ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា លោលសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលតំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ ព្រមទាំងត្រួតពិនិត្យកម្លាំង យុទ្ធោបករណ៍ និងមធ្យោបាយ សម្ភារ ដែលបម្រើភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងការត្រៀមចូលរួមគាំទ្រកងកម្លាំងការពារព្រំដែនជួរមុខ ដើម្បីការពារបូរណភាពទឹកដី។ ពិធីនេះដែរមានការអញ្ជើញចូលរួមពី អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងវត្តមានលោក សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញដែលជាតំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានទទួលស្វាគមន៍ចំពោះ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលបានដឹកនាំប្រតិភូក្រសួងមហាផ្ទៃ អញ្ជើញមកសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ប្រគល់ជូនកងកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសម្រួលដោះស្រាយការលំបាក ដែលជាការគិតគូរយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ចំពោះកងកម្លាំងនគរបាលជាតិ។
លោកស្នងការ ក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការគ្រប់គ្រងកម្លាំង មធ្យោបាយ សម្ភារ យុទ្ធោបករណ៍ រួចហើយស្រេច បម្រើការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គម ជាពិសេសបានប្តេជ្ញា ដើម្បីត្រៀមអនុវត្តតាមបទបញ្ជាថ្នាក់លើចូលរួមជាមួយកងកម្លាំងជួរមុខ ដើម្បីការពារបូរណភាពទឹកដីកម្ពុជាយើង។
ក្នុងឱកាសនេះដែរ លោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានលះបង់សព្វបែបយ៉ាងដោយមិនគិតនឿយហត់ បំពេញភារកិច្ចការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម បានរឹងមាំល្អ និងបានវាយតម្លៃខ្ពស់ពីការគ្រប់គ្រងកម្លាំង មធ្យោបាយសម្ភារៈ យុទ្ធោបករណ៍ បានល្អ បម្រើឱ្យការបំពេញភារកិច្ចប្រចាំថ្ងៃរបស់កងកម្លាំង អនុវត្តការងារកាន់តែសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធភាព។ លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍លើកឡើងជុំវិញសភាពការណ៍ថ្មីៗមួយចំនួនតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីឱ្យកងកម្លាំងនគរបាលរាជធានីភ្នំពេញ បានដឹងអំពីសភាពការណ៍ និងត្រៀមកម្លាំង ដើម្បីចូលរួមការពារបូរណភាពទឹកដី ជាពិសេសបន្តពង្រឹងយកចិត្តទុកដាក់លើការគ្រប់គ្រងកម្លាំង យុទ្ធោបករណ៍ មធ្យោបាយ សម្ភារ ស្បៀងអាហារ ជាប្រចាំ ជាកិច្ចការគាំទ្រដល់សមរភូមិមុខ ទោះក្នុងតម្លៃណាក៍ដោយ។
ជាមួយគ្នានោះក៏ណែនាំឱ្យបន្តពង្រឹងកិច្ចការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមឱ្យកាន់តែប្រសើរ ផងដែរ។ លោកសន្តិបណ្ឌិត រដ្ឋលេខាធិការ ក៏បានប្រគល់អំណោយរបស់លោលអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី រួមមាននូវថវិកា និងគ្រឿងឧបភោគ បរិភោគ មួយចំនួនធំផងដែរ៕ដោយ៖តារា