ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបប្រជុំជាមួយលោកសាស្ត្រាចារ្យ Jean-Marc Sorel ដើម្បីពិនិត្យ និងពិភាក្សាអំពីនីតិវិធីបន្តរបស់កម្ពុជាក្នុងការប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹង ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ ព័ត៌មាននេះត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្ដេចធិបតីនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ។
លោកសាស្ត្រាចារ្យ Jean-Marc Sorel គឺជាសមាជិកដ៏សំខាន់ម្នាក់ក្នុងក្រុមទីប្រឹក្សាច្បាប់ និងមេធាវី ដែលបានរួមចំណែកយ៉ាងធំធេងជួយឱ្យកម្ពុជាទទួលបានជោគជ័យក្នុងរឿងក្ដីបកស្រាយសាលក្រមប្រាសាទព្រះវិហារ (ឆ្នាំ១៩៦២) នៅចន្លោះឆ្នាំ២០១១-២០១៣ នៅ ICJ។
កម្ពុជានៅតែបន្តប្ដេជ្ញាចិត្តមិនរាថយ ចំពោះការនាំយករឿងក្ដីពាក់ព័ន្ធនឹងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅកាន់តុលាការ ICJ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ៕
ដោយ ៖ សិលា