សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្តាល ជា ស៊ីម កំចាយមារ

ចែករំលែក៖

ខេត្តព្រៃវែង ៖ នៅព្រឹកថៃ្ងព្រហស្បតិ៍ ៨កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៃមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្តាល ជា ស៊ីម កំចាយមារ សរុបជាង១ពាន់នាក់។

យោងតាមរបាយការណ៍បានឲ្យដឹងថា មជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ មានសិស្ស និស្សិតកំពុងសិក្សាចំនួន ៦,៦៨៧នាក់ ស្រី ៣,៨៧៣នាក់ ដែលស្មើនឹង ៥៨% និងមានបុគ្គលិកអប់រំសរុប ៣៤២នាក់ ស្រី ៧៥នាក់។ នៅក្នុងមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ នេះ
មានជាសាលាមតេយ្យសិក្សា, សាលាបឋមសិក្សា,អនុវិទ្យាល័យ, វិទ្យាល័យ, វិទ្យាស្ថានអភិវឌ្ឍន៍សហគមន៍, សាកលវិទ្យាល័យ,
វិទ្យាស្ថានអភិវឌ្ឍន៍សហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ កោតសរសើរចំពោះគណៈគ្រប់គ្រងនៅមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារទាំងអស់ ដែលបានធ្វើឲ្យមជ្ឈមណ្ឌលនេះមានការរីកចម្រើន និងបន្តនិរន្តរភាពរហូតដល់សព្វថ្ងៃនេះ និងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានខិតខំរួមគ្នាកសាង និងអភិវឌ្ឍន៍នៅខេត្តព្រៃវែងតាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ។

សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាមគឺបានឡើងជាង ១០ពាន់លានដុល្លារអាមេរិកហើយ ខណៈការនាំចូល-នាំចេញទំនិញរវាងប្រទេសទាំងពីរនេះមានលក្ខណៈប្រដំប្រសងគ្នា។
សម្ដេចតេជោរំពឹងថា ក្រោយសម្ពោធដាក់ឲ្យដំណើរការនូវច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែងនោះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម កាន់តែរីកចម្រើនបន្ថែមទៀតនៅពេលខាងមុខ។សម្តេចតេជោបានបញ្ជាក់ថា ការកំណត់ព្រំដែនក្នុងទឹកជ្រៅរវាងកម្ពុជា និងវៀតណាម នឹងទទួលបានផលប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ក្នុងនោះច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ-តឹនណាម (កម្ពុជា-វៀតណាម) បានប្រែក្លាយទៅជាតំបន់ និងព្រំដែនសុខសន្តិភាព ជាព្រំដែនសម្រាប់ទីផ្សារដោះដូរទំនិញ និងជាព្រំដែនដែលមានការអភិវឌ្ឍន៍រីកចម្រើន សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

សម្តេចតេជោផ្តាំទៅក្រុមប្រឆាំងថា ថ្ងៃទី១១កក្កដា នេះ រដ្ឋសភា នឹងបើកកិច្ចប្រជុំដើម្បីធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិខ្មែរ ចំពោះបុគ្គលណា ដែលឃុបឃិតជាមួយបរទេសដើម្បីបំផ្លាញជាតិឯងហើយ។សម្តេចសម្តែងការហួសចិត្តចំពោះជនឧទ្ទាមក្រៅច្បាប់ម្នាក់ ដែលបានជិះទូកមិនពុលរលកសោះបែរជាផ្តាំមកសម្តេចថាសុខភាពគេនៅល្អ ខណៈវីដេអូឃ្លីបពីជននេះផ្ញើមកសម្តេចនោះក្នុងគោលបំណងចង់ឲ្យសម្តេចឆ្លើយឆ្លងជាមួយគេដើម្បីឡើងកូដ។

ទាក់ទងទៅនឹងបញ្ហាព្រំដែន កម្ពុជា-ថៃ សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅភាគីថៃជាថ្មីម្តងទៀតថា គ្មានការចរចាទ្វេភាគីជាដាច់ខាតក្នុងករណីព្រំដែនរវាងកម្ពុជា និងថៃ ខណៈខាងភាគីថៃកំពុងព្យាយាមទាក់ទងមកកម្ពុជាដើម្បីធ្វើការបើកច្រកឡើងវិញនោះ។សម្តេចបានបញ្ជាក់ថា ពុំចាំបាច់មកប្រាប់កម្ពុជាទេ ពាក់ព័ន្ធនឹងការបើកព្រំដែន តែសូមប្រាប់ទៅប្រជាជនថៃខ្លួនឯងវិញថា ព្រំដែនត្រូវបានបើកដំណើរការធម្មតាវិញហើយ ហើយកម្ពុជាត្រូវការតែត្រឹមដំណើរការដូចមុនពេលបិទជាឯកតោភាគី ហើយគ្មានការចរចាអ្វីទៀតនោះទេ។

សម្តេចបានផ្តាំទៅរាជរដ្ឋាភិបាលថា ចាប់ពីពេលនេះតទៅឈប់ទិញដាច់ខាតចំពោះអគ្គិសនី និងអ៊ីនធឺណែត ប្រេងឥន្ធនៈ និងឧស្ម័នរបស់ថៃ។ ការប្រកាសសម្តេចបែបនេះគឺដើម្បីបង្ការនាពេលខាងមុខមានបញ្ហាជាមួយគ្នា គេនឹងមានការគំរាមកំហែងដល់កម្ពុជាទៀត។សម្តេចបានបង្ហើបថា ប៉ុន្មានថ្ងៃកន្លងទៅនេះ ភាគីថៃបានលួចដឹកប្រេងតាមផ្លូវទឹកចូលមកកម្ពុជា ប៉ុន្តែត្រូវបានទាហានជើងទឹកកម្ពុជាបណ្តេញចេញទៅវិញ។

មុននឹងបញ្ចប់ សម្ដេចតេជោ ហ៊ុន សែន បានជូនពរដល់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំ និងបណ្ដុះបណ្ដាល ជា ស៊ីម កំចាយមារ នេះ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅទីនេះជាបន្តបន្ទាប់ទៀត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print