ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋនិងជនរងគ្រោះចាប់ឃាត់ខ្លួនប្រគល់អោយកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមនធ្វើការសួរនាំ បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពលួច ទូរសព្ទរបស់ជនរងគ្រោះកំពុងដេកលក់លើកង់បី កាលពីវេលាម៉ោង១និង២០នាទីយប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ទល់មុខអាគារព្រីនផ្លាហ្សា ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះនិងជនសង្ស័យមិនបានអោយស្គាល់អត្តសញ្ញាណ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះជាម្ចាស់ទូរស័ព្ទ បានដេកលង់នៅលើកង់បីរបស់ខ្លួន លេីចិញ្ចេីមផ្លូវ ហើយគាប់ជួនពេលនោះ ក៏ស្រាប់តែមានជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចយកទូរសព្ទរបស់ជនរងគ្រោះ ម៉ាកoppo ដែលទុកលេីកង់បីសំរាប់មេីលapp បានហើយក៏ដេីរចេញបានបន្តិច តែចៃដន្យត្រូវបានអ្នករត់កង់បីដូចគ្នាឃើញ ដេញចាប់បានជនសង្ស័យនិងយកទូរសព្ទរបស់ជនរងគ្រោះមកវិញផងដែរ ។
បន្ទាប់មកកម្លាំងអាវុធហត្ថខណ្ឌចំការមនបានចុះទៅដល់ហើយសួរនាំពីដំណើររឿងរួចហើយ ក៏បាននាំខ្លួនជនសង្ស័យនិងជនរងគ្រោះយកទៅមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនដេីម្បីដាក់ពាក្យបណ្ដឹងនិងចាត់ការជនសង្ស័យតាមនីតិវិធី ៕
ដោយ៖សុខាសែនជ័យ