ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ ត្រូវបានប្រជាពលរដ្ឋឃាត់បាន បន្ទាប់ពីព្យាយាមលួចទូរស័ព្ទដៃពីស្ត្រីម្នាក់កំពុងដេក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពពីស្ត្រីម្ចាស់ទូរស័ព្ទបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានសម្រាន្តនៅលើអង្រឹង ដោយដាក់ទូរស័ព្ទសាកថ្ម POWER BANK កាន់ជាប់ដៃហើយក៏បានដេកលង់លក់ ។ បន្ទាប់មកក៏មានជនសង្ស័យម្នាក់បានចូលមកលួចទូរស័ព្ទពីគាត់ បានសម្រេច ប៉ុន្តែគាត់បានដឹងខ្លួន ក៏បានស្រែកថាចោរៗ បង្កការភ្ញាក់ផ្អើលដល់កូនរបស់គាត់ នាំគ្នារត់ដេញតាមជនសង្ស័យ ។
គាត់បានបន្ថែមថា ជនសង្ស័យភ័យពេកក៏បានរត់គេចខ្លួន រួចបោះចោលទូរស័ព្ទស្មាតហ្វូន ស៊េរីអាយហ្វូន១២ រួមទាំង POWER BANK ទៅដី រួចក៏រត់គេចខ្លួនបាត់ទៅ ។ គាប់ជួនពេលនោះ ប្រជាពលរដ្ឋនៅក្នុងភូមិឃាត់បានជនសង្ស័យម្នាក់ទៀត ដែលត្រូវជាបក្សពួក រួចស្វាគមន៍ម្នាក់១ដៃ១ជើង ព្រមទាំងប្រគល់ជូនសមត្ថកិច្ច ។
ជនសង្ស័យដែលត្រូវពលរដ្ឋឃាត់នោះ បានរៀបរាប់ថា ខ្លួនត្រឹមជាអ្នករើសអេតចាយនោះទេ ដោយបានទៅរើសអេតចាយនៅក្បែរទីតាំងចោរលួចនោះ ហើយក៏លើអ្នកភូមិស្រែកចោរៗ ឃើញជនសង្ស័យម្នាក់រត់ចេញពីទីតាំងកើតហេតុ ខ្លួនភ័យក៏រត់ដែរ ទើបត្រូវគេចាប់តែម្តង ។
ក្រោយកើតហេតុ ពលរដ្ឋក៏បានប្រគល់ជនសង្ស័យខាងលើ ទៅអោយសមត្ថកិច្ច ដើម្បីយកទៅធ្វើការសាកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគីឡូម៉ែត្រលេខ៦ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