រាជធានីភ្នំពេញ៖ បន្ទាប់ពីប្រជាពលរដ្ឋផ្ទុះប្រតិកម្មជាបន្តបន្ទាប់និងគ្រប់ច្រកល្ហកទូទាំងប្រទេសទាក់ទងភាពមិនប្រក្រតីឬកើតមានអំពើពុករលួយនៅក្នុងអង្គភាពអគ្គីសនីកម្ពុជាEDCមក, តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាចត្រូវបានអ្នកសារពត៌មានដកស្រង់សំដីដោយអះអាងថា ក្រុមតំណាងរាស្ត្រ CPP គ្រោងដាក់លិខិតមួយទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ឲ្យពិចារណាដកលោក កែវ រតនៈប្រធានអគ្គីសនីកម្ពុជាពីតំណែង ដោយក្រុមអ្នកតំណាងរាស្ត្រកត់សម្គាល់ថា អង្គភាពអគ្គីសនីកម្ពុជាបានបង្កើតបញ្ហាមិនចេះចប់មិនចេះហើយ ហើយធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាប្រិយភាពគណបក្សកាន់អំណាច ។
ប្រភពមួយរាយការណ៍ថា ក្រុមអ្នកតំណាងរាស្ត្រ CPP យ៉ាងតិច២០នាក់ នឹងរួមគ្នាចុះហត្ថលេខាលើលិខិតមួយច្បាប់ស្នើទៅនាយករដ្ឋមន្ត្រីឲ្យដកតំណែងលោក កែវ រតនៈមេEDC ក្រោមបទចោទថា អង្គភាព EDC ពោពេញដោយអំពើពុករលួយបក្សពួកនិយមបង្កការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនៅគ្រប់មូលដ្ឋាន ខណដែលលោក កែវ រតនៈ មិនបានកែប្រែឥរិយាបថ ឬកែសម្រួលផ្នែកណាមួយដើម្បីបង្ហាញថា គេកំពុងបន្ធូរបន្ថយការថ្នាំងថ្នាក់នោះឡើយ ។ ប៉ុន្តែផ្ទុយទៅវិញលោក កែវ រតនៈ បានបង្កើនការឱបក្រសោបបក្សពួកខ្លួនដែលមិនល្អនិងឱនលំទោនចំពោះមុខថ្នាក់លើខ្លួនដើម្បីរក្សាតំណែងទៅវិញ ។
ប្រភពដដែលបន្តថា លិខិតដែលតំណាងរាស្ត្រ CPP គ្រោងដាក់ជូនទៅសម្តេច ហ៊ុន សែន នឹងទៅដល់ខុទ្ទកាល័យសម្តេចយ៉ាងយូរដើមសប្តាហ៍ក្រោយនេះ គ្រាដែលលិខិតស្នើសុំដកតំណែងលោក កែវ រតនៈ នោះអាចជាលើកទី១ របស់តំណាងរាស្ត្រគណបក្សកាន់អំណាចដែលកម្រនឹងមានលិខិតស្នើសុំដកតំណែងមន្ត្រីក្នុងអាណត្តិដូច្នេះណាស់ ។
គួរកត់សម្គាល់ថា លោក កែវ រតនៈ កំពុងរងនូវការរិះគន់និងចោទប្រកាន់ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបាននិងកំពុងប្រើប្រាស់អគ្គីសនី មានដូចជាតម្លៃភ្លើងខ្ពស់ហួសហេតុ-កុងទ័រ ដើរលឿនខុសប្រក្រតី ការតបណ្តាញមានតម្លៃខ្ពស់ ជាដើម ។ ទន្ទឹមនឡអំពើពុករលួយបង្កឡើងដោយបញ្ហាបក្សពួកគ្រួសារនិយមក៏កំពុងតែផ្ទុះរឿងគួរឲ្យកត់សម្គាល់ផងដែរ ៕