ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាបានប្រកាសជូនដំណឹងថា សាកលវិទ្យាល័យ Arizona (University of Arizona) ដែលជាសាកលវិទ្យាល័យដ៏ល្បីមួយស្ថិតនៅរដ្ឋ Arizona សហរដ្ឋអាមេរិកនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកម្មវិធីសញ្ញាប័ត្រទេ្វ (ពីរ) ជាមួយសាកលវិទ្យាល័យដ៏ល្បីឈ្មោះមួយនៅកម្ពុជា។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅថៃ្ងអង្គារ៌នេះ បានឲ្យដឹងថា លោក William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា នឹងធ្វើជាសាក្សីនៅក្នុងពិធី ចុះហត្ថលេខាជាផ្លូវការ ដើម្បីបង្កើតកម្មវិធីសញ្ញាប័ត្រទ្វេ (Dual Degree) រវាងសាកលវិទ្យាល័យ Arizona នៅសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) នៅថ្ងៃព្រហស្បតិ៍ទី០១ ខែកញ្ញា នៅសាកលវិទ្យាល័យ AUPP ។
សេចក្តីប្រកាសព័ត៌មានខាងលើបានបនែ្ថមថា «កម្មវិធីភាពជាដៃគូថ្មីនេះនឹងផ្តល់ឲ្យនិស្សិតកម្ពុជានូវការសិក្សាប្រកបដោយគុណភាពខ្ពស់បែបអាមេរិក ដែលអនុញ្ញាតឲ្យពួកគេទទួលបានសញ្ញាបត្របរិញ្ញាបត្រនិងបរិញ្ញាបត្រជាន់ខ្ពស់ពីសាកលវិទ្យាល័យ Arizona និងសាកលវិទ្យាល័យ AUPP ដោយសិក្សានៅក្នុងប្រទេសកម្ពុជា»។
សាកលវិទ្យាល័យ Arizona ត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យឈានមុខលើពិភពលោក និងជាប់ចំណាត់ថ្នាក់ទី១៦ លើការទទួលបានការងារធ្វើរបស់និស្សិត បន្ទាប់ពីបញ្ចប់ការសិក្សា ។ ទន្ទឹមនឹងនេះ សាកលវិទ្យាល័យ Arizona ជាសាកលវិទ្យាល័យនាំមុខលើការស្រាវជ្រាវ ដោយវិនិយោគអស់ទឹកប្រាក់ជាង ៦០០ លានដុល្លារ ក្នុងមួយឆ្នាំៗ ព្រមទាំងជាប់ចំណាត់ថ្នាក់ទី១៩ ក្នុងចំណោមសាកលវិទ្យាល័យរដ្ឋរបស់អាមេរិក និងជាប់ចំណាត់ថ្នាក់ទី ៦២ ក្នុងចំណោមជាង ៥.៣០០ សាកលវិទ្យាល័យនិងគ្រឹះស្ថានអប់រំឧត្តមសិក្សារដ្ឋ និងឯកជន នៅអាមេរិក៕
ដោយ៖ សហការី