នារសៀល ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ណាហ្គាស៊ីម៉ា អាគិហិសា (NAGASHIMA Akihisa) ទីប្រឹក្សាពិសេសនាយករដ្ឋមន្ត្រី និងជាសមាជិករដ្ឋសភាជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព ។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចបវរធិបតី ដែលបានផ្ដល់នូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តមបានសម្ដែងនូវការពេញចិត្ត និង វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅជប៉ុន-កម្ពុជា នៅក្នុងវិស័យគន្លឹះនានា។ ចំពោះកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ និង សន្តិសុខ, ឯកឧត្តមក៏បានសម្ដែងនូវការពេញចិត្ត, ជាពិសេស ក្នុងកិច្ចសហប្រតិបត្តិរវាង កងស្វ័យការពារជេីងគោកជប៉ុន និង កងទ័ពជេីងគោកកម្ពុជា តាមរយៈការបន្តផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា។ ទន្ទឹមនេះ, ឯកឧត្តមបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានស្វាគមន៍ និងអនុញ្ញាតឱ្យនាវាកងស្វ័យការពារជើងទឹកជប៉ុន បំពេញទស្សនកិច្ចនៅមូលដ្ឋានសមុទ្ររាម ដែលនឹងរួមចំណែកដល់ការស្វែងរកឱកាសពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ នាពេលអនាគត។ ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច, ឯកឧត្តមក៏បានសម្ដែងនូវការស្វាគមន៍ចំពោះកញ្ចប់សហបង្កើតសេដ្ឋកិច្ចកម្ពុជា-ជប៉ុន ( Economic Co-Creations Package) ដែលនេះគឺជាកាលានុវត្តភាពថ្មីមួយ នៅក្នុងការទាក់ទាញនូវវិនិយោគិនជប៉ុនបន្ថែមទៀតមកវិនិយោគ នៅប្រទេសកម្ពុជា។ ចំពោះកិច្ចសហប្រតិបត្តិការត្រីភាគី លេីការបណ្តុះបណ្តាល ការបោសសម្អាតមីនមនុស្សធម៌, ជប៉ុននឹងបន្តសហការជាមួយកម្ពុជា ជួយដល់ប្រទេសអ៊ុយក្រែននិង ប្រទេសផ្សេងទៀត។ ឯកឧត្តម សមាជិកសភា បានគូសបញ្ជាក់ អំពី ការប្តេជ្ញាចិត្ត របស់ជប៉ុន ក្នុងការពង្រឹង និង ពង្រីក ទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ ជប៉ុន-កម្ពុជា ឱ្យកាន់តែរីកចម្រេីន និង រឹងមាំបន្ថែមទៀត ស្របតាមទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។
ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯឧត្តមសមាជិករដ្ឋសភាជប៉ុន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលនេះ។ សម្ដេចបវរធិបតីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនដ៏ល្អ នៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ និងបានថ្លែងអំណរគុណដល់ភាគីជប៉ុនដែលបានផ្ដល់នូវការគាំទ្រដល់ការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពដល់កងទ័ពកម្ពុជា។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីបានសម្តែការពេញចិត្តយ៉ាងខ្លាំងចំពោះការដាក់ចេញនូវយន្តការថ្មីសម្រាប់កិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ផ្តោតលើសសរស្តម្ភសំខាន់ៗទាំង៣ និង បានគូសបញ្ជាក់ថា ក្រសួង ស្ថាប័ន កម្ពុជា បាន ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ ទំនាក់ទំនង និង កិច្ចសហការជាមួយ ភាគី ជប៉ុន ដេីម្បីអនុវត្តយន្តការនៃ កិច្ចសហប្រតិបត្តិការ ថ្មីនេះ ឱ្យទទួលបានជោគជ័យ ។ សម្ដេចបវរធិបតីក៏បានអរគុណដល់ភាគីជប៉ុន ដែលបានផ្ដល់ការគាំទ្រដល់សកម្មភាពបោសសម្អាតមីននៅកម្ពុជា នាពេលកន្លងមក និងបានគូសបញ្ជាក់អំពីការបន្តនូវការគាំទ្ររបស់កម្ពុជាទៅលើគំនិតផ្ដួចផ្ដើរមរបស់ជប៉ុនទៅលើសកម្មភាពបោសសម្អាតមីនមនុស្សធម៌ ដើម្បីជាការរួមចំណែកត្រឡប់ទៅវិញរបស់កម្ពុជា ជាមួយសហគមន៍អន្តរជាតិ តាមរយៈការបញ្ជូននូវកងកម្លាំងថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលផ្ដោតទៅលើការបោសសម្អាតមីន និងការថែរក្សាសន្តិភាព ដែលពីមុន កម្ពុជា ជាប្រទេសដែលធ្លាប់ទទួលកងរក្សាសន្តិភាពអង្គការ សហប្រជាជាតិ ។