ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់កាបូបដៃពីជនជាតិបរទេសដែលកំពុងធ្វើដំណើរតាមដងផ្លូវ ត្រូវកម្លាំងនគរបាលចម្រុះខណ្ឌដង្កោបានចេញប្រតិបត្តិការណ៍ដេញចាប់ឃាត់ខ្លួនបានភ្លាមៗ នាវេលាម៉ោង ០៩និង៣០នាទី ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង មុខ សាលាកសិកម្មចំការដូង ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
នគរបាលខណ្ឌដង្កោបានអោយដឹងថា ជនរងគ្រោះឈ្មោះ MARSCO ភេទប្រុស សញ្ជាតិអ៉ីតាលី អាយុ២៩ឆ្នាំ មុខរបរអ្នកជំនួញ កាន់លិខិតឆ្លងដែនលេខ AA១១១៤៧៣៧ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅសណ្ឋាគារ TEA HOUSE សង្កាត់ បឹងព្រលិត ខណ្ឌដូនពេញ ។ ចំណែកជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបហើយត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមាន ឈ្មោះ សែម ថុល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ។
លោកវរសេនីយ៍ទោ ជឹម សីុថា អធិការខណ្ឌដង្កោបានអោយដឹងថា មុនពេលឃាត់ខ្លួនជនសង្ស័យខាងលើគឺលោកបានបញ្ជាកម្លាំងក្រោមឱវាទដាក់យាមនៅតាមគោលដៅនីមួយៗក្នុងភូមិសាស្ត្រដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយ ភូមិសង្កាត់មានសុវត្ថិភាពទាំង ៩ ចំណុច ។
លោកបន្តថាស្របពេលកម្លាំងកំពុងជិះល្បាតក្នុងមូលដ្ឋាននោះស្រាប់លេចមុខជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកស្ទេប ពណ៌សលាយខ្មៅ បិទស្កត់ក្រហម ពាកស្លាកលេខ ភ្នំពេញ 1AC-4548 បានធ្វើសកម្មភាពជិះឆក់កាបូបពីជនជាតិបរទេសដែលកំពុងជិះលើកម៉ូតូកង់បី បាន សម្រេច ហើយព្យាយាមបើករត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងរបស់លោកដែលកំពុងល្បាតឃើញក៏បានដេញចាប់ប្រផាប់ប្រផីងរហូតដល់សាលាកសិកម្មចំការដូងទើបកម្លាំងព័ទ្ធចាប់បានជនសង្ស័យភ្លាមៗតែម្តងទៅ ។
លោក ជឹម ស៉ីថា វរសេនីយ៍ទោ ប្រចាំខណ្ឌដង្កោបានបញ្ចាក់ឲ្យដឹកថា ក្រោយពីសមត្ថកិច្ចរបស់លោកបានប្រគល់សម្ភារដែលវត្ថុតាំងដែលជនសង្ស័យឆក់បាននោះទៅអោយម្ចាស់ដើមវិញ ចំណែកជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ។
ហើយក្នុងការប្រតិបត្តិការណ៍នេះរូបលោកបានឧបត្ថម្ភ ថវិកា ចំនួន ៤០ ម៉ឺនរៀល នឹងលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោឧបត្ថម្ភ៦០ ម៉ឺនរៀល ជូនដល់កម្លាំងក្រោមឱវាទ ជាការលើកទឹកចិត្តនិងគំរូដល់ដ៏ល្អក្នុងការងារផងដែរ៕
ដោយ៖ ភារ៉ា ដង្កោ