ភ្នំពេញ ៖ គ្មាននរណាដឹងពីជីវិត ការរស់នៅរបស់អ្នកដទៃបានទេ ! «ចង្កៀងអុជផ្ទះអ្នកណា គឺភ្លឺផ្ទះអ្នកហ្នឹង» ។ ថៃនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បញ្ជាក់ប្រាប់សារព័ត៌មានថា ៖ លោក ទ្រី ស៊ីថេង បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង ចាប់ពីថ្ងៃទី៣០ ខែមិថុនា ដែលមិនមែនជាការបញ្ឈប់ ឬស្នើឱ្យលាឈប់នោះឡើយ
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននារសៀលនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រៀបរាប់នៅភ្នំតាម៉ៅ ការផ្តល់ចំណី និងការថែទាំសត្វ មិនថាសត្វដំរី ឬសត្វផ្សេងៗទៀតនោះទេ គឺនៅតែបន្តផ្តល់ និងថែទាំជាប្រចាំតាមធម្មតា។
បច្ចុប្បន្ននេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃចំណាយប្រាក់ជាង ១,៥០០០ ដុល្លាសហរដ្ឋអាមេរិកក្នុងមួយខែសម្រាប់តែចំណីសត្វប៉ុណ្ណោះនៅភ្នំតាម៉ៅ ។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បង្ហាញពីប្តេជ្ញាចិត្តរក្សាសុខុមាលភាពរបស់សត្វដំរីទាំងអស់ដែលកំពុងរស់នៅភ្នំតាម៉ៅ ដោយធ្វើការសហការជាដៃគូជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដោយឡែកលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាមាញ់ និងនេសាទ នឹងទទួល ជួប លោក ទ្រី ស៊ីថេង នៅថ្ងៃទី៣ ខែកក្កដា ដើម្បីជួយរកដំណោះស្រាយ ក្រោយលោក សម្រេច ចិត្តលាឈប់ពីការងារជាអ្នកថែទាំ «ដំរីឡាក់គី»។
បើតាមលោក ទ្រី ស៊ីថេង ឱ្យដឹងថា ៖ លោកបានចូលបម្រើការងារជាបុគ្គលិកសួនសត្វភ្នំតាម៉ៅ នៅឆ្នាំ១៩៩៥ ហើយ ទទួលបានឱកាសថែទាំ និងបង្ហាត់បង្រៀនដំរីឡាក់គី នៅឆ្នាំ១៩៩៩ រហូតមកដល់ ឆ្នាំ២០២៥ ។ ដំរី ឡាក់គី បានចាត់ទុកលោក ស៊ីថេង ជាអាណាព្យាបាលដែលវា មិនអាចខ្វះបាន ។
ក្រោយលាឈប់ពីការងារ មានមហាជនជាច្រើនបានប្រតិកម្ម និងវែកញែក អំពីមូលហេតុ ផ្សេងៗ គ្នាទាក់ទងនឹងការចាកចេញរបស់ហ្មដំរី ដ៏មានជំនាញប៉ិនប្រសប់ម្នាក់នេះ។ ទាក់ទិនរឿងនេះ ក្រសួងកសិកម្មបានបញ្ជាក់ថា ការលាឈប់របស់លោក ទ្រី ស៊ីថេង គឺជារឿងផ្ទៃក្នុងរវាងលោកនិងអង្គការសម្ព័ន្ធមិត្តសត្វព្រៃសុទ្ធសាធ ដោយពុំជាប់ពាក់ព័ន្ធ នឹងរដ្ឋបាល ព្រៃឈើ ឬក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ទេដែរ។
សូមជម្រាបថា ឡាក់គី និងដំរី៧ក្បាលទៀត នៅឧទ្យានភ្នំតាម៉ៅ ស្ថិតក្រោមការគ្រប់ គ្រងចិញ្ចឹមមើលថែដោយរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ វត្តមានរបស់លោក ទ្រី ស៊ីថេង នៅក្នុងជីវិតរបស់ ឡាក់គី កើតឡើងតាមរយៈកិច្ច សហការរបស់ក្រសួងជាមួយអង្គការដៃគូ។ បើតាមក្រសួងកសិកម្ម ដំរីនីមួយៗ នៅឧទ្យានសួនសត្វ ភ្នំតាម៉ៅ ពុំមែនទទួលបានការមើលថែពី ហ្ម តែម្នាក់នោះទេ។ ដំរីមួយ មានហ្មពី ២ទៅ ៣ នាក់ មើលថែដោយក្ដីស្រឡាញ់ការយកចិត្តទុកដាក់និងទទួលខុសត្រូវខ្ពស់ ។
សូមរំលឹថា ៖ លោក ទ្រី ស៊ីថេង បានបង្ហោះឃ្លាយ៉ាងខ្លីថា «បើអាចយកទៅជាមួយបាន ខ្ញុំយកទៅហើយ ខ្ញុំពិតជារំជួលចិត្តណាស់» ! ចំណុចនេះហើយ ដែលលោករដ្ឋមន្ត្រីក្រសួងកសិកម្ម នឹងទទួល ជួប លោក ទ្រី ស៊ីថេង នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ស្អែក ដើម្បីជួយរកដំណោះស្រាយ ក្រោយលោក សម្រេច ចិត្តលាឈប់ពីការងារជាអ្នកថែទាំ «ដំរីឡាក់គី»។ ពីព្រោះថាជាម្តាយទីពីរ «ឡាក់គី» ពីវ័យ៦ខែ លោក ទ្រី ស៊ីថេង គឺជាមនុស្សដ៏ជិតស្និទ្ធបំផុតរបស់ ឡាក់គី និងជាអ្នកដែលបានមើលថែខ្លួន រយៈពេល២៦ឆ្នាំមកហើយ ពោលគឺចាប់ពីឆ្នាំ ១៩៩៩ ដល់២០២៥នេះ ។ ដូចអ្នកទាំងអស់គ្នាឃើញស្រាប់ហើយ លោក ទ្រី ស៊ីថេង ចាកចេញពី ឡាក់គី មើលក្នុងវីដេអូ មហាជនមិនបរិយាយទេ មានតែទឹកភ្នែក អាណិតសត្វ ដែលធ្លាប់រស់នៅជាមួយ លោក ទ្រី ស៊ីថេង ដូចជាម្តាយទីពីរ ដល់អាយុ២៦ ឆ្នាំ ត្រូវចាកចោលកូន ! ហើយកូនរត់ដេញកាក់ ! ចឹងថ្ងៃស្អែកយើងនឹងដឹង ការពិតដោយមូលហេតុអី ? ៕
ដោយ ៖ សិលា