សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥ នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ

ចែករំលែក៖

ខេត្ត​តាកែវ​៖​ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃ​អង្គារ​ទី​០១​ ខែកក្កដា​ ឆ្នាំ​២០២៥នេះ​ បានមានប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២៥ នៅបឹងទន្លេបាទី ស្រុកបាទី ខេត្តតាកែវ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

– សម្ដេចធិបតី ថ្លែងអបអរសាទរចំពោះ «ប្រហុកសៀមរាប» ត្រូវបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ជាផ្លូវការហើយ នៅថ្ងៃទី៥ ខែឧសភា។ ការចុះបញ្ជីនេះ មិនគ្រាន់តែលើកតម្លៃប្រហុកសៀមរាបប៉ុណ្ណោះទេ តែវាក៏ នឹងជួយឱ្យផលិតផលប្រពៃណីមួយនេះ មានស្ដង់ដាគុណភាពគ្រាប់គ្រាន់អាចប្រកួតប្រជែង និងពង្រឹងទីផ្សារទាំងក្នុងស្រុក និងក្រៅប្រទេសបានផងដែរ។

– សម្ដេចធិបតី ថ្លែងថា​ កម្ពុជាមានប្រហុកសម្រាប់បញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរក្នុងចំណោមផលិតផលខ្មែតផលិតអំពីត្រីផ្សេងៗទៀត។

-សម្ដេចធិបតី​ ថ្លែងថា​ រាជរដ្ឋាភិបាលប្រើប្រាស់កម្លាំងសរុប ដើម្បីធានាការពារមច្ឆជាតិ និងផលត្រីនៅក្នុងបឹងទន្លេសាប ។

-សម្ដេចធិបតី ថ្លែងថា​ ការសម្រេចលុបឡូនេសាទរបស់សម្ដេចតេជោ ពិតជា បានទទួលផលជាច្រើនដល់ដៃប្រជាពលរដ្ឋ។

-សម្ដេចធិបតី ថ្លែងថា​ កំណើនផលត្រីនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា វិស័យកសិកម្មកម្ពុជាមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ខណៈសម្ដេចចូលរួមអបអរសាទរចំពោះសេចក្ដីព្រាងច្បាប់ ស្ដីពីជលផលត្រូវបានយល់ព្រមពីគណៈរដ្ឋមន្រ្ដី និងអនុម័តពីរដ្ឋសភានាពេលកន្លងទៅ។

– សម្ដេចធិបតី ថ្លែងថា​ បើទោះបីពិភពលោកកំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ប៉ុន្ដែប្រទេសកម្ពុជានៅបន្តសម្រេចបានកំណើនសេដ្ឋកិច្ចល្អប្រសើរជាបន្តបន្ទាប់ និងធានាបាននូវសន្ដិសុខស្បៀងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញ។

-សម្តេចធិបតី ថ្លែងថា ទោះកម្ពុជាកំពុងមានបញ្ហាបិទច្រកព្រំដែនជាមួយជិតខាងក៏ពិតមែន ប៉ុន្តែកម្ពុជាបានធានានូវសន្តិសុខស្បៀងជូនដល់បងប្អូនប្រជាពល រដ្ឋដដែល។

-សម្ដេចធិបតី​ ថ្លែង​រម្លឹកថា កាលពីអតីតកាលកម្ពុជាធ្លាប់ជួបប្រទះអស់ហើយបញ្ហាសន្ដិសុខស្បៀង សូម្បីកាលសម្ដេចនៅវ័យកុមារភាពកាលនោះ សម្ដេចតេជោ នៅជារដ្ឋមន្រ្ដីក្រសួងការបរទេស ៤០ឆ្នាំមុន (១៤ មករា ១៩៨៥-១៤ មករា ២០២៥) ក៏មានបញ្ហាសន្ដិសុខស្បៀងដែរដោយពេលនោះត្រូវទៅបើករបបនំប៉័ង និងអង្ករពីរបបឧបត្ថម្ភដោយមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ឡើយ។

-សម្ដេចធិបតី ថ្លែង​រម្លឹកថា ទន្លេបាទីនេះហើយជាទីតាំងដែលឪពុក (សម្ដេចតេជោ) បានយកសម្ដេចមកបង្រៀនដែលទឹក ដោយកាលពីពេលនោះសម្ដេចតេជោ បានយកទូកដាក់សម្ដេចទៅដល់កន្លែងទឹកជ្រៅហើយទម្លាក់ចុះឱ្យហែលទឹកខ្លួនឯង។

