ជីវភាពរាល់ថ្ងៃរបស់ប្រជាជនចាស់ និងប្រជាជនថ្មីគ្រប់គ្នាកាន់តែយ៉ាប់យ៉ឺនទៅហើយ។ រូបកាយម្នាក់ៗ នៅតែស្បែកដណ្ដប់ឆ្អឹង ស្គមស្គាំងស្លេកស្លាំង គ្មានកម្លាំងកំហែងទេ។ សេចក្តីទុក្ខវេទនា សេចក្តីព្រាត់ប្រាស់កំព្រាគ្រប់រូបភាពបានក្លាយទៅជាទិដ្ឋភាព និងទម្លាប់ដ៏សាមញ្ញនៅក្នុងក្រសែភ្នែករបស់អង្គការ ហើយនៅតែអូសបន្លាយក្នុងស្មារតីរបស់ប្រជាជនទូទាំងប្រទេស។
យប់នេះ ខែរះភ្លឺចាំងច្បាស់ឆ្លុះមកលើភពផែនដីដែលពោរពេញដោយភាពអយុត្តិធម៌។ រាត្រីនេះនៅផ្ទះរបស់យាយ លុច មានសភាពស្ងាត់ស្ងៀមបង្កប់ដោយភាពរីករាយក្នុងចិត្តដោយសារតែកូនប្រុសច្បងរបស់គាត់បានមកលេងជាមួយម្ដាយ និងប្អូនៗក្រោយពីបានបែកគ្នាទៅធ្វើការជាចុងភៅអស់មួយរយៈពេលយូរមក។
យាយលុច÷ កូនយឿនឡើងមកលើផ្ទះមកកូន។ យាយលុចនិយាយទាំងរំភើប ព្រោះបានជួបមុខកូន។
កូនយឿន÷ បាទម៉ែ កូនឡើងទៅឥឡូវហើយ។ មកអាអូន មីអូនបងនឹកពួកឯងណាស់។
បងប្រុស÷ បងប្រិសខ្ញុំនឹកបងណាស់។ ខ្ញុំស្មានតែមិនបានជួបបងទេ។ ប្អូនប្រុសនិយាយដោយក្តីរំភើប និងយំឱបបងប្រុស។
ប្អូនស្រី÷ បងប្រុសបងដេកនៅផ្ទះដែរឬទេ ខ្ញុំចង់ដេកជុំជាមួយបងប្រុស និងម៉ែណាស់។ ប្អូនស្រីនិយាយផងខ្ញុំផង។
កូនយឿន÷ ម៉ែខ្ញុំមិនបានដេកនៅផ្ទះទេ ព្រោះខ្ញុំត្រូវត្រឡប់ទៅកន្លែងវិញខ្លាចថ្នាក់លើដឹងនឹងចាប់កំហុសមានរឿងជាមិនខាន។
យាយលុច÷ មិនអីទេកូនប្រុសបានឃើញមុខកូនប៉ុណ្ណឹងម៉ែសប្បាយចិត្តដែរ។ កូនត្រូវថែរក្សាខ្លួនផងណាកូន។ យាយ លុច យំរៀបរាប់ខ្សឹលខ្សួលហាក់មិនចង់ឱ្យកូនប្រុសត្រឡប់ទៅវិញទេ។
ក្រោយពីកូនប្រុសច្បងត្រឡប់ទៅធ្វើការតាមការចាត់តាំងលើកនោះមក កូន សុខ ដែលជាកូនប្រុសច្បងបន្ទាប់ បានធ្លាក់ខ្លួនឈឺញ៉ាំធ្ងន់ធ្ងរដោយមិនដឹងពីមូលហេតុឡើយ។ ទោះបីជាការព្យាបាលដោយថ្នាំខ្មែរយ៉ាងណាក៏នៅតែមិនបានជាសះស្បើយឡើយ។ សុខ ធ្លាក់ខ្លួនឈឺតែកន្លះខែប៉ុណ្ណោះក៏បានស្លាប់ចោលម្ដាយនិងប្អូនស្រីដ៏កម្សត់ទៀត។ ការបាត់បង់កូនប្រុសលើកនេះពិតជាធ្វើឲ្យយាយ លុច ខូចចិត្តកាន់តែខ្លាំង។ ទោះបីជាត្រូវខូចចិត្តយ៉ាងណាក៏ដោយ ក៏យាយ លុច នៅតែរឹងមាំជានិច្ចដើម្បីប្រឈមនឹងការរស់នៅក្នុងស្បៃងងឹតនេះ។
កូនយឿន÷ ម៉ែ!ម៉ែ!ហេតុអ្វីប្អូនប្រុសទៅចោលខ្ញុំ។ យឿន និយាយរួចយំមកឱបម្ដាយ។
យាយលុច÷ កូនប្រុសកុំយំអីកូនសុខ ប្អូនរបស់កូនទៅបានសុខហើយ។ ម្ដាយនិយាយលួងលោមកូនយ៉ាងផ្អែមល្ហែម និងរឹងមាំ តែក្នុងចិត្តស្ទើរតែផុតដង្ហើមហើយ។
