ភ្នំពេញ៖ ក្រោយពីមានការចេញ ផ្សាយរបស់កាសែតនគរវត្ដលេខ១៥០៧ កាលពីថ្ងៃពុធ ទី២៩ ខែកក្កដាឆ្នាំ២០១៥ កន្លងទៅដោយបានដាក់ចំណងជើងថា “មេដឹកនាំកីឡាចង់សុំថវិកាពីសិស្ស សាលាទូទាំងប្រទេសម្នាក់ៗ២.០០០រៀល ក្នុង១ឆ្នាំដើម្បីទ្រទ្រង់វិស័យកីឡា” មក ត្រូវបានអ្នកប្រើប្រាស់បណ្ដាញទំនាក់ ទំនងសង្គមហ្វេសប៊ុកមួយចំនួនធ្វើការ រិះគន់ទៅលើថ្នាក់ដឹកនាំកីឡាពាក់ព័ន្ធនឹងការស្នើសុំវិភាគទានពីមាតាបិតាសិស្សទូទាំងប្រទេសដើម្បីទ្រទ្រង់វិស័យអប់រំ កាយ និងកីឡាឆ្ពោះទៅឆ្នាំ២០២៣ដែល កម្ពុជាទទួលបានសិទ្ធិរៀបចំព្រឹត្ដិការណ៍ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ។
សេចក្ដីព្រាងនេះបានធ្វើឡើងបន្ទប់ពីថ្នាក់ដឹកនាំកីឡាពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាក្រោយពីតំណាងសហព័ន្ធកីឡា លើកពីបញ្ហាប្រឈមគ្រប់បែបយ៉ាង ព្រមទាំងស្នើសុំយ៉ាងទទួចពីកិច្ចពិភាក្សានៅក្នុងសិក្ខាសាលាថ្នាក់ជាតិមួយស្ដីពី ផែនការមេស៊ីហ្គេមឆ្នាំ២០២៣ហើយ ពេលនោះអង្គសិក្ខាសាលាក៏បានសម្រេច ថានឹងធ្វើសេចក្ដីព្រាងដាច់ដោយឡែក មួយអមជាមួយសេចក្ដីព្រាងផែនការ មេស៊ីហ្គេមដើម្បីដាក់ជូនគណៈរដ្ឋមន្ដ្រី ដោយមើលឃើញពីទុក្ខលំបាករបស់ សហព័ន្ធកីឡាជាតិតាមរយៈតំណាងសហព័ន្ធកីឡាជាតិដែលបានទៅចូលរួម ក្នុងសិក្ខាសាលាថ្នាក់ជាតិស្ដីពីផែនការ មេស៊ីហ្គេមឆ្នាំ២០២៣ទាំងអស់សុទ្ធតែ លើឡើងពីផលលំបាកក្នុងការរកចំណូលសម្រាប់ធ្វើការអភិវឌ្ឍកីឡាករកីឡា ការិនីថ្នាលរបស់ខ្លួនព្រមទាំងខ្វះខាត ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនក៏នាំគ្នា លើកនៅក្នុងសិក្ខាសាលាដើម្បីឱ្យថ្នាក់ ដឹកនាំដែលមានវត្ដមាននៅក្នុងសិក្ខា សាលាខាងលើជួយស្វែងរកវិធីសាស្ដ្រ ណាដែលអាចបង្កើនក៏ដូចជាអភិវឌ្ឍ កីឡាករកីឡាការិនីឱ្យមានសក្ដានុពល ទាំងគុណភាពនិងបរិមាណដែលស្ថិតនៅក្នុងសិស្សានុសិស្សទូទាំងប្រទេស ។