– សម្ដេចធិបតី​ ថ្លែងថា​ ប្រទេសខ្លះចង់មើលងាយកម្ពុជា រកវិធីសាស្រ្ដបិទទីផ្សារកម្ពុជា ប៉ុន្ដែចុងក្រោយបិទងាប់ខ្លួនឯង ដូច្នេះកុំភ្លេច ប្រទេសខ្លះសេដ្ឋកិច្ចរាប់ពាន់លានជាលុយរបស់ពលរដ្ឋខ្មែរទេណា។

-សម្តេចធិបតី ថ្លែងថា​ ការធានានូវសន្តិសុខស្បៀងជូនប្រជាពលរដ្ឋ គឺត្រូវតែមានគោលនយោបាយច្បាស់លាស់ និងត្រូវធានានូវសុខសន្តិភាព។

-សម្តេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលត្រៀមរួចរាល់អស់ហើយសម្រាប់នាំចេញផលិតផលកសិកម្មរបស់កសិករទៅក្រៅប្រទេស ខណៈកម្ពុជាមានភាពរញ៉េរញ៉ៃជាមួយប្រទេសជិតខាងរយៈពេលយូរនោះ។

-សម្តេចធិបតី ថ្លែងថា​ រាជរដ្ឋាភិបាលធានានូវសន្តិសុខស្បៀងផ្ទៃក្នុងជូនដល់បងប្អូនប្រជាពលរដ្ឋ បើទោះបីប្រទេសជិតខាងគេបិទច្រកជាមួយប្រទេសកម្ពុជាក៏ដោយនោះ។

-សម្តេចធិបតី ថ្លែងថា កម្ពុជាមានវិធីឆ្លើយតប និងទប់ស្កាត់បានទាំងអស់ចំពោះការគំរាមកំហែងពីប្រទេសជិតខាង ខណៈមានការគំរាមកំហែងទាំងផ្នែកសេដ្ឋកិច្ច និងយោធាដល់កម្ពុជានោះ។

– សម្ដេចធិបតី ថ្លែងថា​ សម្ដេចបានបញ្ជាឱ្យក្រុមការងារគណៈកម្មាធិការវិនិយោគសាធារណៈដាក់ចេញនូវក្របខណ្ឌគោលនយោបាយ ជំរុញវិស័យកសិឧស្សាហកម្ម និងឧស្សាហកម្មនៅទិសខាងលិចនៃប្រទេសកម្ពុជាបន្ថែមទៀត (បាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ជាដើម) បង្កើនសេដ្ឋកិច្ចនៅតំបន់នោះ និងជំរុញការនាំចេញបន្ថែមទៀត។

-សម្ដេចធិបតី ថ្លែងថា​ សម្ដេចមិនចង់តមាត់ជាមួយប្រទេសជិតខាងខ្លះទេ ប៉ុន្ដែនៅពេលមិនមាត់គេមើលងាយយើង ប៉ុន្ដែដល់ពេលមាត់គេថាយើងលូកដៃផ្ទៃក្នុងប្រទេសគេ។

– សម្ដេចធិបតី​ បន្តអំពាវនាវដល់ពលរដ្ឋខ្មែរ និងប្រជាជនថៃ សូមយោគយល់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ ខណៈការបិទមិនមែនជាកម្ពុជាអ្នកបិទទេ ប៉ុន្ដែជាការបិទដោយឯកតោភាគីរបស់ថៃ។

-ឆ្លើយតបទៅកាន់ភាគីថៃ សម្តេចធិបតី បានលើកឡើងថា កម្ពុជាថាលេងគឺលេងមែនទែនហើយ ដោយមិនរញ៉េរញ៉ៃដូចខ្លួន(ថៃ)នោះឡើយ ជាពិសេសគឺបញ្ហាបិទបើកច្រកព្រំដែននេះតែម្តង។

-សម្ដេចធិបតី​ ថ្លែងថា​៖ «ឥឡូវឱ្យយើងបើកយ៉ាងម៉េច (ច្រកព្រំដែនកម្ពុជា-ថៃ) បើគ្រាន់តែលិខិតមួយរបស់ថៃចេញមក៤នាក់ផ្សេងគ្នា។ បើបែបនេះ តើយើងទៅនិយាយជាមួយនរណា តើភាគីថៃនរណាជាអ្នកទទួលខុសត្រូវពិតប្រាកដ»។

