ខេត្តកំពង់ធំ : សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ចាប់តាំងពីឆ្នាំ១៩៥១ មក គណបក្សប្រជាជនកម្ពុជាធ្លាប់បានប្ដូរឈ្មោះ និងបានប្ដូរជំនាន់អ្នកដឹកនាំប្រទេស។ ប៉ុន្តែបុព្វហេតុរបស់គណបក្សពុំដែលត្រូវបានប្ដូរនោះទេ។ សម្ដេចបន្តថា ដូចនេះយើងជឿជាក់ថា ទោះបីរាប់រយឆ្នាំទៅមុខទៀត ក៏គណបក្សប្រជាជកម្ពុជា មិនផ្លាស់ប្តូរបុព្វហេតុរបស់ខ្លួនដែរ ពោលគឺនៅតែបន្តនៅបម្រើជាតិនិងប្រជាជនដដែល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មានកត្តាធំៗពីរ ដែលគណបក្សប្រជាជននឹងនៅតែបន្តដឹកនាំប្រទេសឆ្ពោះទៅមុខទៀត ដោយកត្តាទី១ គឺដោយសារប្រជាជនជឿជាក់លើការដឹកនាំរបស់គណបក្ស ក្នុងការការពារសុខសន្តិភាព ស្ថិរភាពនយោបាយ។ ចំណែកឯកត្តាមួយទៀតវិញ គឺការជឿជាក់ថាគណបក្សប្រជាជនកម្ពុជា ទោះកន្លង ១០០ឆ្នាំទៅមុខទៀតក្ដី ក៏គណបក្សមិនចោលនូវបុព្វហេតុរបស់ខ្លួនដែលបានខិតខំប្រឹងប្រែងធ្វើ ដើម្បីជាតិ និងប្រជាជននោះដែរ ដែលនេះគឺជាគ្រឹះដ៏រឹងមាំ និងយូរអង្វែងរបស់គណបក្ស។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការពារសុខសន្ដិភាព និងសុវត្ថិភាពសង្គម នៅតែជាគោលដៅចម្បងរបស់គណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជានឹងមិនធ្វើអ្វីឱ្យខូចខាតប្រយោជន៍ជាតិនោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែង ៖ មកដល់ម៉ោងនេះ គ្មានគណបក្សណាដែលអាចប្រកួតប្រជែងជាមួយគណបក្សប្រជាជននោះបានទេ។ សូមបងប្អូនប្រជាពលរដ្ឋទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។ ការដឹកនាំរបស់គណបក្សប្រជាជន គ្មានការរើសអើងនិន្នាការនោះទេ។ ដោយសារប្រជាពលរដ្ឋមើលឃើញជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ទើបប្រជាពលរដ្ឋបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើន៕
ដោយ : សិលា