ក្រសួងប្រៃសណីយ៍ជូនដំណឹងស្តីពី ការស្នើសុំអាជ្ញាបណ្ណសម្រាប់ការបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ (Data Center)

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូន លោក លោកស្រី ជាម្ចាស់ ឬតំណាង ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ទាំងអស់ជ្រាបថា រាល់ក្រុមហ៊ុនដែលមានបំណងបង្កើតនិងធ្វើអាជីវកម្ម មជ្ឈមណ្ឌលទិន្នន័យជូនអតិថិជន ដែលផ្តល់សេវាកម្មមានជាអាទិ៍ ៖ ១-ការរក្សាទុកទិន្នន័យ ការបង្ហោះគេហទំព័រ និង/ឬ អ៊ីម៉ែល។

២-ការជួលទីតាំង ជួលទីតាំង និង/ឬម៉ាស៊ីនមេ ។
៣-ការថែទាំសុសវែរ និង/ឬគ្រឿងសម្ភារៈបរិក្ខារកុំព្យូទ័ររបស់អតិថិជនដែល ដាក់ឱ្យដំណើរការនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ។
៤-ការការពារនិងរក្សាសុវត្ថិភាពទិន្នន័យនៅក្នុងមជ្ឈមណ្ឌលទិន្នន័យ។
៥-ការផ្តល់សេវាបច្ចេកវិទ្យាភ្លោះដ រួមមាន សេវាហេដ្ឋារចនាសម្ព័ន្ធ (Infrastructure as a Service – IaaS) សេវាសម្រាប់ ការអភិវឌ្ឍនិងដំណើរការសុសវែរ (Platform as a Service – PaaS) និងសេវាសម្រាប់ការប្រើប្រាស់សុសវែរ (Software as a Service – SaaS) ត្រូវស្នើសុំអាជ្ញាបណ្ណការបង្កើតនិងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យពី ក.ប.ទ.។

កន្លងមក ក.ប.ទ. តែងតែផ្សព្វផ្សាយជាប្រចាំដល់ក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេស ដែលកំពុងប្រតិបត្តិការផ្តល់សេវាកម្មលើមជ្ឈមណ្ឌលទិន្នន័យ ដោយពុំមានការអនុញ្ញាត និងមានបំណងបង្កើតនិងធ្វើ អាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ឱ្យមកដាក់ពាក្យស្នើសុំការអនុញ្ញាតបំពេញប្រតិបត្តិការពី ក.ប.ទ. ស្របតាមបទប្បញ្ញត្តិ ជាធរមាន។ យោងតាមមាត្រា៥ នៃអនុក្រឹត្យលេខ១១០ អនក្រ.បក ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្តីពីការផ្តល់ ការអនុញ្ញាតបំពេញប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន បានចែងថា “គ្មានបុគ្គលណាអាចបំពេញ ប្រតិបត្តិការលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាននៅក្នុងព្រះរាជាណាចក្រកម្ពុជាបានទេ លើកលែងតែ បុគ្គលនោះបានទទួលលិខិតអនុញ្ញាត វិញ្ញាបនបត្រ ឬអាជ្ញាបណ្ណ ពី ក.ប.ទ.”។

ក្នុងន័យនេះ ក.ប.ទ. សូមអំពាវនាវសារជាថ្មីដល់លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេសទាំងអស់ ដែលកំពុងធ្វើប្រតិបត្តិការដោយពុំមានការអនុញ្ញាត ឬមានបំណងបង្កើតនិងធ្វើ អាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ សូមមកដាក់ពាក្យស្នើសុំការអនុញ្ញាតពី ក.ប.ទ. ស្របតាមបទប្បញ្ញត្តិជាធរមាន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុនបរទេសណាដែលធ្វើប្រតិបត្តិការ ផ្តល់សេវាកម្មលើមជ្ឈមណ្ឌលទិន្នន័យដោយពុំមានការអនុញ្ញាត នឹងត្រូវទទួលរងពិន័យអន្តរការណ៍ ឬបញ្ឈប់សកម្មភាព អាជីវកម្ម ឬប្រឈមនឹងវិធានការនានាស្របតាមបទប្បញ្ញត្តិជាធរមាន។ ចំពោះព័ត៌មានបន្ថែម លោក លោកស្រី អាចសាកសួរនៅរៀងរាល់ម៉ោងធ្វើការតាមរយៈទូរសព្ទលេខ ០២៣ ៧២៣ ០៨៣។

អាស្រ័យហេតុនេះ សូម លោក លោកស្រី ជាម្ចាស់ ឬតំណាងក្រុមហ៊ុន សហគ្រាស និងសាខាក្រុមហ៊ុន បរទេស ជ្រាបជាព័ត៌មាននិងចូលរួមអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print