កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនក្រុមអង្គការចាត់តាំង៩នាក់, ក្រុមនេះដឹកជញ្ជូនជនជាតិចិនពីកន្លែងអនឡាញខេត្តព្រះសីហនុ ទៅទីតាំងជ្រៃធំ ខេត្តកណ្តាល និងត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បើកប្រតិបត្តិការបង្ក្រាបករណីចាប់ឃុំឃាំង លក់ដូរមនុស្ស ដែលមានអង្គការចាត់តាំងច្បាស់លាស់ដោយចាប់ខ្លួនជនល្មើស៩នាក់, ក្រុមនេះដឹកជញ្ជូនជនជាតិចិនពីកន្លែងអនឡាញខេត្តព្រះសីហនុ ទៅទីតាំងជ្រៃធំ ខេត្តកណ្តាល និងត្រពាំងថ្លុង ខេត្តត្បូងឃ្មុំ។

ក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស, លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ដោយមានការសម្របសម្រួលពីតំណាងអយ្យការ បានបើកប្រតិបត្តិការបង្ក្រាប ករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់, អំពើលក់ដូរមនុស្ស, ប្រើប្រាស់ដោយខុសច្បាប់នូវសំលៀកបំពាក់ជាអាទិ៍សម្រាប់អាជ្ញាធរសារធារណៈ (អាវយឺតមានសញ្ញា អ.ហ) ប្រព្រឹត្ដនៅចំណុចក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ខេត្ដត្បូងឃ្មុំ និងខេត្តកណ្ដាល កាលពីអំឡុងខែមីនា រហូតដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។

របាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តព្រះសីហនុ បានឲ្យដឹងថា តាមការស្រាវជ្រាវ និងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ, ជនសង្ស័យគឺជាក្រុមដឹកជញ្ជូនមនុស្ស (ជនជាតិចិន) ចេញពីទីតាំងអនឡាញខេត្ដព្រះសីហនុ ដឹកទៅទីតាំងជ្រៃធំ ខេត្ដកណ្ដាល និងត្រពាំងថ្លុង ខេត្ដត្បូងឃ្មុំ ដោយមានការរៀបចំដូចជា៖ ក្រុមការពារ ចំនួន២នាក់ អ្នកបើកបរម្នាក់ និងក្រុមមើលផ្លូវ (គ្រុបក្នុងតេឡេក្រាម) និងប្រើវិទ្យុទាក់ទងគ្នា ហើយពេលធ្វើដំណើរគោលការណ៍គឺមិនឱ្យឈប់តាមផ្លូវ (នោមដាក់កាដុង ឬដបទឹកសុទ្ធ) និងពេលមនុស្ស (ជនជាតិចិន) ឡើងចូលក្នុងរថយន្ដ គឺឡុកសោ និងទាក់ទងគ្នាតាមគ្រុប និងវិទ្យុទាក់ទង ដោយមានជនជាតិចិនមួយក្រុមបាននាំជនជាតិចិនដូចគ្នា (ចិនម្នាក់ ឬ២នាក់) ចូលក្នុងរថយន្ដ ហើយពួកគេបានសួរទៅឈ្មោះ សៀវ ទី (ឈ្មោះក្នុងគ្រុប) ដែលប្រើប្រាស់គណនីធនាគារ ABA ឈ្មោះ AVID MI ថា បានបង់ប្រាក់ហើយនៅ ព្រោះមនុស្សចូលក្នុងរថយន្ដហើយ រួចមេខ្លោងឈ្មោះ សៀវ ទី ប្រាប់វិញថា ផ្ទេរប្រាក់ឱ្យគេ (ជនជាតិចិន) រួចហើយ ទើបដឹកមនុស្សចេញទៅ ដាក់តាមទីតាំងដែលបានកំណត់ ពេលដល់គោលដៅ គឺថតរូបរថយន្ដ និងមនុស្សចូលក្នុងគ្រុប ដើម្បីឱ្យហ្សូនបើកទ្វារឱ្យចូល បន្ទាប់ពីជោគជ័យគឺមកស្នាក់នៅផ្ទះជួលនៅម្ដុំសង្កាត់លេខ១ ក្រុងព្រះសីហនុវិញ ដើម្បីរង់ចាំដឹកជញ្ជូនមនុស្សបន្ដទៀត។

រាល់សកម្មភាព គឺពួកគេបានដឹកមនុស្ស (ជនជាតិចិន) ចេញពីគោលដៅខេត្ដព្រះសីហនុ ទៅគោលដៅជ្រៃធំ និងត្រពាំងថ្លុង ប្រហែល ១០ទៅ ២០ដងមកហើយ ដោយពួកគេស៊ីប្រាក់ខែពីថៅកែជនជាតិចិន តែបើកលុយពីឈ្មោះ សៀវ ទី ក្នុង១ខែ ម្នាក់៧០០ដុល្លារ ប៉ុន្ដែពេលដឹក១ជើង អ្នកបើកបរបាន៣០ដុល្លារ និងសន្ដិសុខធ្វើអ្នកការពារ ២០ដុល្លារបន្ថែមលើប្រាក់ខែ។

ចំពោះជនសង្ស័យទាំង៩នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី។ មហាជនសង្ឃឹមថា តុលាការនឹងដាក់ទោសឲ្យធ្ងន់ធ្ងរចំពោះក្រុមជនល្មើសទាំងនេះ ហើយកម្លាំងជំនាញតាមចាប់មេក្លោងនៅពីក្រោយបន្តទៀតឲ្យបាន ដើម្បីយកមកដាក់ទោស។ តាមពិត បទល្មើសនេះមិនគួរឱ្យកើតមានដល់មានអង្គការចាត់តាំងបែបនេះសោះ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print