ប្រទេសថៃ ៖ តើលោកស្រី ផែថង ថាន នាយករដ្ឋមន្រ្តីថៃ ត្រូវទទួលរងពាក្យបណ្តឹង និងការប្រឈមអ្វីខ្លះ ទើបដល់មានអ្នកវិភាគថា ៖ លោកស្រី Paetongtarn អាចនឹងត្រូវបានទម្លាក់ចេញពីតំណែងនាយករដ្ឋមន្ត្រីថៃ ក្នុងពេលប៉ុន្មានខែខាងមុខ ?
សូមបញ្ជាក់ថា ៖ លោកស្រីក៏កំពុងប្រឈមមុខនឹងពាក្យបណ្ដឹងតាមផ្លូវច្បាប់ជាច្រើនដែរ។ ក្នុងនោះសកម្មជននយោបាយថៃ បានដាក់ញត្តិទៅកាន់គណៈកម្មការរៀបចំការបោះឆ្នោតកាលពីថ្ងៃទី១៩ ខែមិថុនា ដោយស្នើឱ្យបើកការស៊ើបអង្កេតថាតើលោកស្រី Paetongtarn បានបំពានលើរដ្ឋធម្មនុញ្ញឆ្នាំ២០១៧ ដែរឬក៏យ៉ាងណា ដើម្បីដំណើរការនិតិវិធីទម្លាក់លោកស្រីចេញពីតំណែង។
ប្រធានគណៈកម្មាធិការយោធា និងសន្តិសុខនៃព្រឹទ្ធសភាបានដាក់ពាក្យបណ្ដឹងមួយដែរទៅកាន់គណៈកម្មការជាតិប្រឆាំងអំពើ ពុករលួយ ខណៈអតីតសមាជិកព្រឹទ្ធសភាម្នាក់ទៀត បានដាក់ញត្តិកាន់ប៉ូលិសនៃការិយាល័យស៊ើបអង្កេតកណ្ដាល ដោយចោទប្រកាន់លោកស្រី Paetongtarn នៅក្រោមច្បាប់ផ្នែក ១១៩-១២០។ អ្នកដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌប្រឆាំងសន្តិសុខជាតិអាចប្រឈមមុខនឹងទោសប្រហារជីវិត ឬជាប់ពន្ធនាគារអស់មួយជីវិត។
លើសពីនេះទៅទៀត គណបក្ស Bhumjaithai ដែលទើបតែប្រកាសដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយគណបក្សភឿថៃ បានប្រកាសថាខ្លួននឹងដាក់ញត្តិស្នើ ឱ្យមានការបោះឆ្នោតដកសេចក្ដីទុកចិត្ត ប្រឆាំងលោកស្រី Paetongtarn នៅពេលសម័យប្រជុំសភាលើកទី៣ បើកទ្វារនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។
តែទោះជាប្រឈមមុខនឹងសម្ពាធ និងការអំពាវនាវឱ្យចុះចេញពីតំណែងក៏ដោយ ក៏មន្ត្រីជាន់ខ្ពស់បក្សភឿថៃម្នាក់បាននិយាយថាលោកស្រី Paetongtarn នឹងមិនលាលែងចេញពីតំណែងនោះទេ។
ក្រុមអ្នកវិភាគ និងអ្នកតាមដាននយោបាយថៃខ្លះជឿថាលោកស្រី Paetongtarn អាចនឹងត្រូវបានទម្លាក់ចេញពីតំណែងក្នុងពេលប៉ុន្មានខែខាងមុខ ឬក្នុងពេលដ៏ខ្លីក៏ថាបាន ដោយគ្រាន់តែគេត្រូវរង់ចាំមើលថាតើលោកស្រីនឹងរបូតតំណែងនាយករដ្ឋមន្ត្រីតាមផ្លូវរដ្ឋប្រហារ ឬតុលាការ? ។
ករណីមួយទៀតថៃក៏កំពុងមានបញ្ហាតាមព្រំដែនជាមួយមីយ៉ាន់ម៉ា ដល់ថ្នាក់ថៃជម្លៀសពលរដ្ឋរាប់ពាន់នាក់ ក្រោយមីយ៉ាន់ម៉ាទម្លាក់គ្រាប់បែកក្បែរព្រំដែនភាគខាងត្បូងរបស់ថៃ ដោយក្នុងនោះកងកម្លាំងមីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែកលើផ្ទះនិងប្រាសាទនានាក្នុងតំបន់ជាប់ព្រំដែនខ្លួន Muang Phae Khong បណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការចេញផ្សាយដោយកាសែតថៃ Amarin News ផ្សាយពីម្សិលមុិញ ៕
ដោយ ៖ សិលា