ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអាទិត្យ ទី៦ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវ ហូ បូរ៉ាលីន ភរិយាឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត្រ ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនា នៅគេហដ្ឋានសពក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ។
លោកជំទាវ ហូ បូរ៉ាលីន បានទទួលមរណភាព នៅថ្ងៃចន្ទ ៥កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៩៖៥៦នាទីព្រឹកក្នុងជន្មាយុ៥៨ឆ្នាំ ដោយរោគាពាធ។
ក្នុងបរិយាកាសដ៏សែនវិយោគសោកសង្រេងស្រណោះអាឡោះអាល័យនេះ សម្តេចប្រធានរដ្ឋសភា ចូលរួមរំលែកនូវមរណទុក្ខដ៏មហាក្រៀមក្រំ ជាមួយក្រុមគ្រួសារសព និងចាត់ទុកមរណភាព លោកជំទាវ ហូ បូរ៉ាលីន គឺជាការបាត់បង់នូវ ភរិយា មាតាបង្កើត កូន កូនប្រសាបងប្អូន ជាទីគោរពស្រលាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ដ៏បវរប្រពៃ។
សម្តេចរដ្ឋសភាធិបតី និងប្រតិភូរដ្ឋសភាបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ហូ បូរ៉ាលីន បានចាប់បដិសន្ធិក្នុងសុគតិភពគ្រប់ៗ ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា