា បុរសជាកូនស្ត្រីរងគ្រោះនិងជាឪពុកក្មេងស្រី គឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។
លោក ហន ប៉ូច ស្នងការរងនិងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តក្រចេះឲ្យដឹងថាពាក់ព័ន្ធករណីខាង លើ ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃ្សឹម បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ រហូតដល់វេលាម៉ោង០៣.០០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ នេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៊ិញ ភីរុន ស្ថិតនៅចំណុចព្រៃចំការស្វាយ ក្នុងភូមិឃ្សឹមក្រៅឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ និងចាប់យកសម្ភារ វត្ថុតាងបំណែកដុំឥដ្ឋមួយចំនួន ។
ក្រោយការឃាត់ខ្លួនមកសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពយកដុំឥដ្ឋវាយទៅលើម្តាយបង្កើតឈ្មោះ យ៉េន មឿន ត្រូវចំក្បាលផ្នែកខាងក្រោយ រួចអូសជនរងគ្រោះជាម្តាយទម្លាក់ពី លើផ្ទះចុះមកដី ហើយបន្តយកដុំឥដ្ឋវាយទៅលើជនរងគ្រោះបន្ថែមទៀតរហូតសន្លប់បាត់ស្មារតី ។ បន្ទាប់មករូបខ្លួនបានឡើងទៅលើផ្ទះ យកដុំឥដ្ឋ ធ្វើសកម្មភាពវាយទៅលើកូនស្រីបង្កើតដែលកំពុងតែដេកលក់ត្រូវចំក្បាល រួចបានចាប់បោះកូនស្រីពីលើផ្ទះមកដី ហើយរូបខ្លួនក៏បានចុះមកបន្តវាយទៅលើកូននិងម្តាយបង្កើតបន្ថែមទៀតរហូតសន្លប់បាត់ស្មារតីទាំង២នាក់ប្រាកដមែន។
មូលហេតុដោយរូបខ្លួនខឹងនឹងម្តាយតែងតែស្តីបន្ទោស និងជេររូបខ្លួនថា អាក្របី ទើបរូបខ្លួនខឹងមួរម៉ៅក៏វាយសម្លាប់ម្តាយបង្កើត និងកូនខ្លួនបង្កើតរបស់ខ្លួន ។
ករណីឃាតកម្មនេះ បានបង្កដោយជនសង្ស័យឈ្មោះប៊ិញ ភីរុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនបង្កើតស្ត្រីរងគ្រោះឈ្មោះ យ៉េន មឿន អាយុ៦៦ឆ្នាំ និងក៏ជាឪពុកបង្កើតក្មេងស្រីរងគ្រោះឈ្មោះ ណង រ៉ាក់ ដែលទើបមានអាយុ០៣ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿង បញ្ចូនទៅការិយាល័យជំនាញខេត្តចាត់ការតាមនីតិវិធី៕