– សម្ដេចធិបតី ថ្លែងថា​៖«អ្នកលេង ប៉ះអ្នកមែន, កម្ពុជា អត់លឹបលៗទេ»! កម្ពុជារង់ចាំអ្នកមានសិទ្ធិពិតប្រាកដ អ្នកមានអំណាចពិតប្រាកដរបស់ថៃ មកដោះស្រាយជាមួយកម្ពុជា។ ការចរចារឿងព្រំដែនក៏ដោយអាចដោះស្រាយទៅបានទាល់តែមានការបើកច្រកជាឯកតោភាគីរបស់ថៃឡើងវិញសិន។

-ឆ្លើយតបទៅកាន់ភាគីថៃសម្តេចធិបតី បានប្រកាសថា កម្ពុជា ពុំបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃ ដូចការចោទប្រកាន់របស់ថៃនោះទេ សូមបញ្ឈប់ការលាបពណ៌ដល់កម្ពុជាទៀតទៅ។

-សម្ដេចធិបតី ថ្លែងថា​ កម្ពុជាមិនបានលូកដៃនូវកិច្ចការផ្ទៃក្នុងរបស់ប្រទេសណានោះទេ។ ឈប់យកកម្ពុជាធ្វើជាប៉ាវសាក់ កម្ពុជាត្រូវការពារកិត្តិយសសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងប្រទេសជាតិ និងការពារបូរណភាពទឹកដី។

-សម្តេចធិបតី ថ្លែងថា​ កម្ពុជានៅតែបន្តដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងច្បាប់អន្តរជាតិដដែល ហើយកុំឃើញកម្ពុជាស្ងៀមស្ងាត់កុំគិតថា កម្ពុជាខ្លាចខ្លួនឲ្យសោះ កម្ពុជាមានលទ្ធភាពឆ្លើយតបគ្រប់ពេលវេលាទាំងអស់។

-សម្ដេចធិបតី​ ថ្លែងថា​ កម្ពុជាមិនចាំបាច់មាត់អួតដូចគេ បន្ដិចថា៥នាទីយន្តហោះមកទម្លាក់គ្រាប់បែក, បន្តិចចង់វ៉ៃយកខេត្តនេះខេត្តនោះរបស់កម្ពុជាទេ ប៉ុន្ដែកម្ពុជាបញ្ជាក់ហើយថា តែកុំចូលមកកម្ពុជា កម្ពុជាសូមតែសិទ្ធិការពារខ្លួនទេ ប៉ុន្ដែក្នុងការការពារក៏មានយុទ្ធវិធីវ៉ៃបកដែរ។

– សម្ដេចធិបតី​ ថ្លែង​បញ្ជាក់ជាថ្មីថា នៅតំបន់ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី និងតំបន់មុំបី ជាតំបន់ដែលមិនទាន់ចរចាដាច់ស្រេច មិនអាចឱ្យនរណាអាចកំណត់ជារបស់ខ្លួនជាឯកតោភាគីបានឡើយ។

-សម្តេចធិបតី ថ្លែងថា​ កម្ពុជានៅតែបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងច្បាប់អន្តរជាតិដដែល ហើយកុំឃើញកម្ពុជាស្ងៀមស្ងាត់កុំគិតថាកម្ពុជាខ្លាចខ្លួនឲ្យសោះ កម្ពុជាមានលទ្ធភាពឆ្លើយតបគ្រប់ពេលវេលាទាំងអស់។

– សម្ដេចធិបតី ថ្លែង​បញ្ជាក់ទៅរដ្ឋមន្រ្ដីក្រសួងការពារជាតិ និងមេបញ្ជាការកងទ័ពកម្ពុជាច្បាស់ៗថានឹងគ្មានកិច្ចប្រជុំ JBC ឬកិច្ចប្រជុំទ្វេភាគីទៀតទេ បើថៃមិនបើកច្រកព្រំដែនជាឯកតោភាគីឡើងវិញទេនោះ។

