អន្តរជាតិ ៖ យោងតាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីនកាលពីថ្ងៃទី២០ខែកក្កដាឱ្យដឹងថា កងទ័ពអ៊ីស្រាអែលបានវាយប្រហារលើក្រុមមនុស្សដែលកំពុងរង់ចាំទទួលសម្ភារៈជំនួយនៅភាគពាយព្យនៃទីក្រុងហ្កាហ្សានៅព្រឹកថ្ងៃដដែល ដែលបានបណ្តាលឱ្យមនុស្ស៥៨នាក់ស្លាប់បាត់បង់ជីវិត និងយ៉ាងហោចណាស់៦០នាក់ទៀតរងរបួស។
ការផ្សាយដំណឹងបានដកស្រង់ពាក្យសម្តីរបស់អ្នកដឹងហេតុការណ៍ថា នៅពេលកើតហេតុ ជនស៊ីវិលប៉ាឡេស្ទីនជាច្រើនបានជួបជុំគ្នានៅទីតាំងចែកចាយសម្ភារៈជំនួយ ហើយកងទ័ពអ៊ីស្រាអែលបានបាញ់ប្រហារទៅលើក្រុមមនុស្សទាំងនេះ ដែលបណ្តាលឱ្យមានមនុស្សយ៉ាងច្រើនស្លាប់និងរងរបួស។
យោងតាមទិន្នន័យដែលចេញផ្សាយដោយស្ថាប័នសុខាភិបាលតំបន់ហ្កាហ្សាកាលពីថ្ងៃទី២០ខែកក្កដាឱ្យដឹងថា ចាប់តាំងពីអ៊ីស្រាអែលបានធ្វើប្រតិបត្តិការយោធានៅតំបន់ហ្កាហ្សាឡើងវិញនៅថ្ងៃទី១៨ខែមីនាមក បានបណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់៨០៦៦នាក់ស្លាប់បាត់បង់ជីវិត និង ២៨៩៣៩ នាក់រងរបួស៕
ប្រភព ៖ «CCFR China state-controlled media »