ភ្នំពេញ៖ បុរសជាតៃកុងរថយន្តFUSOម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈរួបគាត់បានឈរលាងឡានហើយរអិលជើងធ្លាក់ពីលើប៉ុងផ្ងាក្រោយ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅចំណុចការ៉ាលាងឡាន យីហោ ផាម៉ូល លាងរថយន្តតូចធំ តាមបណ្តោយផ្លូវអូឌឹមកប់ស្រួវ ភូមិសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះប៉ុនធឿន ភេទប្រុស អាយុ៣៤មុខរបរបើករថយន្ត ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកវាលរិញ ខេត្តព្រះសីហនុ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានយករថយន្តរបស់ខ្លួនលាងកន្លែងការដ្ឋានដែលជាកន្លែងស្នាក់នៅខណៈឈរបាញ់ទឹកលាងស្រាប់តែរអិលជើងដួលផ្ងាក្រោយដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុដោយមិនអស់ចិត្តក៏បានហៅរថយន្តសង្គ្រោះមកពិនិត្យជាក់ស្តែងតែដោយអកុសល់ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។
តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះស្លាប់សង្ស័យពេលដួលផ្ងាក្រោយដាច់សរសៃឈាមទើបស្លាប់បែបនេះ៕
ដោយ៖ សុខាសែនជ័យ
...