មានពេលមួយ អង្គការបានឲ្យយឿន មករស់នៅជុំគ្រួសារវិញ។សេចក្តីស្រេកឃ្លានពីមួយថ្ងៃទៅមួយថ្ងៃ បានធ្វើឲ្យយាយលុចហ៊ានប្រថុយប្រថានលួចទៅសុំស្រូវអង្គរបងប្អូននៅស្រុកលើបានមួយកញ្ជើដើម្បីយកមកទុកឱ្យកូនប្រុសកូនស្រីរបស់គាត់។ ប៉ុន្តែព្រៃមានត្រចៀកពិតមែនគ្រាន់តែយាយលុច យកស្រូវមកដល់ផ្ទះភ្លាមមេភូមិក៏មកដល់ដែរ។ មេភូមិនោះបានប្រាប់យាយលុចថា អង្គការដឹងរឿងអស់ហើយ ស្អែកនេះនឹងមកយកយាយលុចឯងហើយ។ គ្រាន់តែឮប៉ុណ្ណឹងភ្លាម យាយលុចភ័យញ័រដូចកូនសត្វត្រូវទឹក ព្រោះដឹងខ្លួនថានឹងត្រូវស្លាប់ចោលកូននៅថ្ងៃស្អែកនេះហើយ។
* បុណ្យជួយ÷
ដោយសារសេចក្តីភ័យខ្លាចនេះហើយធ្វើឲ្យយាយ លុច ធ្លាក់ខ្លួនឈឺខ្លាំងភ្លាមៗត្រូវបញ្ជូនទៅសង្គ្រោះនៅស្រុកស្ទោងយ៉ាងលឿនបំផុត។ ការបញ្ជូនត្រឹមនេះក៏មិនអាចជួយយាយលុចបានដែរ។ សំណាងល្អ អង្គការត្រូវបញ្ជូនយាយ លុច ចេញទៅធ្វើចំការដំឡូងជាមួយប្រជាកសិករនៅខេត្តកំពង់ចាមទៀត។ ចំណែកឯ យឿន ដែលមកតាមយាយ លុច ត្រូវបែកពីម្ដាយត្រឹមស្រុកស្ទោងហើយបានដើររសាត់អណ្ដែតទាំងមិនដឹងទិសតំបន់ទៅរកយាយ លឿន នៅភូមិចេកដែលត្រូវជាម្ដាយមីងរបស់យាយ លុច។
ព្រលឹមស្អែកក៏មកដល់ កូនឈ្លបបានមកចាប់យាយលុចដូចតាមេភូមិនិយាយមែន ប៉ុន្តែមេភូមិបានប្រាប់ទៅកងឈ្លបវិញថា យាយលុច ធ្លាក់ជិតស្លាប់ហើយ មិនបាច់ចាប់នោះទេ ពីព្រោះមិនយូរទេ យាយលុច នឹងស្លាប់មិនខានឡើយ។ រឿងរ៉ាវរបស់យាយលុច ពេលនោះក៏ត្រូវបញ្ចប់។ តាមពិត យាយលុចពិតជាឈឺមែន ប៉ុន្តែតាមេភូមិបានយកឱកាសនេះមកជួយបញ្ជៀសយាយលុចចេញឲ្យផុត ដើម្បីសង្គ្រោះជីវិតឲ្យគាត់ពីសេចក្តីស្លាប់។
ក្រោយភ្លៀងមេឃពិតជាស្រឡះ ពពកអួរអាប់ក៏ចាប់ផ្ដើមរសាត់ផាត់តាមខ្យល់ បន្សល់តែភាពស្រស់បំព្រងនៃជីវិតរបស់ ប្រជាជនគ្រប់រូបដែលបានរួចផុតពីក្រញ៉ាំរបស់ពួកសត្វគ្មានសាសនា។ នៅតាមភូមិទូទាំងប្រទេសកម្ពុជា ក៏ចាប់ផ្ដើមមានសេរីភាពក្នុងការរស់នៅឡើងវិញ។សង្គមក៏ចាប់ផ្ដើមមានការចាយលុយ មានសាសនា មានទំនៀមទម្លាប់ ប្រពៃណី វប្បធម៌និងមានគ្រប់យ៉ាងឡើងវិញ។
ជីវិតជួបព្យុះភ្លៀងបោកបក់យ៉ាងខ្លាំង យាយលុច ត្រូវបានធម្មជាតិផ្ដល់វាសនាឲ្យស្រស់បំព្រងដូចមនុស្សផ្សេងៗទៀតដែរ។ យាយ លុច បានរស់នៅជួបជុំ យឿន និងកូនស្រីពៅយ៉ាងសុខសប្បាយចាប់តាំងពីពេលនោះមក។ ប៉ុន្តែចិត្តរបស់យាយលុច នៅតែនឹកដល់ប្ដី និងកូនប្រុសស្រីដែលស្លាប់យ៉ាងអាល័យបំផុត។
ជីវិតរបស់យាយ លុច ជាស្ត្រីមេម៉ាយរស់នៅជាមួយកូនប្រុសស្រីពីរនាក់ក៏ពិតមែន ប៉ុន្តែយាយលុច មិនដែលបាត់បង់សេចក្តីសង្ឃឹមម្ដងណាឡើយ។ ផ្ទុយទៅវិញ យាយលុច ខិតខំប្រឹងប្រែងពុះពារឧបសគ្គគ្រប់បែបយ៉ាង ដោយមិនរួញរា និងមិនខ្លាចនឿយហត់ឡើយ។ រឿងរ៉ាវគ្រប់យ៉ាងត្រូវបានផ្លាស់ប្ដូរទាំងស្រុង វាសនារបស់យាយ លុច ក៏ត្រូវកែប្រែពីភាពកម្សត់ទុរគតមកភាពសប្បាយរីករាយជាមួយជីវភាពដ៏សាមញ្ញនៃជីវិតអ្នកស្រែចម្ការ៕(ចប់ដោយបរិបូណ៌)
