បាក់រលំអគារ​នៅឥណ្ឌា​ស្លាប់មនុស្សយ៉ាងតិច១១នាក់

ចែករំលែក៖

ក្រុមជួយសង្គ្រោះ​ឥណ្ឌា​បានថ្លែងថា យ៉ាងហោចណាស់​មនុស្ស​១១នាក់​បានបាត់បង់ជីវិត កាលពីថ្ងៃទី៤ ខែសីហា​ឆ្នាំ២០១៥ បន្ទាប់ពីហេតុការណ៍បាក់រលំអគារ​មួយកន្លែងស្ថិតនៅមិនឆ្ងាយ​ប៉ុន្មានពីទីក្រុងម៉ុមបៃ ។ នេះជាហេតុ​ការណ៍ទី២ហើយគិតក្នុងរយៈពេលមួយសប្តាហ៍​ដែលមានការបាក់រលំអគារនៅរដ្ឋធានីពាណិជ្ជកម្មរបស់​ឥណ្ឌា​​ ។

mumbai-building-collapse

មន្ត្រីបានបញ្ជាក់ថា ជនរងគ្រោះ​បាននិងកំពុងដេកលងលក់​កាលពីយប់ថ្ងៃទី៣ ខែសីហា ហើយស្រាប់តែមាន​ហេតុការណ៍បាក់រលំអគារកម្ពស់៣ជាន់នេះតែម្តង ។ ក្រុមជួយសង្គ្រោះ​បានឆ្ពោះទៅកាន់កន្លែងកើតហេតុ​ភ្លាមៗ ដើម្បីសង្គ្រោះ​ជនរងគ្រោះដែលកប់នៅក្រោមគំនរបាក់បែក ។

លោក Alok Avasthy មន្ត្រី​របស់កងកម្លាំងជួយសង្គ្រោះ​គ្រោះមហន្តរាយជាតិ​បានបញ្ជាក់​ប្រាប់ AFP ថា សាកសព​១១នាក់ត្រូវបានរកឃើញ និង៧នាក់ផ្សេងទៀត​ មានសំណាង គឺនៅរស់រានមានជីវិត ។ ជាមួយគ្នានេះ ជនរងគ្រោះ​ម្នាក់ទៀត​នៅបាត់ខ្លួន ។ ​អគារនេះមានទីតាំងស្ថិតនៅ​តំបន់ Naupada ទីក្រុង Thane ជិតទីក្រុងម៉ុមបៃ ។

លោក Avasthy បានបញ្ជាក់ថា អគារនេះ​មានអាយុកាលជាង៥០ឆ្នាំកន្លងមកហើយ ជាអគារចាស់ទ្រុឌទ្រោម ដែលត្រូវរដ្ឋាភិបាលប្រកាស​មិនឲ្យពលរដ្ឋទៅរស់នៅទីនោះឡើយកាលពី២ឆ្នាំមកម្ល៉េះ ប៉ុន្តែ​ពលរដ្ឋនៅតែ​ទៅ​រស់នៅ​ទីនោះ មិនស្តាប់តាមការព្រមានរបស់រដ្ឋាភិបាល ។

លោកបន្តថា ក្រុមជួយសង្គ្រោះ​ដោយមានសត្វសុនខជួយហិតក្លិនផង​បានរកឃើញគ្រួសារមួយមានគ្នា៥នាក់ នៅរស់​រានមានជីវិត គេចផុតពីសេចក្តីស្លាប់ ។

គ្រោះថ្នាក់ស្តីពីការបាក់អគារ​នៅក្នុងប្រទេសឥណ្ឌា ជានិច្ចកាលបានកើតឡើង​ជាបន្តបន្ទាប់ ។ គេបានបញ្ជាក់ថា មូលហេតុភាគច្រើនបណ្តាលឲ្យការសាងសង់អគារខ្វះលក្ខណៈបច្ចេកទេស ។ សូមបញ្ជាក់ថា កាលពីសប្តាហ៍​កន្លង​នេះ មនុស្ស៩នាក់បានបាត់បង់ជីវិត ក្រោយការបាក់រលំអគារកម្ពស់៣ជាន់ ដោយសារតែ​ភ្លៀងធ្លាក់ខ្លាំង​ក្នុង​រដូវវស្សា ស្ថិតនៅជាយក្រុងម៉ុមបៃ តំបន់ Thakurli ។

ពលរដ្ឋឥណ្ឌារាប់លាននាក់​រស់នៅក្នុងអគារចាស់ៗទ្រុឌទ្រោម ដែលមើលទៅគួរឲ្យភ័យព្រួយបំផុត ជាពិសេស​នៅ​រដូវភ្លៀងធ្លាក់នេះ ។ អគារកម្ពស់១១ជាន់​ដែលសាងសង់ឡើងនៅភាគខាងត្បូងរដ្ឋ Tamil Nadu នោះ​បានបាក់​កាលពីខែកក្កដា ឆ្នាំ​២០១៤ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យស្លាប់មនុស្ស៦១នាក់ ភាគច្រើន​ជាពលករ ៕

...

mumbai-India-_8-4-2015_193138_l

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print