-សម្ដេចធិបតី ថ្លែងថា​៖ «អ្នកលេង ប៉ះអ្នកមែន, កម្ពុជា អត់លឹបលៗទេ»! កម្ពុជារង់ចាំអ្នកមានសិទ្ធិពិតប្រាកដ អ្នកមានអំណាចពិតប្រាកដរបស់ថៃមកដោះស្រាយជាមួយកម្ពុជា។ ការចរចារឿងព្រំដែនក៏ដោយអាចដោះស្រាយទៅបានទាល់តែមានការបើកច្រកជាឯកតោភាគីរបស់ថៃឡើងវិញសិន។

– សម្ដេចធិបតី ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរដែលបានចូលរួមគាំទ្រដល់ផលិតផល កសិផលខ្មែរ ក្នុងកាលៈទេសៈនេះ ខណៈសម្ដេចបញ្ជាក់ថា ទោះបីព្រំដែនកម្ពុជា-ថៃមិនបើក រាជដ្ឋាភិបាលបានត្រៀមរួចហើយ ដើម្បីនាំផលិតផលខ្មែរទៅកាន់ប្រទេសផ្សេងៗទៀត។

– សម្ដេចធិបតី ថ្លែងថា​ សម្ដេចបានបញ្ជារួចហើយឱ្យក្រសួងពាក់ព័ន្ធពិនិត្យមើលជំរុញការកែច្នៃផលិតផលខ្មែរ ផ្គត់ផ្គង់តម្រូវការក្នុងស្រុកទាំងផលិតផលកសិផលបន្លែ និងសាច់ និងបន្តជំរុញលើវិស័យកសិឧស្សាហកម្មនៅនឹងកន្លែង ដើម្បីផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់ពិភពលោកផង។

ជាមួយគ្នានេះ​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ផលវារីវប្បកម្មសម្រេចបានចំនួន ៣២ម៉ឺនតោន កើនឡើងជាវិជ្ជមានក្នុងរង្វង់២% បើធៀបនឹងឆ្នាំ២០២៣ ហើយកម្ពុជា បាននាំចេញផលិតផលជលផល ទាំងស្រស់ និងកែច្នៃជាង ៣ ៨០០តោន។ នៅដើមឆ្នាំ២០២៥ កម្ពុជាបាននាំសត្វក្រពើចិញ្ចឹមចំនួន ១ ១០០ក្បាល ទៅកាន់ប្រទេសចិន ហើយដំណឹងអំពីការបើកទីផ្សារចិនសម្រាប់សត្វក្រពើរស់ពីកម្ពុជាបានធ្វើឱ្យបងប្អូនអ្នកចិញ្ចឹមក្រពើត្រេកអរ និងអបអរសាទរយ៉ាងខ្លាំង។

– លោករដ្ឋមន្ត្រី​ ឌិត ទីណា បន្តថា ការអភិរក្សនៅតំបន់សមុទ្រ ក្រសួងកសិកម្មក៏បាននិងកំពុងបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរផងដែរ ដោយបានដាក់ពង្រាយប្រអប់ជម្រកសិប្បនិម្មិតជាង ១ ៣០០ប្រអប់ នៅក្នុងសមុទ្រ ដើម្បីបង្កើនជម្រក វារីសត្វ និងទប់ស្កាត់ការនេសាទដោយប្រើអួនអូសក្នុងតំបន់ទីជម្រកសំខាន់ៗ។ ទន្ទឹមនេះ ក្រសួងបានបំពាក់ឧបករណ៍តាមដាន (VMS) លើនាវានេសាទជិត ១ ៥០០គ្រឿង ដើម្បីត្រួតពិនិត្យសកម្មភាពនេសាទក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រ។

– លោក ឌិត ទីណា បញ្ជាក់ថា ការងារគ្រប់គ្រង និងអភិរក្សធនធានជលផលធម្មជាតិ ជាពិសេសសត្វផ្សោតទន្លេមេគង្គនេះ ក៏មានការចូលរួមចំណែកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ តាមរយៈការជំរុញចុះបញ្ជីទីតាំងអភិរក្ស ជលផល និងសហគមន៍នេសាទនៅទូទាំងប្រទេស ដែលមកទល់ពេលនេះបានចំនួន២0ទីតាំង ក្នុងទំហំសរុបប្រមាណ ២៥ ០០០ហិកតា នៅខេត្តចំនួន៨ ក្នុងនោះក៏មានទីតាំងគ្រប់គ្រងនិងអភិរក្សសត្វផ្សោតទន្លេមេគង្គទំហំជិត ២២ ០០០ហិកតា ក្នុងខេត្តក្រចេះផងដែរ ដែលយើងខ្ញុំហៅថាជា «កម្មសិទ្ធិប្លង់រឹងសម្រាប់សត្វផ្សោតទន្លេមេគង្គកម្ពុជា»។

– លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាសម្រេចបានផលនេសាទទឹកសាបជិត ៤៧ម៉ឺនតោន កើនឡើង៩,៥% ធៀបនឹងឆ្នាំ២០២៣ ដែលសបញ្ជាក់ ឱ្យឃើញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភរិក្សរបស់រដ្ឋបាលជលផល ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។

– លោក ឌិត ទីណា បញ្ជាក់បន្ថែមថា ចាប់ពីដើមឆ្នាំ២០២៥មក ដោយមានបទបញ្ជាដ៏ខ្ពស់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការងកងយោធពល ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយមានការចូលរួមពីយោធភូមិភាគ៤ និង៥ កងពល៧០ កងពលតូចលេខ១ ទ័ពពិសេសឆ័ត្រយោង គណៈបញ្ជាការឯកភាពខេត្តជុំវិញបឹងទន្លេសាប និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានចុះជួយអន្តរាគមន៍ទប់ស្កាត់ និងបង្ក្រាបបទល្មើសធំៗនៅបឹងទន្លេសាប ដូចជា អួនអូសឆក់ អួនហ៊ុម និងឈិបយន្តប្រកបដោយប្រសិទ្ធភាពបំផុត។

– លោក ឌិត ទីណា បានឱ្យដឹងថា ការងារគ្រប់គ្រង និងអភិរក្សសត្វផ្សោតទន្លេមេគង្គទទួលបានលទ្ធផលកាន់តែល្អប្រសើរ ជាមួយនឹងកំណើនប្រចាំឆ្នាំចំនួន ៥ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតសរុបកើនដល់ ១០៤ក្បាល ក្នុងឆ្នាំ២០២៤ ធៀបនឹង ៩៩ក្បាល ក្នុងឆ្នាំ២០២៣។

– លោក ឌិត ទីណា បានឱ្យដឹងថា​ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៥ ផ្សោតកើតកូនបានចំនួន ៧ក្បាល និងមិនទាន់មានករណីស្លាប់នៅឡើយ ដែលធ្វើឱ្យតួលេខសត្វផ្សោតសរុបកើនឡើងដល់ ១១១ក្បាល។ លទ្ធផលដ៏ល្អប្រសើរនេះ មិនអាចកាច់ផ្តាច់ចេញបានទេពីកិច្ចខិតខំប្រឹងប្រែងអភិរក្សទាំងយប់ទាំងថ្ងៃរបស់ឆ្មាំទន្លេរបស់យើង និងដោយមានការចូលរួម ពីរដ្ឋបាលខេត្តនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងការយល់ដឹង និងការចូលរួមកាន់តែទូលំទូលាយរបស់បងប្អូនប្រជានេសាទ។

...

– លោក ឌិត ទីណា បានបញ្ជាក់ថា ការងារគ្រប់គ្រង និងអភិរក្សធនធានជលផលធម្មជាតិ ជាពិសេសសត្វផ្សោតទន្លេមេគង្គនេះ ក៏មានការចូលរួមចំណែកពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផងដែរ តាមរយៈការជំរុញចុះបញ្ជីទីតាំងអភិរក្ស ជលផល និងសហគមន៍នេសាទនៅទូទាំងប្រទេស ដែលមកទល់ពេលនេះបានចំនួន២0ទីតាំង ក្នុងទំហំសរុបប្រមាណ ២៥ ០០០ហិកតា នៅខេត្តចំនួន៨ ក្នុងនោះក៏មានទីតាំងគ្រប់គ្រងនិងអភិរក្សសត្វផ្សោតទន្លេមេគង្គទំហំជិត ២២ ០០០ហិកតា ក្នុងខេត្តក្រចេះផងដែរ ដែលយើងខ្ញុំហៅថាជា «កម្មសិទ្ធិប្លង់រឹងសម្រាប់សត្វផ្សោតទន្លេមេគង្គកម្ពុជា»៕ដោយ​៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print