សម្ដេចតេជោ និងឥស្សរជនកំពូលៗ អញ្ជើញរាប់បាត្រឧទ្ទិសកុសលជូនសម្ដេច ជា សុីម និងលោកជំទាវ ព្រមទាំងអតីតអ្នកតស៊ូរំដោះកសាងជាតិ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ឈានចូលទិវាទី៣ នៃពិធីបុណ្យរំលឹកខួបមរណភាពសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជាស៊ីម នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួមទាំងឥស្សរជនជាតិ បានប្រារព្ធកិច្ចរាប់បាត្រឧទ្ទិសកុសល ជូនសម្ដេចអគ្គមហាធម្មពោធិសាល និងលោកជំទាវ ព្រមទាំងអតីតអ្នកតស៊ូរួមអាវុធរំដោះ និងកសាងជាតិ។

ក្នុងបរិវេណមហារោងបុណ្យ ស្ថិតនៅគេហដ្ឋានកំណើតតស៊ូ ក្នុងភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ពិធីរាប់បាត្រ វេរភត្តាហារ និងចង្ហាន់ប្រគេនព្រះសង្ឃ តាមគន្លងព្រះពុទ្ធសាសនា បានប្រព្រឹត្តទៅដោយមានការយាងនិមន្ត ពីសម្ដេចព្រះសង្ឃ ព្រះសង្ឃ សរុបចំនួន១០៩អង្គ។

នាព្រឹកនោះដែរ ក្រុមគ្រួសារសម្ដេចធម្មពោធិសាល និងលោកជំទាវ អធិបតីដោយសម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង ក៏បានប្រារព្ធពិធីពុទ្ធាភិសេកព្រះពុទ្ធរូប និងមឈូសារនៃសពសម្ដេច ជា ស៊ីម និងលោកជំទាវ ដែលតម្កល់ និងរៀបចំទុកដាក់ ក្នុងសារមន្ទីរផងដែរ។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ក៏បានរៀបចំអាហារថ្ងៃត្រង់ និងអំណោយ ជូនលោកតា លោកយាយសរុប១៥០នាក់ ដែលសុទ្ធសឹងតែជាចាស់ទុំរស់នៅឃុំក្របៅ និងធ្លាប់បានចូលព្រៃតស៊ូជាមួយសម្ដេច ជា ស៊ីម និងលោកជំទាវ។

សម្ដេចតេជោ បានមានប្រសាសន៍ថា វត្តមាននៃការអញ្ជើញចូលរួមរបស់ឥស្សរជនជាតិកំពូលៗ ជាការបង្ហាញនូវស្មារតីសាមគ្គីរឹងមាំជាអមតៈ ដោយសម្ដេចសង្កត់ធ្ងន់ថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាពុំដែលចោលគ្នាឡើយ ហើយស្មារតីនេះ ជាលំអានដ៏ឧត្តុង្គឧត្តមសម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយ។

សូមបញ្ជាក់ថា សម្ដេច ជា ស៊ីម បានទទួលអនិច្ចកម្ម កាលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងជន្មាយុ៨៣ឆ្នាំ ចំណែកលោកជំទាវ ញ៉ែម សឿន ជាស៊ីម បានទទួលអនិច្ចកម្មកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០០៩។ សម្ដេចធម្មពោធិសាល ជាសហស្ថាបនិករណសិរ្ស២ធ្នូ ដែលដឹកនាំការវាយផ្ដួលរលំរបបខ្មែរក្រហម។

សម្ដេចធម្មពោធិសាល ធ្លាប់កាន់មុខតំណែង និងតួនាទីជាអនុប្រធានរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានសភាប្រជាជន ជាប្រធានក្រុមប្រឹក្សារដ្ឋ ជាអ្នកតំណាងរាស្ត្រ ជាប្រធានរដ្ឋសភា ជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា រហូតដល់ថ្ងៃទទួលអនិច្ចកម្ម។

សម្ដេច ជា សុីម បានទទួលការប្រោសព្រះរាជប្រទាន គោរមងារពីព្រះមហាក្សត្រ ជាសម្តេចអគ្គមហាធម្មពោធិសាល កាលពីអំឡុងឆ្នាំ២០០៧ និងតែងតាំងជានាយឧត្តមសេនីយ៍ផ្កាយមាស៥ កាលពីខែធ្នូ ឆ្នាំ២០០៩ ជាមួយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print