ជាមួយនឹងបញ្ហាប្រឈមខាងលើនេះកាលពីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឆ្លើយតបទៅនឹងការរិះគន់របស់អ្នក ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុកដែលចោទប្រកាន់ទៅលើការ ស្នើសុំរបស់ថ្នាក់ដឹកនាំកីឡាខាងលើថាយកទៅបម្រើផលប្រយោជន៍ឯកជន និងក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំដោយ លោកបានពន្យល់ថា កាលពីមុនឆ្នាំ ១៩៧០មាតាបិតាសិស្សក៏បានស្ម័គ្រចិត្ដបង់វិភាគទានចំនួន១០រៀលសម្រាប់ សិស្សម្នាក់ក្នុងមួយឆ្នាំដើម្បីអភិវឌ្ឍ កីឡានិងសម្រាប់ទិញសម្ភារបម្រើដល់កម្មវិធីរបស់សាលាដែលអាចឱ្យកូនចៅរបស់អស់លោកអ្នកមានឧបករណ៍កីឡាប្រើប្រាស់លេងកម្សាន្ដគ្រប់គ្រាន់និង អាចជៀសឆ្ងាយពីការប្រើប្រាស់គ្រឿង ញៀននិងគេចផុតពីល្បែងអបាយមុខ ផ្សេងៗផងដែរ ។
លោក វ៉ាត់ ចំរើន បានបន្ដទៀតថា បច្ចុប្បន្នប្រាក់២ពាន់រៀលប្រសិនបើ មាតាបិតាសិស្សបង់វិភាគទានសម្រាប់ទ្រទ្រង់វិស័យអប់រំកាយនិងកីឡាសម្រាប់យកទៅទិញសម្ភារកីឡាឱ្យកូនចៅរបស់ពួកគាត់លេងនៅក្នុងសាលាគ្រប់គ្រាន់ អាចចៀសផុតពីការប្រើប្រាស់និងសេព គ្រឿងញៀនហើយមាតាបិតាសិស្សទាំងអស់នឹងសប្បាយចិត្ដគ្រប់គ្នាពីព្រោះកូនៗរបស់ពួកគាត់អាចគេចពីមិត្ដភក្ដិអូសទាញផងដែរ ។ ដូច្នេះប្រាក់២ពាន់រៀល មានតម្លៃស្មើនឹងការជួយឱ្យកូនៗរបស់ ពួកគាត់រួចផុតពីការដើរលេងគេច សាលាសេពគប់មិត្ដមិនល្អនិងការប្រើ ប្រាស់គ្រឿងញៀនដែលសង្គមជាតិកំពុងស្អប់ខ្ពើម ។ ដូច្នេះបើមាតាបិតាសិស្ស សប្បាយចិត្ដសូមចូលរួមគាំទ្រនូវគម្រោង របស់ថ្នាក់ដឹកនាំកីឡាខាងលើយើងគួរ តែជួយឧបត្ថម្ភ២ពាន់រៀលសម្រាប់ សិស្សម្នាក់ក្នុងមួយឆ្នាំសម្រាប់ទិញឧបករណ៍ សម្ភារកីឡាតាមកម្មវិធីសិក្សារបស់ សាលាតាមរយៈក្រសួងអប់រំយុវជននិងកីឡាដែលមានស្រាប់ ។
គួររំលឹកថាកាលពីពេលថ្មីៗនេះមេ ដឹកនាំកីឡាសំខាន់ៗបានឯកភាពគ្នាដាក់ សេចក្ដីព្រាងផែនការមេស៊ីហ្គេមឆ្នាំ ២០២៣ ដោយអមជាមួយសេចក្ដីព្រាង ១ទៀត គឺសុំថវិកាពីសិស្សនៅទូទាំង ប្រទេសម្នាក់ៗចំនួន២។០០០រៀលក្នុង ១ឆ្នាំសម្រាប់ទ្រទ្រង់ដល់វិស័យអប់រំកាយ និងកីឡានៅប្រទេសកម្ពុជា ។
