ត្រីមេពូជ កូនត្រី និងវារីសត្វពូជចំនួនសរុបជាង២០ប្រភេទ ប្រមាណជា១,៥លានក្បាលត្រូវបានប្រលែងចូលបឹងធម្មជាតិទន្លេបាទី នៅខេត្តតាកែវ ក្នុងកម្មវិធីទិវាមច្ឆជាតិ១ កក្កដា លើកទី២០

ចែករំលែក៖

ខេត្ត​តាកែវ​៖​ ក្នុងកម្មវិធីទិវាមច្ឆជាតិ ១កក្កដា លើកទី២០ ឆ្នាំ២០២៥ បានប្រារព្ធធ្វើឡើងនៅបឹងទន្លេបាទី ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នាឱកាសនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំការប្រលែង​ត្រី​មេពូជ កូនត្រី និងវារីសត្វសរុបជាង ២០ប្រភេទ ប្រមាណ ១,៥លានក្បាល ដូចជា ត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង អណ្ដើក កន្ធាយ បង្កងទឹកសាប ។ល។ ចូលទៅបឹងទន្លេបាទី។

បឹងទន្លេបាទី មានបណ្តោយប្រវែងប្រមាណ ៧គ.ម និងទទឹងប្រវែង ‌១គ.ម ជម្រៅ​៧ម៉ែត្រនៅរដូវស្សា និង២ម៉ែត្រ នៅរដូវប្រាំង បានកំពុងដើរតួនាទីជា​ប្រភព​ទឹកដ៏​សំខាន់​​សម្រាប់ផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ ការធ្វើកសិកម្ម និងការរក្សាទុក នូវត្រីមេពូជ​សម្រាប់​បន្តពូជ ដែលជាប្រភពស្បៀងអាហារ និងប្រាក់ចំណូលរបស់​ប្រជាពលរដ្ឋ ពឹង​អាស្រ័យ​​លើផលនេសាទ កសិកម្ម និងទេសចរណ៍។

ជារៀងរាល់ឆ្នាំត្រីមេពូជ កូនត្រី និងវារីសត្វពូជស្រុកប្រមាណ ៥លានក្បាល ត្រូវ​ប្រលែង​ចូលទៅក្នុងដែនទឹកធម្មជាតិ ទាំងនៅទីតាំងពិធី និងនៅទូទាំងប្រទេស។ កាលពីឆ្នាំ២០២៤ ទិវាមច្ឆជាតិ ១កក្កដា លើកទី១៩ ត្រូវបានរៀបចំឡើងនៅបឹងធំ ស្ថិតនៅភូមិសាស្ត្រឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបាន​ប្រលែង​ត្រីមេពូជ កូនត្រី និងវារីសត្វសរុប២០ប្រភេទ ប្រមាណ១,៥លានក្បាលទៅក្នុងបឹងធំ។

សូមជម្រាបថា “ទិវាមច្ឆជាតិ” ត្រូវបានប្រារព្ធឡើងរៀងរាល់ថ្ងៃទី១ ខែកក្កដា ចាប់តាំង​ពីឆ្នាំ២០០៣ មកទល់ពេលបច្ចុប្បន្ន ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និង​បំផុស​ស្មារតី​ឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ចូលរួមអភិរក្ស និងអភិវឌ្ឍន៍ធនធាន​ជលផល​ប្រកប​ដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ ​បំពេញសេចក្តី​ត្រូវការ​អាហារ មូលដ្ឋាន​ប្រចាំថ្ងៃ ធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print