អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម To Lam បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅយប់ថ្ងៃពុធ (ម៉ោងនៅទីក្រុងហាណូយ) ដើម្បីពិភាក្សាអំពីទំនាក់ទំនងរបស់ប្រទេសទាំងពីរ និងការចរចារតម្លៃពន្ធពាណិជកម្មទៅវិញទៅមក។
មេដឹកនាំទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍន៍ដ៏រឹងមាំ និងវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី។ ពួកគេបានស្វាគមន៍គណៈប្រតិភូចរចាទាំងពីរដែលឈានដល់ការឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមវៀតណាម – អាមេរិក ទាក់ទងនឹងក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមកដោយស្មើភាព និងមានតុល្យភាព។
ប្រធានាធិបតីសហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការផ្តល់សិទ្ធិចូលដំណើរការទីផ្សារអនុគ្រោះសម្រាប់ទំនិញរបស់សហរដ្ឋអាមេរិក រួមទាំងរថយន្តដែលមានម៉ាស៊ីនធំផងដែរ។ លោកបានអះអាងថា សហរដ្ឋអាមេរិកនឹងកាត់បន្ថយពន្ធទៅវិញទៅមកយ៉ាងសំខាន់លើការនាំចេញរបស់វៀតណាមជាច្រើន ហើយនឹងបន្តធ្វើការជាមួយវៀតណាមដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធពាណិជ្ជកម្មដែលលេចធ្លោ ជាពិសេសក្នុងវិស័យអាទិភាពរបស់ភាគីទាំងពីរ។ អគ្គលេខាធិកា Lam បានអំពាវនាវឱ្យសហរដ្ឋអាមេរិកឆាប់ទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ និងលុបចោលការរឹតបន្តឹងការនាំចេញលើផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួន។ អគ្គលេខាធិការ Lam និងលោកប្រធានាធិបតី Trump ក៏បានពិភាក្សាគ្នាអំពីទិសដៅ និងវិធានការសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំខាងមុខ។ មេដឹកនាំទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងទំនាក់ទំនងគ្រប់កម្រិត ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាពិសេសលើវិស័យសំខាន់ៗ និងឈានមុខគេ ដូចជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខ្ពស់។ ឆ្លៀតក្នុងឱកាសនេះ មេដឹកនាំកំពូលវៀតណាមបានរំលឹកឡើងវិញនូវការអញ្ជើញប្រធានាធិបតីអាមេរិក និងភរិយាមកបំពេញទស្សនកិច្ចនៅវៀតណាម ហើយបានសម្តែងនូវបំណងចង់ជួបលោក Trump ម្តងទៀតនាពេលខាងមុខ។ លោក Trump បានថ្លែងអំណរគុណចំពោះលោក Lam សម្រាប់ការអញ្ជើញ និងបង្ហាញពីបំណងចង់ជួបមេដឹកនាំវៀតណាមម្តងទៀតក្នុងពេលឆាប់ៗនេះ។