ខេត្តព្រះវិហារ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពីខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ បានវាយតម្លៃថា រដ្ឋាភិបាលវ័យក្មេងបន្តវេន មិនមែនជាក្មេងឥតមារយាទឡើយ ឬស្រីកញ្ជើរធ្លុះឡើយ ព្រោះរដ្ឋាភិបាលនេះ មានពូជពង្សជាអ្នកដឹកនាំ ហើយរយៈពេលជាង២០ខែនៃរដ្ឋាភិបាលថ្មី គឺចំនួនសាច់ប្រាក់នៅក្នុងរតនាគាកើនឡើងជាលំដាប់។ សម្ដេចក៏មើលឃើញថា រដ្ឋាភិបាលថ្មីនេះ បង្កើនប្រាក់ខែជូនមន្ត្រីរាជការ បង្កើនការចំណាយលើប្រព័ន្ធគាំពារសង្គម វិនិយោគលើវិស័យអប់រំ សុខាភិបាល និងវិស័យផ្សេងៗទៀត ប៉ុន្តែនៅតែអាចសន្សំប្រាក់ច្រើននៅក្នុងរតនាគា។
សម្ដេចតេជោ ហ៊ុន សែន ណែនាំទៅរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌ សូមពិនិត្យមើលការស្នើសុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ ទាក់ទងនឹងការដកសញ្ជាតិពលរដ្ឋកម្ពុជាណាដែលឃុបឃិតជាមួយបរទេសបំផ្លាញខ្មែរ «ក្បត់ជាតិ» ខណៈមានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនកំពុងឃុបឃិតជាមួយប្រទេសប្រឆាំងខ្មែរក្នុងកាលៈទេសៈវិវាទព្រំដែនជាមួយថៃ។
សម្ដេចតេជោ ហ៊ុន សែន បន្តថា ៖ ហេតុអ្វីកម្ពុជាបញ្ជូនទ័ពទៅកាន់ព្រំដែន គឺមកពីរឿងកើតឡើងពីថ្ងៃទី២៨ ខែឧសភាដែលថៃលបបាញ់យោធិនកម្ពុជាពលីនៅក្នុងលេនដ្ឋាន, ដូច្នេះកម្ពុជាមានសិទ្ធិការពារខ្លួន ការពារបូរណភាពទឹកដី កម្ពុជាមិនមានមហិច្ឆិតាវ៉ៃ ទៅដល់បាំងកកទេ ទោះបីកម្ពុជាមានអាវុធអាចប្របើប្រាស់បានក៏ដោយ។
បុរសខ្លាំងនៅកម្ពុជា សម្ដេចតេជោ ព្រមានថា ទោះបីសមត្ថភាពអាវុធកម្ពុជា អាចបាញ់ដល់ក្រុងបាងកកថៃ ប៉ុន្តែកម្ពុជា មិនបាញ់ទេ ប្រទេសកម្ពុជាតូច សុំត្រឹមតែការពារជាតិ ទប់ទល់ និងវាយបកសត្រូវដែលឈ្លានពានចូលដីខ្មែរប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងបែបចំអកថា អាវុធអេតចាយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារទឹកដី ខណៈអាវុធទាំងនោះធ្លាប់បានប៉ះទង្គិចគ្នាម្តងហើយកាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១នោះជាមួយសត្រូវ។ ការថ្លែងរបស់សម្តេចតេជោបែបនេះ គឺចង់សំដៅទៅកាន់ភាគីថៃ ដែលតែងតែអួត បង្ហាញនូវឧទ្ធោបករណ៍របស់ខ្លួនជារឿយៗនោះ។
សម្តេចរំលឹកថា ៖ ការស្នើដាក់ឈ្មោះគោរមងារជា«សម្ដេចពិជ័យសេនា » គឺដើម្បីបង្ហាញថា សម្ដេច ទៀ បាញ់ បានចូលរួមធ្វើជាសេនាការពារជាតិកម្ពុជា ជាង៣០ឆ្នាំ ចំណែកគោរមងារ«សម្ដេចវិបុលសេនាភក្ដី» គឺដោយសារសម្ដេច សាយ ឈុំ ជាឥស្សរជានដែលមានភក្ដីភាព និងស្មោះត្រង់នឹងជាតិ។ សម្ដេចតេជោ ហ៊ុន សែន ពន្យល់ដូច្នេះ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ តាមរយៈសារពិសេសពីខេត្តព្រះវិហារ ៕
ដោយ ៖ សិលា