ខេត្តព្រះវិហារ៖ ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនា តំបន់អភិរក្សស្ថានីយឡស្លដែកបុរាណ សន្លុងប្រឡាយដូនណាង ដែលជាស្ថានីយ៍បុរាណវិទ្យា ស្ថិតនៅឃុំឆែប ស្រុកឆែប ខេត្តព្រះវិហារ។
លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ បានជម្រាបជូនសម្តេចភក្តី ជ្រាបថា ទីតាំងសន្លុងនេះ បានស្រាវជ្រាវរកឃើញ ដោយ លោកបណ្ឌិតសាស្រ្តាចារ្យ ធុយ ចាន់ធួន ដែលជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃរាជបណ្ឌិត្យសាកម្ពុជា ដែលលោកបានរកឃើញ សន្លុងធំៗជាច្រើនកន្លែង នៅក្នុងស្រុករវៀង ស្រុកជ័យសែន ស្រុកឆែប ស្រុកសង្គមថ្មី ក្នុងខេត្តព្រះវិហារ និងនៅស្រុកបា្រសាទបាល្ល័ង ខេត្តកំពង់ធំ ស្រុកស្វាយលើ ខេត្តសៀមរាប ស្រុកសំរោងចុងកាល់ ក្នុងខេត្តឧត្តរមានជ័យ និងនៅក្នុងតំបន់មួយចំនួនទៀត ដែលការរកឃើញស្ថានីយ៍ទាំងនេះ មានសរុបជាង២០០ទីតាំង។
ស្ថានីយ៍ ឬស្សីត្រឹម ជាស្ថានីយ៍ឧស្សាហកម្មឡស្លដែកបុរាណធំមួយ ដែលក្នុងចំណោមស្ថានីយទាំងនោះ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទៅជាឧទ្យានជាតិ ព្រោះស្ថានីយនេះមាន តម្លៃជាប្រវត្តិសាស្រ្តយ៉ាងសំខាន់បំផុត ដែលមិនអាចកាត់ថ្លៃបានរបស់ជាតិយើង។
តម្លៃនោះ គឺបញ្ជាក់ពីស្នាដៃបុព្វបុរសខ្មែរជំនាន់ដើម ដែលមានសមត្ថភាព បច្ចេកទេសខ្ពស់ ខាងវិទ្យាសាស្រ្ត ដែលអាចចម្រាញ់ និងផលិតដែកយ៉ាងស្ទាត់ជំនាញ ហើយយ៉ាងល្បីល្បាញនៅអាស៊ីអាគ្នេយ៍ នាំអោយខ្មែរសម័យបុរាណឈានដល់អាណាចក្រអង្គដ៏រុងរឿង។ ដែកជាកាតាលីករ យ៉ាងចម្បងបំផុតសម្រាប់ជំរុញឲ្យចក្រភពខ្មែរឈានទៅដល់កំពូលនៃអរិយធម៌។
ការបង្កើតឧទ្យានជាតិនេះឡើង គឺដើម្បីរំលឹកគុណូបការៈបុព្វការីជន ដែលបានផលិតដែក នៅតំបន់ឧទ្យានជាតិនេះ ។ សម្តេចភក្តី បានថ្លែងសរសើរចំពោះស្នាដៃ និងគុណូបការៈដ៏ធំធេង របស់បុព្វការីជនយើង ដែលមានសមត្ថភាពបង្កើតនូវឧស្សាហកម្មផលិតដែកនៅតំបន់ទាំងនេះ ដែលជាកត្តាជម្រុញអោយចក្រភពខ្មែរពង្រឹងវិសាលភាពធំធេង ហើយស្នាដៃនេះ បានបន្សល់ទុកនូវកេរ្ត៍តំណែល វប្បធម៌ដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ក្នុងចំណោមកេរ្ត៍តំណែលជាច្រើនទៀតនៃ អរិយធម៌អង្គរដ៏រុងរឿង។
សម្តេចបានសំណូមពរ សូមអជ្ញាធរ ខេត្ត ស្រុក ខណ្ឌ និងប្រជាពលរដ្ឋចូលរួមបន្តរក្សាការពារ និងអភិវឌ្ឍតំបន់អភិរក្សនេះ ឲ្យបានល្អ មានសោភណភាព ដើម្បីបែ្រក្លាយតំបន់ស្ថានីយបុរាណវិទ្យានេះ ទៅជារមណីយដ្ឋានទេសចរធម្មជាតិ ដែលអាចបង្កើនចំណូលដល់មូលដ្ឋានផង និងសម្រាប់មនុស្សជំនាន់ក្រោយបន្តសិក្សាស្រាវជ្រាវអំពីវប្បធម៌ អរិយធម៌ខ្មែរផង៕
ដោយ៖ សីលា