ខេត្តព្រៃវែង÷ បើយើងធ្វើដំណើរចេញពីភ្នំពេញឆ្ពោះទៅប្រាសាទព្រៃដើមស្រុកគឺមានចម្ងាយ៧០គីឡូម៉ែត្រ ដោយធ្វើដំណើរកាត់តាមផ្លូវជាតិលេខ8A មកដល់ឃុំព្រៃព្នៅ ស្រុកពារាំង បន្ទាប់មកបត់ឆ្វេងចម្ងាយ១៥ គីឡូម៉ែត្រ នឹងទៅដល់ភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលទីនោះហើយគឺជាទីតាំងប្រាសាទព្រៃដើមស្រុក តែបើយើងធ្វើដំណើរពីក្រុងព្រៃវែង គឺមានចម្ងាយតែ៣៨គីឡូម៉ែត្រប៉ុណ្ណោះនឹងទៅដល់ទីតាំងប្រាសាទព្រៃដើមស្រុកតែម្តង។
ប្រាសាទព្រៃដើមស្រុក មានទីតាំងស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល មានចម្ងាយប្រមាណ៣៨ គីឡូម៉ែត្រពីទីរួមខេត្តព្រៃវែង។ ប្រាសាទបុរាណមួយនេះ កសាងឡើងអំពីឥដ្ឋបួនជ្រុង កម្ពស់៧ម៉ែត្រ មានសណ្ឋានជាស្តូប ទំហំ៥ម៉ែត្រ កសាងឡើងប្រហែល ក្នុងសតវត្សទី១៧ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤ តែមិនសូវមានអ្នកស្គាល់ទេ ព្រោះប្រាសាទមួយនេះហាក់លាក់ខ្លួនក្នុងព្រៃអញ្ចឹង។
បើយោងតាមការលើកឡើងរបស់អ៊ំស្រីម្នាក់ឈ្មោះ ស៊ីថា អាយុ៦៣ឆ្នាំ បានអោយដឹងថា គាត់មករស់នៅទីនេះតាំងពីឆ្នាំ១៩៨២មកម្ល៉េះ ហើយគាត់តែងតែសំណាក់ធម៌នៅទីនេះ ព្រោះមានសភាពស្ងប់ស្ងាត់ល្អ ពោរពេញទៅដោយធម្មជាតិ មានខ្យល់បរិសុទ្ធល្អ បើចំពោះអ្នកចង់
ប្រតិបត្តិធម៌ឬចង់មកស្រូបយកខ្យល់បរិសុទ្ធបែបធម្មជាតិនោះគឺកាន់តែប្រសើរ។
អ៊ំស្រី ស៊ីថា បន្តទៀតថា កាលពីមុនមកជុំវិញប្រាសាទនេះគឺពោរពេញទៅដោយព្រៃស្តុក និងមានស្រះទឹកចំនួនប្រាំនៅជុំវិញបរិវេណប្រាសាទនេះ ដែលជាហេតុបង្កលក្ខណ:អោយទីតាំងប្រាសាទនេះមានភាពស្រស់បំព្រង ពោរពេញទៅធម្មជាតិ លុះមកដល់បច្ចុប្បន្ននេះ ដោយសារតែមានការថែទាំពីណាក់អាជ្ញាធរខេត្តផង និងពួកគាត់ដែលមកសំណាក់ធម៌នៅទីនេះផង ទើបធ្វើអោយបរិវេណប្រាសាទមួយនេះកាន់តែមានភាពស្រស់ស្អាតជាងមុនទៅទៀត តែបើនិយាយពីតួប្រាសាទវិញគឺមានសភាពពុកផុយខ្លះៗហើយ ព្រោះប្រាសាទនេះមានអាយុកាលរាប់រយឆ្នាំមកហើយ។
អ៊ំស្រី បានបន្ថែមទៀតថា ប្រាសាទព្រៃដើមស្រុកឥឡូវនេះមិនស្ងាត់ដូចកាលពីមុនពេកទេ ព្រោះរាល់ពេលមានកម្មវិធីបុណ្យទានដូចជា ចូលឆ្នាំ ភ្ជុំ ថ្ងៃសីល ឬថ្ងៃសៅរ៍ អាទិត្យ ដែលជាថ្ងៃបងប្អូនប្រជាពលរដ្ឋឈប់សម្រាកគឺតែងតែមានពួកគាត់មកអង្គុយលេងលំហែកាយជុំវិញបរិវេណប្រាសាទ ក៏ដូចជាតាមមាត់ស្រះទឹកនៅជុំវិញប្រាសាទនេះផងដែរ(ពោលគឺមិនស្ងាត់ដូចមុនពេកទេ) ព្រោះបច្ចុប្បន្ននេះមានប្រព័ន្ធផ្សព្វផ្សាយច្រើននិងមានការអភិរក្សពីអាជ្ញាធរមូលដ្ឋាន ជាពិសេសអាជ្ញាធរខេត្តព្រៃវែង។
ជាចុងក្រោយក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងក្នុងស្រុក និងក្រៅស្រុក សូមមកទស្សនាកម្សាន្តនិងមកស្រូបយកខ្យល់បរិសុទ្ធនៅប្រាសាទព្រៃដើមស្រុក និងជាពិសេសសូមជួយផ្សព្វផ្សាយបន្តអោយបានច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាកម្សាន្ត ជាពិសេសដើម្បីស្វែងយល់អំពីស្នាដៃដូនតាខ្មែររបស់យើងទាំងអស់គ្នា៕