លោកថោង ខុន រដ្ឋមន្ដ្រីក្រសួងទេស ចរណ៍និងជាប្រធាន NOCC ធ្លាប់មាន ប្រសាសន៍ថា សម្រាប់ថវិកាចំនួន២.០០០ រៀលដែលសុំពីសិស្សានុសិស្សឬក៏ អាណាព្យាបាលសិស្សប្រហែលជាគ្មាន បញ្ហានោះទេ ពីព្រោះជីវភាពប្រជាពល រដ្ឋកម្ពុជាសព្វថ្ងៃក៏មានការរីកចម្រើន ជាងពីពេលមុនផងដែរ ។ នៅចំណុចខាង លើនេះលោករដ្ឋមន្ដ្រីបានលើកឡើងថា កាលពីសម័យខ្ញុំនៅសិក្សាក៏សាលា តម្រូវឱ្យសិស្សម្នាក់បង់១០រៀលសម្រាប់ បម្រើដល់វិស័យអប់រំកាយនិងកីឡាផង ដែរ ។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃ អគ្គនាយកដ្ឋានកីឡាក៏បានលើកឡើង នៅក្នុងសិក្ខាសាលាថ្នាក់ជាតិខាងលើថា តាមពិតទៅសំណើមួយនេះខាងអគ្គ នាយកដ្ឋានកីឡាក៏ធ្លាប់បានលើកឡើង ក្នុងអង្គប្រជុំនៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡាម្ដងរួចមកហើយ ប៉ុន្ដែ លោករដ្ឋមន្ដ្រីឆ្លើយតបថាប្រសិនបើ យើងធ្វើបែបនេះខ្លាចក្រែងប៉ះពាល់ដល់ ផែនការកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដោយកំណត់ថាសិស្សានុសិស្ស ចាប់ពីថ្នាក់ទី១ដល់ថ្នាក់ទី៩ទទួលបាន ការអនុគ្រោះពីរាជរដ្ឋាភិបាលក៏ដូចជា ក្រសួងរៀនដោយមិនចាំបាច់បង់ថ្លៃ សាលា ។
នៅក្នុងផែនការរបស់មេដឹកនាំកីឡា ខាងលើត្រូវបានគ្រូបង្រៀនម្នាក់លើក ឡើងថាចំពោះថវិកាចំនួន២.០០០រៀល ក្នុងសិស្សម្នាក់ៗមិនជាបញ្ហាចោទនោះ ទេ ពីព្រោះសព្វថ្ងៃគ្រូអប់រំកាយ និងកីឡា នៅតាមសាលាមួយចំនួនក៏បានទារ ថវិកាពីសិស្សយកទៅទិញសម្ភារកីឡា សម្រាប់ផ្គត់ផ្គង់ដល់សាលារបស់ពួកគេ ផងដែរ ។
លោកគ្រូបង្រៀនភាសាខ្មែរដដែល នេះបានលើកឡើងថា ចំពោះថវិកាចំនួន ២.០០០រៀលមិនជាច្រើនសម្រាប់ប្រជាពលរដ្ឋបច្ចុប្បន្នទេ ប៉ុន្ដែសូមកុំឱ្យផែន ការនេះក្លាយទៅជាមុខរបរកេងចំណេញពីសិស្សរបស់គ្រូអប់រំកាយនិងកីឡា តាមសាលានីមួយៗ ។
គួររំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសទទួលសិទ្ធិរៀបចំការប្រកួត កីឡានិងស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣បើគិតពីពេលនេះទៅដល់ឆ្នាំ២០២៣នៅ សល់តែ៨ឆ្នាំទៀតប៉ុណ្ណោះ ដូច្នេះកម្ពុជា ត្រូវការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ កីឡាធនធានមនុស្សជាច្រើនដែលអាច បម្រើដល់ព្រឹត្ដិការណ៍ដ៏ធំមួយនេះទទួល បានជោគជ័យប្រកបដោយមោទនភាព នៃប្រជាជនកម្ពុជាដែលមានវប្បធម៌ អរិយធម៌ ទេសចរណ៍ធម្មជាតិ និងក្លាយ ទៅជាប្រទេសគោលដៅទេសចរណ៍អន្ដរ ជាតិទី១សម្រាប់ពិភពលោក ៕
ដោយ៖ សារីម